ផ្លូវក្រវ៉ាត់ក្រុងពីរខ្សែសាងសង់ខ្ទង់រយលានដុល្លារ នឹងបង្កើនសក្តានុពលវិនិយោគនៅកម្ពុជា – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ផ្លូវក្រវ៉ាត់ក្រុងពីរខ្សែសាងសង់ខ្ទង់រយលានដុល្លារ នឹងបង្កើនសក្តានុពលវិនិយោគនៅកម្ពុជា

ផ្លូវក្រវ៉ាត់ក្រុងពីរខ្សែសាងសង់ខ្ទង់រយលានដុល្លារ នឹងបង្កើនសក្តានុពលវិនិយោគនៅកម្ពុជា

រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានប្រកាសអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនសម្ព័ន្ធ “ផ្លូវក្រវ៉ាត់ក្រុង” ចំនួនពីរខ្សែហើយ ដែលខ្សែក្រវ៉ាត់ក្រុង​ទី២ កំពុងស្ថិតក្រោមការសាងសង់ ខណៈដែលគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែមករានេះ។ ​

ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ បាននឹងកំពុងសាងសង់ដោយបានចែកចេញជាពីរកំណាត់។ កំណាត់ទី១​ មានប្រវែង១០ គីឡូម៉ែត្រ​​ ដោយតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ (ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សីចំណាយ ១០ លានដុល្លារអាមេរិក បានដាក់ឲ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០១៧។ ចំណែកឯកំណាត់ទី២ តភ្ជាប់ ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារ​ដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២​ (ត្រង់ស្ពានព្រែកសំរោង តាខ្មៅ) ចំណាយ៦២ លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ។

ចំណែកឯផ្លូវក្រវ៉ាត់ក្រុង​ខ្សែទី៣ឯណោះវិញ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជាថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយ កាលពីម្សិលមិញ ដោយអះអាងថាគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងនេះនឹងត្រូវចាប់ផ្តើមបើកការ​ដ្ឋានសាងសង់នៅថ្ងៃទី១៤​ ខែមករាខាងមុខនេះហើយ​ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន។

គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងមួយនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥៩ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីដើមខែកក្កដា ឆ្នាំ២០១៨ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារនីហរ័ណ អាហរ័ណចិន។​​

ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤គន្លង ដោយមានទទឹងតួ​​ផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រក្នុងមួយគន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រក្នងមួយគន្លង។ ហើយចំនុចនៃការសាងសង់ផ្លូវក្រវ៉ាត់ដ៍ធំមួយនេះ នឹងចាប់ពីចំនុចផ្លូវជាតិលេខ៤ ម្តុំអូរដឹម ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ (គីឡូម៉ែត្រ លេខ២១+២០០) ហើយត្រូវកាត់ផ្លូវជាតិ លេខ២ (ចំណុចគីឡូម៉ែត្រលេខ ២២+៨០០) និងកាត់ផ្លូវ ជាតិលេខ២១ (គីឡូម៉ែត្រលេខ ១៨+ ៤០០) និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រផងដែរ។

តែយ៉ាងណា គម្រោង​សាងសង់ផ្លូវក្រវ៉ាត់ក្រុងចាយទុនខ្ទង់រយលានដុល្លារអាមេរិកនេះ នៅមិនទាន់ មានការកំណត់កាលបរិច្ចេទបញ្ចប់ការសាងសង់នៅឡើយនោះទេ។

គម្រោងសាង់សង់ផ្លូវក្រវ៉ាត់ក្រុងទាំងនេះ ប្រៀបដូចជាកោសិកាក្នុងការជួយជ្រោមជ្រែងខឿនសេដ្ឋកិច្ចកម្ពុជាដែលមិនអាចខ្វះបាន ហើយ​ក៏ត្រូវបានមន្រ្តី និងអ្នកជំនាញអះអាងថាផ្លូវក្រវ៉ាត់ក្រុងទាំងនេះនឹងបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ​ និងដឹកជញ្ជូន កន្លងមកបានថ្លែងថា៖​ ”ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជម្រុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។”

ឯកឧត្តមបានបន្តថា៖ “ទំនប់កប់ស្រូវ កំពុងមានការអភិវឌ្ឍខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកផ្គត់ផ្គង់ និងចែក​ចាយ​ទំនិញ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ (ផ្លូវជាតិលេខ១) និងទៅក្រុង​ហូជីមិញប្រទេសវៀតណាមផងដែរ។”

ចំណែកឯ មន្ត្រីនាំពាក្យក្រសួងសាធារការ​ និងដឹកជញ្ជូបាន លោក វ៉ា ស៊ីមសូរិយា ធ្លាប់បានថ្លែងឲ្យដឹងថា ការសាសង់ផ្លូវក្រវ៉ាត់ក្រុងគឹ​ដើម្បីតភ្ជាប់ពីច្រករបៀងមួយ ទៅកាន់ច្រករបៀងមួយផ្សេង​ទៀត ពោលគឺដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដូចជាផ្លូវជាតិលេខ ១,២,៣,៤ និង​ផ្លូវជាតិលេខ៥។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជក់ថា៖ “ផ្លូវក្រវ៉ាត់ក្រុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះចរាចរណ៍ក្នុ​ងរាជធានីភ្នំពេញ។”

បើតាមលោក សូរិយា ផ្លូវក្រវ៉ាត់ក្រុងខ្សែទី១ មិនត្រូវបានរាប់បញ្ចូលនោះទេ​ ពោលគឹរាប់ចាប់ពីខ្សែទី ២ ។

វត្តមាននៃផ្លូវក្រវ៉ាត់ក្រុងទាំងនេះមិនត្រឹមតែ​ កាត់បន្ថយនូវបញ្ហាស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ចូនប៉ុណ្ណោះទេ តែថែមទាំងបង្កើន ការវិនិយោគអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ជាយក្រុងផងដែរ។

លោក ងួន​ ឆាយលាង​ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer បានថ្លែងឲ្យដឹងដែរថា​ ការ​សាងសង់ផ្លូវក្រវ៉ាត់ក្រុងនេះបានរួមចំណែកការ​អភិវឌ្ឍន៍តំបន់ជាយក្រុង ដែលជម្រុញឲ្យមានការវិនិយោគលើវិស័យលំនៅឋានដូចជាបុរី និងផ្ទះល្វែងជាដើម។

ចំណែកឯលោក Yeok K. Foo អគ្គនាយកនៃគម្រោងអភិវឌ្ឍលំនៅឋាន ហ្គ្រេនភ្នំពេញ អ៊ិនធឺណេសិនណល ស៊ីធី ដែលស្ថិតក្នុងខណ្ឌសែនសុខ  បានលើកឡើងថា ការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងនេះពិតមានជាសារៈសំខាន់ណាស់ ក្នុការធ្វើដំណើពីជាយក្រុងទៅកាន់រាជធានីភ្នំពេញ ហើយក៏ជម្រុញអោយប្រជាជនទៅរស់នៅតំបន់ជាយក្រុងកាន់តែច្រើនផងដែរ។​

“មហាវិថីហាណូយ ដែលជាផ្នែកនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី២ ត្រូវបានអភិវឌ្ឍល្អប្រសើរ ហើយគម្រោងរបស់ហ្គ្រេនភ្នំពេញ ក៏ស្ថិតនៅតាមបណ្តោយមហាវិធីមួយនេះដែរ ដែលជម្រុញឲ្យកំណើនប្រជាជន មកទិញលំនៅឋានក្នុង​គម្រោង​របស់យើងខ្ញុំក៏ឃើញមានការកើនឡើងផងដែរ។”  នេះបើតាមប្រសាសន៍របស់លោក Yeok K. Foo ៕

 

អំពី Chhuth_Bunthoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង