រូបសំណាកនាងគង្ហីង នឹងត្រូវរំកិលចេញពីទីតាំងចាស់ និងលើកខ្ពស់ជាងមុន ២ម៉ែត្រ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / រូបសំណាកនាងគង្ហីង នឹងត្រូវរំកិលចេញពីទីតាំងចាស់ និងលើកខ្ពស់ជាងមុន ២ម៉ែត្រ

រូបសំណាកនាងគង្ហីង នឹងត្រូវរំកិលចេញពីទីតាំងចាស់ និងលើកខ្ពស់ជាងមុន ២ម៉ែត្រ

ក្រោយចុះពិនិត្យស្ថានភាពចរាចរណ៍ជាក់ស្ដែងនៅចំណុចភ្លើងស្ដុបនាងគង្ហីង រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរំកិលរូបសំណាក់នាងគង្ហីងពីទីតាំងចាស់ ទៅដាក់នៅចំណុចសួនមុខស្ថានីយប្រេងឥន្ធនៈតូតាល់វិញ។ នេះបើតាមហ្វេសប៊ុកផេករបស់​រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបាន​បញ្ជាក់​ថា ការ​រំកិលរូបសំណាក់នាងគង្ហីងនេះ គឺដើម្បីលើកកម្ពស់សោភ័ណ្ឌភាពរូបសំណាក់ និងលើកកម្ពស់រូបសំណាក់ឲ្យខ្ពស់ជាងទីតាំងចាស់ និងកែលម្អលំហូរផ្លូវបត់ស្ដាំនៅត្រង់ចំណុចផ្លូវប្រសព្វរវាងវិថីទេពផន និងកែងមហាវិថីព្រះមុនីរ៉េត។

ពាក់ព័ន្ធនឹងការរំកិលរូបសំណាក់នាងគង្ហីង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​បញ្ជាក់​ប្រាប់វិទ្យុជាតិកម្ពុជាថា “ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់នាងគង្ហីង នឹងមានការលើកកម្ពស់ពី ៥,៥ម៉ែត្រ ឡើងទៅ​ដល់ ៧,៥ម៉ែត្រ”។

អំឡុងពេលចុះពិនិត្យស្ថានភាពចរាចរណ៍ជាក់ស្ដែងនៅចំណុចភ្លើងស្ដុបនាងគង្ហីងនោះ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបន្ថែមភ្លើងបំភ្លឺក្រោមស្ពានថ្មើរជើង និងបន្ថែមស្ដុបមួយបង្គោលបន្ថែមទៀត។

ករណីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត៕

អំពី King Chanveasna

អតិថិជនរបស់យើង

ដៃគូរបស់យើង