SME Eco Park បោះទុន៥០លានដុល្លារ បង្កើតរោងចក្រកែច្នៃម្ហូបអាហារក្នុងស្រុក – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / SME Eco Park បោះទុន៥០លានដុល្លារ បង្កើតរោងចក្រកែច្នៃម្ហូបអាហារក្នុងស្រុក

SME Eco Park បោះទុន៥០លានដុល្លារ បង្កើតរោងចក្រកែច្នៃម្ហូបអាហារក្នុងស្រុក

កណ្ដាល: សួន​អេកូ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME Eco Park) បាន​នឹង​កំពុង​ចាប់ផ្តើម​បើក​ការដ្ឋាន​បុក​គ្រិះ ដើម្បី​តម្លើង​រូបរាង​បង្កើត​រោងចក្រ​កែ​ច្ឆៃ​ម្ហូប អាហារ និង​ថែរក្សា​សាច់ បន្លែ និង​ផ្លែឈើ​គ្រប់​ប្រភេទ បន្ទាប់ពី​បញ្ចប់​ការ​ចាក់​ដី​បំពេញ​រួចរាល់។ នេះ​បើតាម​លោក ទឹម សា​រ៉ុ​ម ស្ថាបនិក​ក្រុមហ៊ុន Khmer Foundation Investment Group (KFIG)។

សួន​អេកូ​សហគ្រាស​ធុន​តូច​និង​មធ្យម​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន WorldBridge International (Cambodia) ដែលមាន​ទំហំ​ផ្ទៃដី​ប្រមាណ៤ហិកតា ជាមួយនឹង​ទុនវិនិយោគ​ជាង ៥០លាន​ដុល្លារ​អាមេរិក ក្នុង​ជំហាន​ដំបូង​ស្ថិតនៅក្នុង​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។

លោក ទឹម សា​រ៉ុ​ម ស្ថាបនិក​ក្រុមហ៊ុន Khmer Foundation Investment Group (KFIG) ដែលជា​ក្រុមហ៊ុន​មាន​ភាគហ៊ុន​នៅក្នុង​នោះដែរ​បាន​ថ្លែងថា សួន​អេកូ​សហគ្រាស​ធុន​តូច​និង​មធ្យម ត្រូវបាន​ចាក់ដី​រួចរាល់​ហើយ ដោយ​កំពុង​ដំណើការ​បើក​ការដ្ឋាន​បុក​គ្រិះ ដើម្បី​តម្លើង​គម្រោង​បង្កើតជា​រោងចក្រ​តែម្ដង។

លោក​បន្តថា គម្រោង​នេះ គេ​ចាត់ទុកថា ជា​គម្រោង​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៥០លាន​ដុល្លារ​អាមេរិក។ លោក​ថា បើ​គម្រោង​ទី១ទទួលជោគជ័យ ក្រុមហ៊ុន​គ្រោង​នឹង​បន្តទៅ​គម្រោង​អភិវឌ្ឍ​ន៍ទី២ ឬ​ទី៣ទៀត និង​ត្រៀម​ទុនវិនិយោគ​ប្រហែល​ទំហំ ២០០ ទៅ៣០០លាន​ដុល្លារ​អាមេរិក។

លោក សា​រ៉ុ​ម បញ្ជាក់ថា៖«កន្លែង​នេះ យើង​អាច​ហៅ​ស្រួល​ស្ដាប់​ថា ឃ្លាំង​ពហុ​ក​បំណង (SME Eco Park) នៅក្នុង​ឃ្លាំង​ហ្នឹង យើង​បានរៀបចំ​ជាផ្នែកៗ ហើយ​ផ្នែកសំខាន់ៗមាន៣ផ្នែក គឺ​ឃ្លាំង​ថែរក្សា​សាច់ និង​បន្លែ (ខ្លាស់​សេរ​សាច់ ខ្លាស់សេរ​ផ្លែឈើ សាច់​ត្រី និង​សាច់…) និង​ចំណីអាហារ​ជាច្រើន​ប្រភេទ​ទៀត កន្លែង​ដឹកជញ្ជូន និង​កន្លែង​ផ្ទុក ឬ​រក្សា​ទិន្នន័យ​តាម​បច្ចេកវិទ្យា​ដ៏​ទំនើប»។

លោក​បន្តថា សហគ្រាស​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ខណៈ​តម្រូវការ​ប្រជាពលរដ្ឋ​កម្ពុ​ជា​​កាន់តែ​ទំនើប និង​កំណើនសេដ្ឋកិច្ច​ខ្លាំង។ ជាពិសេស​អ្នករស់នៅ​ទីក្រុង​កំពុងមាន​កំណើន ស្របពេល​មាន​ជន​បរ​ទេ​ស​​មក​រ​ស់នៅ​កម្ពុជា​ច្រើន។ ដូច្នេះ តម្រូវការ​សាច់ស្រស់ៗក៏មាន​ច្រើន​ដែរ។

លោក ទឹម សា​រ៉ុ​ម បាន​បន្ថែមថា«យើង​ផ្ដោតទៅលើ​ឃ្លាំង​នេះ ព្រោះ​យើង​បានគិត​គូរ​ពី​ទំហំ​នៃការវិនិយោគ និង​ទំហំ​ដី​របស់​​យើង​សិន ប៉ុន្ដែ​បើ​មានការ​ពង្រីក​គម្រោង​ថែមទៀត យើង​និង​មាន​ផលិតផល និង​សេវាកម្មអ្វីៗដែលថ្មីៗថែមទៀត​លើស​ពីនេះ ព្រោះ​យើង​ធ្វើ​ឲ្យ​វា​ទំនើប ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់»។

លោក​បន្តថា កន្លែង​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ ប៉ុន្ដែ​ក្រុមហ៊ុន​បាន​នាំចូល​បច្ចេកវិទ្យា និង​បច្ចេ​ក​ទេស​ពី​បរទេស​មកវិញ ដោយមាន​ការសហការ​គ្នា​ជាមួយ​អូស្ដ្រាលី និង​ថៃ ដោយ​នឹង​គ្រោង​នឹង​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ ខណៈ​កំពុង​ស្វែងរក​ដៃគូរ​បន្ថែមទៀត​ដែរ។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge International (Cambodia)នៅ​ថ្ងៃទី ០៤ ខែមករា​ឆ្នាំ ២០១៩​នេះ សុំ​មិន​ធ្វើ​អត្ថាធិបាយ ដោយ​លោក​ថា កំពុង​ជាប់រវល់​ទៅ​បំពេញភារកិច្ច​ក្រៅប្រទេស។

ប៉ុន្ដែ​លោក​បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុន​កំពុងធ្វើការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ទៅលើ​ច្បាប់ និង​បទ​ប្ប​ញ្ញ​ត្តិ​​គតិយុត្តិ​នានា​ទៅលើ​ដំណើរការ​សាងសង់​សួន​អេកូ​សហគ្រាស​ធុន​តូច និង​មធ្យម។ លោក​ថា ក្រសួង​ឧស្សាហកម្ម បាន​សិក្សា​ពី​គម្រោង​នេះ ហើយ​បាន​គាំទ្រ​ក្នុងការ​បង្កើត​សួន​នេះ។

លោក​ឧកញ៉ា​បន្តថា៖«យើង​នឹង​បង្ហាញ​ពី​ទុនវិនិយោគ​និង​ចំនួន​សហគ្រាស​ដែល​ចូលរួម​ជាមួយ​យើង ក្រោយ​ពេលដែល​យើង​បញ្ចប់​ការសិក្សា​និង​ប្លង់​មេ​លើ​គម្រោង​នេះ​ទាំងមូល»។

លោក​ឧកញ៉ា ឫទ្ធី ថា៖«តើ​ចំនួន​ប៉ុន្មាន​នឹងចូលរួម​ជាមួយ​យើង វា​អាស្រ័យ​លើ​ការសិក្សា ហើយ​ហេតុផល​ដែល​យើង​ជ្រើសរើស​ស្រុក​ស្អាង ខេត្តកណ្តាល សម្រាប់​គម្រោង​របស់​យើង ដោយសារតែ​តំបន់​នោះ​សំបូរ​នៅ​បន្លែ​ផ្លែឈើ​ដែលជា​ប្រភព​យ៉ាងសំខាន់​សម្រាប់ធ្វើ​ការកែ​ច្នៃ»៕

អំពី Soth Koemsoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង