អ្នកនាំពាក្យសាលាក្រុង៖ គ្មានគម្រោងវិនិយោគ និងផ្លាស់ប្ដូរផ្សារដើមគរទេ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / អ្នកនាំពាក្យសាលាក្រុង៖ គ្មានគម្រោងវិនិយោគ និងផ្លាស់ប្ដូរផ្សារដើមគរទេ

អ្នកនាំពាក្យសាលាក្រុង៖ គ្មានគម្រោងវិនិយោគ និងផ្លាស់ប្ដូរផ្សារដើមគរទេ

ភ្នំពេញ៖ បន្ទាប់ពីលេចធ្លាយព័ត៌មានជុំវិញការផ្លាស់ប្ដូរទីតាំងផ្សារដើមគរ អ្នកនាំពាក្យសាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានអះអាងថា ផ្សារដើមគរ នឹងគ្មានគម្រោងវិនិយោគ និងផ្លាល់ប្ដូរទីតាំងទេ បើទោះជាដីបឹងតាមោកចំនួន ២០ហិកតា ស្ថិត​សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​សម្រេចយកធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្តក៏ដោយ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា  បឹងតាមោកនឹងក្លាយជាទីតាំងផ្សារបោះដុំ និងលក់រាយនៅបន្លែ ផ្លែឈើ និងសាច់គ្រប់ប្រភេទនាពេលខាងមុខ។ ចំណែកផ្សារដើមគរ និងមិនមានគម្រោងរុះរើ ឬតម្រូវឲ្យជាជីវករទៅលក់ដូរនៅទីនោះដែរ។

លោកបន្តថា រាជរដ្ឋាភិបាលនឹងសាងសង់ផ្សារនៅបឹងតាមោកផ្សេងពីផ្សារដើមគរ ដែលជាកន្លែងផ្គត់ផ្គង់បន្លែផ្លែឈើ សាច់ និងចំណត់រថយន្តក្រុងធំជាងផ្សារដើមគរ ហើយផ្សារទាំងពីរអាចចល័តទំនិញ​ទៅវិញទៅមក។

លោក ភក្ដីបញ្ជាក់ថា៖«អត់មានទេ អត់មានការវិនិយោគផ្សារដើមគរទេ វាគឺជាផ្សារពីរផ្សេងគ្នា ផ្សារបឹងតាមោក គឺផ្សារបោះដុំបន្លែ ផ្លែឈើ និងចំណត់រថយន្តក្រុង វាអត់ពាក់ព័ន្ធផ្សារដើមគរទេ។ អាជីវករលក់ដូរនៅផ្សារដើមគរទាំងប៉ុន្មាន គឺគាត់នៅលក់ដូរធម្មតាទេ»។

អ្នកស្រី ឡេង ហេង ជាអាជីវករលក់ដូរបន្លែនៅផ្សារដើមគរបានឲ្យដឹងថា អ្នកស្រីមិនបានដឹងពីគម្រោង​ផែនការរបស់រដ្ឋាភិបាលច្បាស់ទេ ប៉ុន្ដែអ្នកស្រីសុំឲ្យរដ្ឋាភិបាលរក្សាផ្សារដើមគរដដែល ព្រោះបើរើទៅលក់នៅផ្សារបឹងតាមោកអាចនឹងពិបាកលក់ដូរ ដោយសារមិនទាន់មានមនុស្សរស់នៅអ៊ូរអរនៅឡើយ។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំមិនដឹងនិយាយថាមិនទេ សុំឲ្យសម្ដេចកុំរើផ្សារដើមគរអី ព្រោះបើទៅទីនោះប្រហែលជាលក់មិនដាច់ទេ។ ក្រៅពីហ្នឹង ខ្ញុំចាំមើលគេឯងទៅ បើគេរើទៅហ្នឹងអស់ហើយ អ៊ីចឹងមានតែទៅហ្នឹងនឹងគេដែរ»។

តាមសេចក្ដីជូនដំណឹងរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីដែលចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន អ៊ុយ ចុះកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨បានបង្ហាញ​ថា៖«រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ»។

ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងធ្វើចំណតរថយន្តនៅលើផ្ទៃដីបឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះ៕

អំពី Soth Koemsoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង