ការដ្ឋានសាងសង់ ៧១គម្រោង ត្រូវបានបិទនៅឆ្នាំ២០១៨ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ការដ្ឋានសាងសង់ ៧១គម្រោង ត្រូវបានបិទនៅឆ្នាំ២០១៨

ការដ្ឋានសាងសង់ ៧១គម្រោង ត្រូវបានបិទនៅឆ្នាំ២០១៨

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតបិទការដ្ឋានសាងសង់បានចំនួន ៧១គម្រោង នៅ​ក្នុងឆ្នាំ​២០១៨ នេះបើតាមរបាយការណ៍បូកសរុបការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយ​កាលពី​ចុងឆ្នាំ​២០១៨។

របាយការណ៍នេះ​បាន​បញ្ជាក់​ទៀត​ថា ក្រសួង​ក៏បាន​ផ្ដល់​លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់បាន​ចំនួន ១៣៣​គម្រោង និង​ផ្ដល់លិខិតអនុញ្ញាតជួសជុល​ចំនួន ១១​គម្រោងផងដែរ នៅ​ក្នុង​ឆ្នាំ​២០១៨។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះត្រួតពិនិត្យការដ្ឋានសាងសង់ចំនួន ២៣៨ការដ្ឋាន និង​បាន​ធ្វើការ​អប់រំ និងពន្យល់​ដល់​ម្ចាស់ការដ្ឋានសំណង់ ៧.៣២៨​នាក់ និង​បាន​ត្រួតពិនិត្យការដ្ឋានក្រោយមាន​ឧបទ្ទហេតុគ្រោះថ្នាក់ចំនួន ៣ករណី នៅ​រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តប៉ៃលិន នៅ​ក្នុង​ឆ្នាំ​២០១៨។ ក្រសួងរៀបចំដែនដី​ក៏បានចុះត្រួតពិនិត្យការបាក់រលំអគារផ្ទះល្វែង​នៅខេត្តសៀមរាប និង​ការបាក់រន្ទាទ្រពុម្ពកម្រាលជាន់ទី២៤ អគារស្នាក់នៅរួមនៅ​ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញផងដែរ។ ក្នុង​នោះ ក្រសួងបាន​រៀបចំក្រុមការងាររបស់អគ្គនាយកដ្ឋានសំណង់ ចំនួន ៥ក្រុម ដែល​ក្នុង​ ១ក្រុម មានចំនួន ៥នាក់ ដើម្បីចុះត្រួតពិនិត្យការដ្ឋានសំណង់។

ពាក់ព័ន្ធ​នឹង​បញ្ហាការងារដោះស្រាយវិវាទពាក់ព័ន្ធនឹងការងារសាងសង់ ក្រសួង​បាន​ទទួល​ពាក្យបណ្ដឹងទាក់ទង​នឹង​ការងារសាងសង់សរុបចំនួន ២៤​ករណី នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះបានដោះស្រាយបញ្ចប់​ចំនួន ៦ករណី បញ្ជូនទៅ​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី ខេត្ត ចំនួន ១ករណី បញ្ជូនទៅ​ស្ថាប័ន​តុលាការចំនួន ១ករណី និងកំពុងដោះស្រាយចំនួន ១៦ករណី។

សូមបញ្ជាក់​ថា គិតចាប់តាំងពីអនុវត្ត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្ដល់លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ចំនួន ១.៦១៧គម្រោង ផ្ដល់លិខិត​បិទការដ្ឋានសាងសង់ចំនួន ៦២៦គម្រោង និងផ្ដល់លិខិតអនុញ្ញាតជួសជុលចំនួន ១៥៨គម្រោង៕

អំពី King Chanveasna