ខេត្តព្រះសីហនុ កំពុងដុះឡើងនូវសំណង់អគារខ្ពស់ៗជាង ១០០គម្រោង – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ខេត្តព្រះសីហនុ កំពុងដុះឡើងនូវសំណង់អគារខ្ពស់ៗជាង ១០០គម្រោង

ខេត្តព្រះសីហនុ កំពុងដុះឡើងនូវសំណង់អគារខ្ពស់ៗជាង ១០០គម្រោង

ព្រះស៊ីហនុ៖ ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ​របស់​កម្ពុជា កំពុងដុះឡើងនូវសំណង់អគារដែលមានកម្ពស់ចាប់ពី ៥ជាន់ឡើង ចំនួន ១១៧គម្រោង ដោយ​គិតពីឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៨។ នេះបើយោងតាមបទអន្តរាគមន៍ស្ដីពីបទពិសោធន៍នៃការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ របស់​លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ​២០១៨​ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីចុងឆ្នាំ២០១៨។

យោងតាមបទអន្តរាគមន៍របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បាន​ឲ្យដឹងថា នៅ​ក្នុងឆ្នាំ​២០១៨ នៅ​ខេត្តព្រះសីហនុមាន​សំណង់អគារដែលមាន​កម្ពស់ចាប់ពី ៥ជាន់ឡើង ចំនួន ៦០​គម្រោង។

ចំណែក​បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា វិស័យសំណង់ក្នុងខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសំណង់ខ្ពស់ៗបានលេចរូបរាងឡើងក្នុងឆ្នាំ២០១៨នេះ រួមមាន សំណង់ដែល​មាន​កម្ពស់ចាប់ពី ១០ជាន់ដល់ ១៩ជាន់មានចំនួន ២៣គម្រោង សំណង់កម្ពស់ចាប់ពី ២០ជាន់ដល់ ២៩ជាន់មាន ០៣គម្រោង និងសំណង់​​កម្ពស់ចាប់​ពី ៣០ជាន់​ដល់ ៣៩ជាន់មានចំនួន ០២គម្រោង។

នៅក្នុងឆ្នាំ​២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតសាងសង់ដែលនៅក្រោមសមត្ថកិច្ចរបស់ក្រសួង ចំនួន ៥៤គម្រោងនៅក្នុងខេត្តព្រះសីហនុ ដោយមាន​ទុនវិនិយោគ​ប្រមាណ ៩៦៤,២៣លានដុល្លារ និងផ្ទៃក្រឡាសំណជាង ១,៥ លានម៉ែត្រការ៉េ។ ក្នុង​នោះ សំណង់ពាណិជ្ជកម្ម មានចំនួន ២៩គម្រោង សំណង់ទេសចរណ៍ ១០គម្រោង សំណង់លំនៅឋាន ១០គម្រោង សំណង់ឧស្សាហកម្ម ៣គម្រោង សំណង់វិនិយោគ ១គម្រោង និងសំណង់សាធារណៈមិនមែនរបស់រដ្ឋ ១គម្រោង។

សូមបញ្ជាក់​ថា បើតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨​ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹម​ចុងឆ្នាំ​២០១៨ ​កម្ពុជាមាន​សំណង់​អគារ​ខ្ពស់ជាង ៥​ជាន់​ឡើង ចំនួន ១.២១៧អគារ ដោយ​ក្នុង​នោះ នៅ​រាជធានីភ្នំពេញ​មាន​ចំនួន ១.១០០ទីតាំង និង​នៅ​ខេត្តព្រះសីហនុ​មាន​ចំនួន ១១៧ទីតាំង៕

អំពី King Chanveasna