កម្ពុជា មានសំណង់អគារខ្ពស់ជាង ៥ជាន់ឡើង ជាង ១ពាន់អគារ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / កម្ពុជា មានសំណង់អគារខ្ពស់ជាង ៥ជាន់ឡើង ជាង ១ពាន់អគារ

កម្ពុជា មានសំណង់អគារខ្ពស់ជាង ៥ជាន់ឡើង ជាង ១ពាន់អគារ

ភ្នំពេញ៖ គិតត្រឹម​ចុងឆ្នាំ​២០១៨ ​កម្ពុជាមាន​សំណង់​អគារ​ខ្ពស់ជាង ៥​ជាន់​ឡើង ចំនួន ១.២១៧អគារ ដោយ​ក្នុង​នោះ នៅ​រាជធានីភ្នំពេញ​មាន​ចំនួន ១.១០០ទីតាំង និង​នៅ​ខេត្តព្រះសីហនុ​មាន​ចំនួន ១១៧ទីតាំង។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារ​ឆ្នាំ​២០១៨ និង​លើកទិសដៅការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

របាយការណ៍​ដដែល​នេះបាន​បញ្ជាក់​ថា នៅ​រាជធានីភ្នំពេញ អគារ​ដែល​មានកម្ពស់​ចាប់ពី ៤០​ជាន់​ឡើងមាន​ចំនួន ១៨​អគារ អគារ​ដែល​មាន​កម្ពស់ពី ៣០ ទៅ​ ៣៩​ជាន់ មាន​ចំនួន ៣៤​អគារ អគារដែល​មាន​កម្ពស់ពី ២០ ទៅ ២៩​ជាន់​មាន​ចំនួន ៧២​អគារ អគារដែល​មាន​កម្ពស់​ពី ១០ ទៅ ១៩​ជាន់​ មាន​ចំនួន ៣១៥អគារ និង​អគារដែលមាន​កម្ពស់ពី ៥ ទៅ ៩​ជាន់ មាន​ចំនួន ៦៦១​អគារ។ ​ក្នុង​នោះ នៅ​ឆ្នាំ​២០១៨ គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥​ជាន់ឡើងទៅ​នៅ​ក្នុង​រាជធានីភ្នំពេញ​មាន​ចំនួន ១១០​អគារ។

ចំណែកនៅ​ខេត្តព្រះសីហនុវិញ គិតពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៨ មាន​សំណង់អគារ​ចាប់ពី​ ៥​ជាន់ឡើង​ មាន​ចំនួន ១១៧​គម្រោង។ ក្នុង​នោះ នៅ​ឆ្នាំ​២០១៨ ខេត្តព្រះសីហនុ​មាន​សំណង់​អគារ​ចាប់ពី ៥​ជាន់ឡើង ចំនួន ៦០​គម្រោង។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​គម្រោងវិនិយោគក្នុង​វិស័យ​សំណង់​ចំនួន ២.៨៦៧​គម្រោង ដែល​មាន​ផ្ទៃក្រឡា​ចំនួន ១១.៤២៧.១៩០​ម៉ែត្រការ៉េ និង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥.២២៨លាន​ដុល្លារអាមេរិក។ ទោះយ៉ាងណា ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆ្នាំ​២០១៨នេះ មាន​ការ​ថយចុះ ១៨,៦៦% បើធៀបនឹង​ឆ្នាំ២០១៧ ដែល​មាន​គម្រោង​វិនិយោគ​រហូតដល់ ៣.០៥២​គម្រោង ផ្ទៃក្រឡា ១០.៧៤៦.២១៩ម៉ែត្រការ៉េ និង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦.៤២៨​លាន​ដុល្លារ​អាមេរិក៕

អំពី King Chanveasna