ចង់ទទួលបានច្បាប់សាងសង់ សំណង់ទាំងឡាយត្រូវមានប្រព័ន្ធចម្រោះទឹកកខ្វក់ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ចង់ទទួលបានច្បាប់សាងសង់ សំណង់ទាំងឡាយត្រូវមានប្រព័ន្ធចម្រោះទឹកកខ្វក់

ចង់ទទួលបានច្បាប់សាងសង់ សំណង់ទាំងឡាយត្រូវមានប្រព័ន្ធចម្រោះទឹកកខ្វក់

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាដល់ប្រធានមន្ទីររៀបចំដែនដីរាជធានី ខេត្តទាំងអស់ ហាមដាច់ខាតមិនត្រូវចុះហត្ថលេខាឲ្យក្រុមហ៊ុនសាងសង់សំណង់បូរី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ឬតំបន់សម្រាកលំហែកាយនៅតាមតំបន់ទេសចរណ៍ បើមិនបានភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូសម្រាប់​ធ្វើប្រព្រឹត្តកម្មទឹកកង្វក់ជាមុនសិននោះ។ នេះបើតាមការចុះផ្សាយ​របស់គេហទំព័រក្រសួងព័ត៌មាន កាលពី​ថ្ងៃ​ទី៣ ខែមករា ២០១៩។

 

ជាងនេះទៅទៀត លោក​រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បាន​ព្រមានថា ប្រសិនបើប្រធានមន្ទីរ ឬមន្រ្តីក្រោមឱវាទរូបណាហ៊ានចុះហត្ថលេខាដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធចំរុះទឹកសម្អុយនោះទេ នឹងត្រូវប្រឈមមុខទទួលខុសត្រុវចំពោះមុខច្បាប់។

ការជំរុញឲ្យមន្រ្តីរបស់ខ្លួនពង្រឹងការគ្រប់គ្រងការស្ថាបនាប្រព័ន្ធចំរុះទឹកសម្អុយមុនបង្ហូរដោយផ្ទាល់ចូលទៅក្នុងលូមេ​សាធារណៈ ឬទឹកទន្លេ ទឹកសមុទ្រ ស្ទឹង បឹងបួរនោះ បាន​ធ្វើឡើង​បន្ទាប់ពីខេត្តទេសចរណ៍មួយចំនួន ពិសេសនៅខេត្តព្រះសីហនុដោយគ្រប់ប្រព័ន្ធលូទាំងអស់ត្រូវបានបង្ហូរចូលក្នុងសមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រមានខ្លិនស្អុយ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរជាតិ-អន្តរជាតិផង​ដែរ។

ឯកឧត្តម ជា សុផារ៉ា បាន​ថ្លែង​ថា៖ “ជាជំហានទី១ ត្រូវដោះស្រាយទឹកកខ្វក់កុំឲ្យហូរចូលសមុទ្រ។ ជំហានទី២ គ្រប់ការដ្ឋានថ្មី មុននឹងទទួលសំណើរត្រូវមើលការដ្ឋានទាំងនោះឲ្យរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ចេញសិន ទើបទទួលយកឯកសារយកមកពិនិត្យ នេះគឺជាលក្ខខណ្ឌគ្រប់សណ្ឋាគារ អាហារដ្ឋាន និងបុរីលំនៅឋាន ត្រូវតែធ្វើប្លង់ប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យហើយសិន ទើបសុំយកឯកសារនោះមកពិនិត្យនៅក្រសួង។ ហើយជំហានទី២ គ្រប់លំនៅដ្ឋានឯកជនទាំងអស់ ត្រូវខិតខំរកក្រុមហ៊ុនដើម្បីកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់តាមគ្រួសារ”។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធចំរុះទឹកសម្អុយនេះ លោក ជិន សេង អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុបានឲ្យដឹងថា អង្គភាពជំនាញនៅក្នុងខេត្តព្រះសីហនុបានសម្រេចសាងសង់ស្ថានីយ៍បូមទឹក និងចំរុះទឹកស្អុយចំនួន ៤កន្លែង ដើម្បីបញ្ចៀសការបង្ហូរទឹកស្អុយចូលក្នុងសមុទ្រដោយផ្ទាល់ ដើម្បីការពារបរិស្ថាន និងធានាឲ្យឆ្នេរសមុទ្រកម្ពុជានៅតែបន្ដជាឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទឹកស្អុយនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាង ៣លានដុល្លា ដើម្បីសាងសង់អាងប្រព្រឹត្តកម្មចំរុះទឹកសម្អុយ មុនបង្ហូរចូលសមុទ្រ ដោយគ្រោងស្ថាបនាឲ្យរួចរាល់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅលេងខេត្តព្រះសីហនុអោយបានច្រើនកុះករបន្ថែមទៀត៕

អំពី King Chanveasna