បុរីលំនៅឋាន ២១២ទីតាំង កំពុងរីកដុះដាលនៅរាជធានីភ្នំពេញ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / បុរីលំនៅឋាន ២១២ទីតាំង កំពុងរីកដុះដាលនៅរាជធានីភ្នំពេញ

បុរីលំនៅឋាន ២១២ទីតាំង កំពុងរីកដុះដាលនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ គិតពី​ឆ្នាំ២០០៣ ដល់​ឆ្នាំ​២០១៨ រាជធានីភ្នំពេញមាន​បុរីលំនៅឋាន និង​បណ្ដុំលំនៅឋានលក្ខណៈបុរី ចំនួន ២១២ទីតាំង។ នេះបើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចេញផ្សាយកាលពី​ចុងឆ្នាំ​២០១៨ កន្លង​ទៅ។

របាយការណ៍ដដែល​នេះបញ្ជាក់​ថា ខណ្ឌឬស្សីកែវ គឺជាខណ្ឌ​ដែលមាន​ចំនួនបុរីលំនៅឋានច្រើនជាងគេ គឺ​រហូត​ដល់ ៥៤​ទីតាំង។ បន្ទាប់​មកទៀត គឺ​ខណ្ឌសែនសុខមានបុរីលំនៅឋាន​ចំនួន ៤៨ទីតាំង ខណ្ឌពោធិ៍សែនជ័យ​មានបុរីលំនៅឋានចំនួន ៣០ទីតាំង ខណ្ឌមានជ័យ​មាន​បុរីលំនៅឋាន​ចំនួន ២១ទីតាំង ខណ្ឌច្បារអំពៅមាន​បុរីលំនៅឋាន​ចំនួន ១៦ទីតាំង ខណ្ឌជ្រោយចង្វារមាន​បុរីលំនៅឋាន​ចំនួន ១៥ទីតាំង ខណ្ឌដង្កោមាន​បុរីលំនៅឋាន​ចំនួន ១៣ទីតាំង ខណ្ឌព្រែកព្នៅមាន​បុរីលំនៅឋាន​ចំនួន ៧ទីតាំង ខណ្ឌចំការមន​មាន​បុរីលំនៅឋាន​ចំនួន ៥ទីតាំង និង​ខណ្ឌទួលគោក​មាន​បុរីលំនៅឋាន​ចំនួន ៣ទីតាំង។

ពាក់ព័ន្ធ​នឹង​ការ​រីកដុះដាលបុរីលំនៅឋាននៅ​រាជធានី​ភ្នំពេញ​នេះ លោក ប៊ុត​ ផារា នាយកគ្រប់គ្រងទូទៅ​របស់បុរី ឡុង នី ដែល​គ្រោង​ប្រកាស​ពីគម្រោងទី៣ របស់​ខ្លួនក្នុង​ពេល​ឆាប់ៗខាងមុខ​នេះ បានប្រាប់គេហទំព័រព័ត៍មាន KHB Media ថា តម្លៃផ្ទះនៅក្នុងបុរី ពាក់ព័ន្ធទៅនឹងតម្លៃដីនៅតាមតំបន់និមួយៗ។ ប្រសិនបើដីនៅតំបន់នោះថោកសមរម្យ នោះ​តម្លៃផ្ទះក៏ថោកសមរម្យទៅតាមនោះដែរ តែបើតំបន់នោះជាតំបន់សេដ្ឋកិច្ចខ្លាំង ដូច្នេះតម្លៃផ្ទះក៏ថ្លៃទៅតាមនោះដែរ។

លោក ប៊ុត​ ផារា បាន​បញ្ជាក់​ថា «ផ្ទះថ្លៃ ឫថោក វាមិនអាស្រ័យលើក្រុមហ៊ុននោះទេ ប៉ុន្តែវាអាស្រ័យលើតម្លៃរបស់អចលនទ្រព្យនៅតំបន់នោះទៅវិញទេ។ ប្រសិនបើដីថ្លៃហើយ តើផ្ទះថោកយ៉ាងមិចកើត? ជាទូទៅប្រជាជនចូលចិត្តរស់នៅតំបន់ណាដែលមានតម្លៃដីថ្លៃ ដោយសារគាត់ចូលចិត្តរស់នៅតំបន់សេដ្ឋកិច្ច ដែលងាយស្រួល​​​រកស៊ី ​ ខណៈដែលតំបន់ដែលមិនមែនជាប៉ូលសេដ្ឋកិច្ច មានតម្លៃថោក គាត់មិនចង់ទៅរស់នៅនោះទេ ព្រោះលំបាកលក់វិញ។ សូម្បីតែខាងអគ្គនាយកដ្ឋានពន្ធដារ ក៏វាយតម្លៃអចលនទ្រព្យនៅតំបន់សេដ្ឋកិច្ចត្រូវបង់ពន្ធថ្លៃជាង តំបន់ដែលមានចរន្តសេដ្ឋកិច្ចតិចជាងដែរ»។

សូមបញ្ជាក់​ថា តាមរបាយការណ៍​របស់​ក្រសួងរៀបចំដែន នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា គិតពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៨ ​កម្ពុជា​មានបុរីលំនៅឋាន និង​បណ្ដុំលំនៅឋាន​មាន​លក្ខណៈបុរីសរុប ចំនួន ២៣៥ទីតាំង៕

អំពី King Chanveasna

អតិថិជនរបស់យើង

ដៃគូរបស់យើង