អគារ ព្រីនស៍ អាយធី បៀលឌីង នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើបនៅក្រុងព្រះសីហនុ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / អគារ ព្រីនស៍ អាយធី បៀលឌីង នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើបនៅក្រុងព្រះសីហនុ

អគារ ព្រីនស៍ អាយធី បៀលឌីង នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើបនៅក្រុងព្រះសីហនុ

អគារ ព្រីនស៍ អាយ ធី បៀលឌីង ដែលជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាមូលដ្ឋានការិយាល័យកណ្តាលនៃព័ត៌មានវិទ្យាចម្រុះ នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើបនៅក្រុងព្រះសីហនុ។ នេះបើយោងតាមនាយកចាត់ការទូទៅនៃក្រុមហ៊ុន ឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា) ខូអិលធីឌី។

សំណង់អគារ ព្រីនស៍ អាយ ធី បៀលឌីង (Prince IT  Building)  ដែលជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ។

លោក ថាង គួរឈី (Tang Guoqi) នាយកចាត់ការទូទៅនៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា) ខូអិលធីឌី បានថ្លែងក្នុងពិធីសម្ពោធបញ្ចប់ការសាងសង់ថា អគារ ព្រីនស៍ អាយ ធី បៀលឌីង មានទីតាំងនៅចំចំនុចកណ្តាលនៃក្រុងព្រះសីហនុ និងជាប់នឹងរង្វង់មូលតោពីរ ដែលជានិមិត្តសញ្ញានៃក្រុងព្រះសីហនុ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល (លំដាប់ថ្នាក់ផ្កាយប្រាំ)។ អគារ ព្រីនស៍ អាយ ធី បៀលឌីងមានផ្ទៃក្រឡាសាងសង់សរុបជិត ៦ ម៉ឺនម៉ែត្រការ៉េ។

លោក គួរឈី បានបញ្ជាក់ថា៖«អគារ ព្រីនស៍ អាយ ធី បៀលឌីង ជាគម្រោងដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលនឹងដឹកនាំក្រុងព្រះសីហនុក្លាយជាទីក្រុងទេសចរណ៍មកធ្វើការអភិវឌ្ឍក្នុងឧស្សាហកម្មព័ត៌មានវិទ្យា អ៊ិនធើណេត បច្ចេកវិទ្យាទំនើប និងឧស្សាហកម្មទំនើបៗផ្សេងទៀត»។

លោកបន្តថា៖«វានឹងជួយជំរុញក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងកំពង់ផែបែបអន្តរជាតិ និងទំនើបកម្ម តាមរយៈការនាំយកការវិនិយោគរបស់ក្រុមហ៊ុនព័ត៌មានវិទ្យាដែលមានឈ្មោះល្បីលើពិភពលោកមកកាន់ក្រុងព្រះសីហនុ»។

បើយោងតាមតំណាងក្រុមហ៊ុនរូបនេះ បច្ចុប្បន្ន ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតគម្រោងអគារចម្រុះបែបទីក្រុងខ្នាតធំជាច្រើននៅរាជធានីភ្នំពេញ រួមមានព្រីនស៍ ម៉ូឌើន ផ្លាហ្សា មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាដើម ដែលសុទ្ធតែទទួលបានការពេញនិយមពីសំណាក់វិនិយោគិនបរទេស។

លោកគួរឈី ថា គម្រោងទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានផ្ទៃក្រឡាសាងសង់សរុបលើសពី ២,៥៦ លាន ម៉ែត្រការ៉េហើយបច្ចុប្បន្ន ដែលក្នុងនោះគ្របដណ្តប់លើឧស្សាហកម្មជាច្រើនរួមមាន អគារស្នាក់នៅ អគារការិយាល័យ ពាណិជ្ជកម្ម សណ្ឋាគារ ក្លឹបកម្សាន្ត និងសួនឧស្សាហកម្ម ។ល។

លោក គួរឈី បានបន្តថា គម្រោងស្នាក់នៅដែលបាននឹងកំពុងធ្វើការលក់មានផ្ទៃក្រឡាសាងសង់សរុបជាង ៧៦,៦៩ ម៉ឺនម៉ែត្រការ៉េ និងមានខុនដូរហូតដល់ ៤.៣៥៨ យូនីត។ លោកថា នាថ្ងៃខាងមុខ ដោយផ្អែកលើចក្ខុវិស័យជាប្រតិបត្តិករទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តអភិវឌ្ឍគម្រោងដែលមានគុណភាពជាច្រើនទៀត ដើម្បីផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋកម្ពុជា និងរួមគ្នាកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុបានថ្លែងក្នុងសនិ្នបាតក្រសួងដែនដីកាលពីពេលថ្មី ស្ដីពីបទពិសោធន៍នៃការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុ ដើរតួយ៉ាងសំខាន់ជាប៉ូលសេដ្ឋកិច្ច មួយក្នុងចំណោមប៉ូលទាំងបីក្នុងយុទ្ធសាស្រ្តដំណាក់កាលទីបួនរបស់រដ្ឋាភិបាលនិងត្រូវកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង នៅក្នុងគោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ លោកថា សក្តានុពលនៅខេត្តព្រះសីហនុគឺឧស្សាហកម្មទេសចរណ៍សំណង់ សេវាកម្មនិងកសិកម្ម។

លោកស្រុងថា៖«ដោយសារតែកត្តាអំណោយផងទៅលើឆ្នេរស្អាតបំផុតរបស់ពិភពលោកបានធ្វើឲ្យ ខេត្តព្រះសីហនុក្លាយជាទិសដៅវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកទៅលើវិស័យអចលនទ្រព្យនិងសំណង់»។

បើយោងតាមរបាយការណ៍ពីមន្ទីគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់នៃ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ មន្ទីគ្រប់គ្រងដែនដីបានផ្តល់លិខិតអនុញាតសាងសង់នៅខេត្តខេត្តព្រះសីហនុមាន ៥៤គម្រោង ដែលមានផ្ទែក្រឡាសំណង់ ១,៥៣ លានម៉ែត្រក្រឡា និងទុនវិនិយោគ ជាង ៩៦៤ លានដុល្លារអាមេរិក។

 

អំពី Admin

អតិថិជនរបស់យើង

ដៃគូរបស់យើង