កម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោកនៅខេត្តកំពង់ស្ពឺ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / កម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោកនៅខេត្តកំពង់ស្ពឺ

កម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោកនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: តាមរយៈ​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប និង​ក្រុមហ៊ុន YAMAMOTO ROCK PRODUCTS Co., ltd របស់​ប្រទេស​ជប៉ុន គ្រោង​នឹង​បង្កើត​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក​ ជា​លើកដំបូង​បំផុត​នៅលើ​ទឹកដី​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយមាន​អភិបាលខេត្ត​គាំទ្រយ៉ាង​ពេញទំហឹង។

យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី បង្ហាញថា វេលា​ម៉ោង៥ល្ងាច​ថ្ងៃ​ចន្ទ​ទី៧ ខែមករា ឆ្នាំ២០១៩ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គំរោង​សហប្រតិបត្តិការ​អាជីវ​កម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់​ថ្នាក់​​លេខ​ពីរ​លើ​ពិភពលោក ជា​លើកដំបូង​បំផុត​នៅលើ​ទឹកដី​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រុវបានចុះហត្ថលេខារវាង​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប ជាមួយនិង​ក្រុមហ៊ុន YAMAMOTO ROCK PRODUCTS Co., ltd។

ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី បន្តថា គំរោង កីឡា​យានយន្ត​នេះ មិនសូវ​បានទទួល​ប្រាក់ចំណេញ​ច្រើន​ទេ តែ​វា​នឹង​អាច​ធ្វើជា​ស្ពាន​ចម្ល​ង​ឲ្យ​បាន​ផ្សា​ផ្ជា​ប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​ប្រទេស​ទាំងពីរ​គឺ កម្ពុជា និង ជប៉ុន​រួម​ជាមួយនឹង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដែល​ប្រជាជន​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះ​ផងដែរ។

ក្នុងនោះ ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី បន្ថែមថា ក្រុមហ៊ុន​របស់លោក Yamamoto មាន​ទីលានប្រណាំង​រថ​យន្ត​ដូច​ខាងលើនេះ​មួយកន្លែង​នៅ​ប្រទេស​ជប៉ុន​ដែលមាន​អាយុកាល១៦ឆ្នាំ​រួចមកហើយ យោងតាម​បទពិសោធន៍​នេះ​ក្រុមហ៊ុន​ទាំង​ពីរបាន​ឯកភាពគ្នា ចាប់ផ្តើម​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​អស់​រយៈពេល៧ខែ​កន្លងផុត​ទៅហើយ ទើបតែ​បានរៀបចំ​កិច្ចព្រមព្រៀង​ដើម្បី​ចុះហត្ថលេខា​នៅថ្ងៃនេះ ដោយសារ​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​កាន់តែ​មាន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា ឯកឧត្តម​មិនបាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​គ្នា​នេះ​ទេ ប៉ុន្ដែ​ឯកឧត្តម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​ឲ្យ​មាន​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក​នេះ​។

ឯកឧត្តម​បន្តថា ការបង្កើត​នេះ នឹងធ្វើ​ឲ្យ​ខេត្តកំពង់ស្ពឺ និង​ប្រទេស​កម្ពុជា​ទាំងមូល​ល្បីល្បាញ​កាន់តែខ្លាំង ខណៈដែល​កម្ពុជា​កំពុងមាន​សុខសន្ដិភាព ព្រោះ​ប្រសិនបើ​ប្រទេសជាតិ​គ្មាន​សន្ដិភាព​ទេ បរទេស​នឹងមិន​ហ៊ាន​មកលេង ឬ​វិនិយោគ​នៅ​​ប្រទេស​នោះទេ។

ឯកឧត្តម​បាន​បញ្ជាក់ថា៖«នេះ​ជា​កេ​ត្តិ​យស​ជាតិ​ខ្លាំងណាស់ ព្រោះ​កម្ពុ​ជាមាន​សុខសន្ដិភាព ហើយ​ពួក​អ្នក​ប្រណាំង​ឡាន​​អស់ហ្នឹង គេ​មិនដែល​ទៅ​ប្រណាំង​នៅ​ប្រទេស​មាន​សង្គ្រាម​ទេ។ អ្នក​ប្រណាំង​ឡាន​អស់ហ្នឹង គេ​មករក​កន្លែង​កម្សា​ន្ដ​ផង គេ​មក​ចង់​ស្គាល់​ស្រុកទេស​យើង​ផង។ អ៊ីចឹង ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​តែម្ដង ខ្ញុំ​លឺអ៊ីចឹងៗ ខ្ញុំ​សប្បាយចិត្ត​ណាស់​»​៕

អំពី Soth Koemsoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង