ធនាគារជាតិ នៃ កម្ពុជា៖ កំណើនលឿននៃវិស័យសំណង់ និងអចលនទ្រព្យ អាចជាហានិភ័យសម្រាប់កំណើនសេដ្ឋកិច្ច – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ធនាគារជាតិ នៃ កម្ពុជា៖ កំណើនលឿននៃវិស័យសំណង់ និងអចលនទ្រព្យ អាចជាហានិភ័យសម្រាប់កំណើនសេដ្ឋកិច្ច

ធនាគារជាតិ នៃ កម្ពុជា៖ កំណើនលឿននៃវិស័យសំណង់ និងអចលនទ្រព្យ អាចជាហានិភ័យសម្រាប់កំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារជាតិ នៃ កម្ពុជា ថា កំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យបន្តមានកម្រិតខ្ពស់អាចជាហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ​២០១៩នេះ។ នេះបើយោងតាមរបាយការណ៍ វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩។

របាយការណ៍សង្ខេបចំនួន៦ទំព័ររបស់ធនាគារជាតិ នៃ កម្ពុជាដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថាកំណើនឥណទានក្នុងវិស័យអចលនទ្រព្យ និងសំណង់បន្តមានកម្រិតខ្ពស់ក្នុងអត្រា ៣១ភាគរយ ហើយ ការកើនឡើងលឿននៃវិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីតម្រូវការជាក់ស្តែង និងអាចជាហានិភ័យសម្រាប់វិស័យធនាគារនិងជំនឿទុកចិត្តវិនិយោគិនផងដែរ។

«កំណើនវិស័យសំណង់រួមចំណែក ១/៥ ក្នុងកំណើនសេដ្ឋកិច្ច ដែលបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងនៃកំណើនសេដ្ឋកិច្ចលើវិស័យនេះ។ ជាទូទៅ វិស័យសំណង់មានវដ្តនៃការអភិវឌ្ឍដែលធ្វើឲ្យវិស័យនេះអាចកើនឡើង និងថយមកវិញ នៅពេលដែលគម្រោងសំណង់ធំៗត្រូវបានបញ្ជប់។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងម្ចាស់អាជីវកម្មក្រុមហ៊ុន Keller Williams Cambodia បានថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធនេះថា អចលនទ្រព្យនឹងមិនមានការថមថយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងមានការរីកចំរើនជាពិសេសប្រទេសកម្ពុជា។ លោក គីម ហ៊ាង ថា៖«បើនិយាយថាថយ វាមិនថយទេ ព្រោះវិស័យនេះនាំមុខក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍»។

លោកជឿថាវិស័យនេះនឹងរីកលូតលាស់រីកចំរើនទៅមុខបន្តទៀត ដោយសារតែសេដ្ឋកិច្ចកម្ពុជាបន្តកំណើនល្អ ក្នុងអត្រា ៧ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ និងមានស្ថិរភាពនយោបាយ ព្រមទាំង ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកគីមហ៊ាងលើកឡើងថា៖«ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងច្រើន ដូច្នេះតម្រូវការក្នុងវិស័យសំណង់ក៏កើនឡើង ដូច្នេះវិស័យនេះនៅតែមានកំណើន ប្រទេសកម្ពុជា មាននយោបាយល្អ ប្រជាជន ភូមិសាស្រ្ត ច្បាប់ល្អបើកចំហរ ភាសាបានច្រើន ជាប្រទេសសេរី ដូច្នេះវិនិយោគិនចូលចិត្តវិនិយោគណាស់។ បើវិនិយោគិនចង់វិនិយោគនៅស្រុកខ្មែរនិងក្លាយជាម្ចាស់ក្រុមហ៊ុន១០០ភាគរយ ដែលមានប្រទសតិចណាស់នៅក្នុងពិភពលោកធ្វើដូច្នេះ»។

លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិនៃ ធនាគារអេស៊ីលីដា បានឲ្យដឹងថា ដោយសារតែសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំ ដូច្នេះឥណទាននៅលើវិស័យអចលនទ្រព្យនតែមាន។ លោកស្រីថាការ ផ្តល់កម្ចីទៅក្នុងវិស័យអចលនទ្រព្យត្រូវតែមានភាពប្រយ័ត្នប្រយែងខ្ពស់ និងប្រកបដោយវិជ្ជាជីវះ។

លោកស្រី ផនណារីថា៖«ខ្ញុំគិតថា វិស័យអចលទ្រព្យនឹងមានកំណើន ដូច្នេះ ឥណទានយើងផ្តល់ឲ្យអតិថិជន ដោយមានភាពប្រយ័ត្នប្រយែង ត្រូវវាយតម្លៃឲ្យបានហ្មតចត់ដល់ អ្នកទទួលកម្ចី ទាក់ទងនិងចំណូល ច្បាស់លាស់ និងការសងត្រឡប់វិញល្អ ដូច្នេះការទិញលក់អចលទ្រព្យនៅតែមានកំណើន»។

លោកស្រីថា គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុត្រូវតែមានត្រូវមានវិជ្ជាជីវៈ ក្នុងការផ្តល់កម្ចី លោកស្រីបញ្ជាក់ថាប្រទេសណាក៏ដូចជាប្រទេសណាដែរ ឥណទាននៅលើវិស័យអចលនទ្រព្យនៅតែមាន ប៉ុន្តែត្រូវមានវិជ្ជាជីវៈ ហើយត្រូវកំណត់ប៉ុន្មានភាគរយនៃកម្ចីសរុប ព្រោះឥណទានផ្នែកអចលនទ្រព្យមានរយៈវែង។

លោកស្រីថា អេស៊ីលីដាបានផ្តោតតែទៅលើ ឥណទានគេហដ្ឋានសម្រាប់រស់នៅ ដោយឡែកឥណទាននៅក្នុងវិស័យអចលទ្រព្យមានទំហំតូច។ លោកស្រី ផនណារី បន្តថា ការផ្តល់ឥណទានទៅ លើអចលនទ្រព្យនៅមាន មានប្រមាណ ០,១២ភាគរយឬ ប្រមាណជាង ៤លានដុល្លារ ដែលមានអតិថិជន ២៧នាក់ បើធៀបនឹងឥណទានសរុប នៅ ដំណាច់ឆ្នាំ២០១៨នេះ។ លោកស្រីថា វិស័យនេះគឺថេរ។

លោកស្រី ផន ណារី ថាឥណទានទៅលើអចលនទ្រព្យ គឺផ្តល់ទៅសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បុរី។ ដោយឡែកឥណទានទិញផ្ទះ មានប្រមាណជា ១៧៤លានដុល្លារអាមេរិក ដែលមានអតិថិជនប្រមាណជាជាង ៧,២០០អតិថិជន។
លោកស្រីថាការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យមានរយៈពេលវែង ដូច្នេះធនាគារមិនអាចផ្តល់ឥណទានដែលរយៈពេលវែងបានឡើយ ដោយសារតែយើងទទួលបានមូលនិធិខ្លី ខណៈអតិថិជនផ្ញើប្រាក់នៅធនាគារយើងមានរយៈពេលខ្លីដូច្នេះវាមិនស៊ីទៅនឹងឥណទានដែលតម្រូវអតិថិជនចង់បាន។

លោកស្រីផន ណារីថា នៅដំណាច់ឆ្នាំ២០១៨ ឥណទានរបស់ធនាគារអេស៊ីលីដា ទទួលបាន ៣,៤៨៨លានដុល្លារ ដែលរីកលូតលាស់ចំនួន៤៦៥លានដុល្លារអាមេរិក កើនឡើង១៥ភាគរយ ជាមួយអតិថិជន ៣២០,០០០នាក់ បើធៀបជាមួយឆ្នាំ២០១៧។

ដោយឡែកចំពោះប្រាក់បញ្ញើវិញ អេស៊ីលីដាទទួលបានកំណើន ១៨ភាគរយ ប្រមាណជា ៣,៧០០លានដុល្លារ។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ២ ៨៦៧ គម្រោង ផ្ទៃក្រឡាចំនួន ១១ ៤២៧ ១៩០ ម២ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥ ២២៨ ៩៩២ ៥២២ ដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧ មានចំនួន ៣ ០៥២ គម្រោង ផ្ទៃក្រឡាចំនួន ១០ ៧៤៦ ២១៩ ម២ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៦ ៤២៨ ៧៩៤ ១៧៩ ដុល្លារ មានការថយចុះ ចំនួន ១៨,៦៦ %។

សំណង់នៅទូទាំងប្រទេសគិតចាប់ពីឆ្នាំ ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៣ ១៣៦ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន ១១៤ ២៩៧ ៦២១ ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣ ៣៧០ ៤២៣ ៣៧៨ ដុល្លារ។

គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញ គិតចាប់ពីអនុវត្តរហូតដល់ឆ្នាំ ២០១៨ មានចំនួន ១ ២១៧ អគារ និងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៨ មានចំនួន ២៣៥ ទីតាំង។

ដោយឡែក គិតពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ រាជធានីភ្នំពេញមានបុរីលំនៅឋាន និងបណ្ដុំលំនៅឋានលក្ខណៈបុរី ចំនួន ២១២ទីតាំង។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។

របាយការណ៍ដដែលនេះបញ្ជាក់ថា ខណ្ឌឬស្សីកែវ គឺជាខណ្ឌដែលមានចំនួនបុរីលំនៅឋានច្រើនជាងគេ គឺរហូតដល់ ៥៤ទីតាំង។ បន្ទាប់មកទៀត គឺខណ្ឌសែនសុខមានបុរីលំនៅឋានចំនួន ៤៨ទីតាំង ខណ្ឌពោធិ៍សែនជ័យមានបុរីលំនៅឋានចំនួន ៣០ទីតាំង ខណ្ឌមានជ័យមានបុរីលំនៅឋានចំនួន ២១ទីតាំង ខណ្ឌច្បារអំពៅមានបុរីលំនៅឋានចំនួន ១៦ទីតាំង ខណ្ឌជ្រោយចង្វារមានបុរីលំនៅឋានចំនួន ១៥ទីតាំង ខណ្ឌដង្កោមានបុរីលំនៅឋានចំនួន ១៣ទីតាំង ខណ្ឌព្រែកព្នៅមានបុរីលំនៅឋានចំនួន ៧ទីតាំង ខណ្ឌចំការមនមានបុរីលំនៅឋានចំនួន ៥ទីតាំង និងខណ្ឌទួលគោកមានបុរីលំនៅឋានចំនួន ៣ទីតាំង។

អំពី Sok Chan

Leave a Reply