លំនៅឋានចល័តវឌ្ឍន ចំណាយតិចប៉ុន្តែផ្តល់ជូនការរស់នៅបែបទំនើប គុណភាព ផាសុខភាព – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / លំនៅឋានចល័តវឌ្ឍន ចំណាយតិចប៉ុន្តែផ្តល់ជូនការរស់នៅបែបទំនើប គុណភាព ផាសុខភាព

លំនៅឋានចល័តវឌ្ឍន ចំណាយតិចប៉ុន្តែផ្តល់ជូនការរស់នៅបែបទំនើប គុណភាព ផាសុខភាព

ភ្នំពេញ៖ លំនៅឋានជាតម្រូវការចំបងសំរាប់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន។  មនុស្សគ្រប់គ្នាដែលមកធ្វើការងារ​នៅភ្នំពេញ តែងស្វែងរកផ្ទះ ឬបន្ទប់ជួលស្នាក់នៅដោយសារតែពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ទិញផ្ទះថ្មី  ខណៈអ្នកខ្លះទៀត មានដីតែមិនមានលទ្ធភាពសង់ផ្ទះនៅ ព្រោះការសាងសង់ត្រូវចំណាយថវិកាច្រើន។

អស់បារម្ភចំពោះបញ្ហាផ្ទះទៀតហើយ វិស្វករជាន់ខ្ពស់កម្ពុជាម្នាក់បានបង្ហាញពី គម្រោងផ្ទះចល័តថ្មី បែបទំនើប ប្រកបដោយផាសុខភាព ហើយមិនចំណាយថវិកាច្រើនក្នុងការសាងសង់ទៀតផង។ ផ្ទះចល័តថ្មីនេះ ថែមទាំង អាចបង្កើនសេដ្ឋកិច្ច សំរាប់ផ្គត់ផ្គង់គ្រួសាររបស់ម្ចាស់ផ្ទះផងដែរ។

ស្ថាបនិកលំនៅឋានចល័តវឌ្ឍន (Mobile​ Vattanac Residence) លោក ទី ប៊ុននី បានបង្ហាញពីគំនិតឌីហ្សាញផ្ទះចល័តដំបូងគេនៅកម្ពុជាមួយ ដែល​សាងសង់លើផ្ទៃដីទំហំ ៥គុណ២០ម៉ែត្រ ស្របតាមតម្រូវការក្បាលដីភាគច្រើននាបច្ចុប្បន្ន។  គម្រោងផ្ទះថ្មី ដែលប្រកបដោយផាសុខភាពនេះ បែងចែកជា៤ផ្នែកសំខាន់ៗ គឺ៖

ផ្នែកខាងក្រោម មានជាចំណតដែលអាចចតរថយន្តបាន៣គ្រឿង និង ម៉ូតូ១២គ្រឿង ដែលត្រូវបានសិក្សាផ្នែកផាសុខភាព ដែលអាចអោយពន្លឺ​ និងខ្យល់ចេញចូលទៅបានតាមទំរង់ធម្មជាតិ ហើយមានបន្ទប់ទឹកនៅផ្នែកខាងក្រោយ មានកន្លែងបោកខោអាវ និងហាលខោអាវ ជាស្រេច និងមានជន្តើរឡើងពីជាន់ក្រោមមកជាន់ទី១ យ៉ាងងាយស្រួល​។

ផ្នែកជាន់ទី១ ពិតជាសំខាន់ ហើយមានអត្ថប្រយោជន៍ច្រើនយ៉ាងព្រោះវាជាកន្លែងដែលអាចឲ្យ ម្ចាស់ផ្ទះធ្វើអាជីវកម្ម ឬមុខជំនួញផ្សេងៗបានយ៉ាងស្រួល។ តម្រូវទៅតាមទីផ្សារ អតិថិជន ដែលចង់បើកអាជីវកម្ម មុខរបរផ្សេងៗតាមចំណេះជំនាញ ចំណូលចិត្តពោលគឺ បើអតិថិជនចង់បើកដូចជាហាងកាហ្វេ ក្រុមហ៊ុននឹងរចនាជាហាងកាហ្វេតាមបទដ្ឋានស្ថាបត្យកម្ម​ រឺ ចង់បានបែបការិយាល័យ រឺ ទីតាំងសំរាប់ធ្វើជំនួញផ្សេងៗទៀត…​។ល។ ក៏បំពេញតាមតម្រូវការជូនបានតាមជំនាញឯកទេសវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយជណ្តើរទំនើប ឡើងទៅកាន់ជាន់ទី២ផងដែរ។

ផ្នែកជាន់ទី២ ​ អាចផ្តល់បន្ទប់រស់នៅសម្រាប់ម្ចាស់ផ្ទះចំនួន២បន្ទប់។ ក្នុងនោះ មានផ្ទះបាយ មានសាឡុងទទួលភ្ញៀវ បន្ទប់ទឹក តុធ្វើការ ទូសំលៀកបំពាក់ និងទូរទស្សន៍ជាដើម។ ផ្នែកខាងមុខ ជាន់ទី២នេះក៏មានកន្លែងល្មមអាចលេងកីឡាវៃកូនឃ្លីលើតុ និងអង្គុយលេងបាន។ មួយវិញទៀត អំណោយផល សំរាប់អតិថិជន ដែលមិនសូវចូលចិត្តម៉ាស៊ីនត្រជាក់ ក៏អាចបើកទ្វា បង្អូចទទួលបានខ្យល់អាកាសខាងក្រៅ ត្រជាក់គ្រប់គ្រាន់។

ទី៤៖ ផ្នែកដំបូលរបស់ លំនៅឋានចល័តវឌ្ឍន ត្រូវបានបំពាក់ប្រព័ន្ធកាត់​ជាតិពុល និងបង្កើតអុកស៊ីសែនលើសពី ១០០ម៉ែត្រក្រលា ដោយមានសួនបន្លែនៅលើ​ដំបូលដែលមាន​ផ្ទៃ៧០ម៉ែត្រក្រលា។ ក្បាច់ដំបូលយកគំរូតាម រចនាបឋនៃប្រាសាទខ្មែរ ដែលមានប្រាសាទភ្នំដា ​ប្រាសាទសម័យអង្គរ ប្រាសាទបឹងមាលា និងប្រាសាទព្រះវិហារ។ ថាមពលនៅផ្នែកខាងលើសំរាប់ដាំបន្លែ គឺទាញយកពីព្រះអាទិត្យដោយសូឡា ដែលមិនប៉ះពាល់ការប្រើប្រាស់អគ្គីសនីនៅផ្នែកខាងក្រោមឡើយ។

ស្ថាបនិកលំនៅឋានចល័តវឌ្ឍន បានបញ្ចាក់ថា ផ្ទះចល័តថ្មីនេះ ក៏បានផ្តោតលើការគ្រប់គ្រងគ្រោះ​មហន្តរាយផងដែរ។ លោកប៊ុននីថា នៅកម្ពុជាមានគ្រោះមហន្តរាយច្រើនយ៉ាង ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ អគ្គីភ័យ និងមហន្តរាយផ្សេងៗទៀត ដែលលំនៅឋានចល័តនេះ អាចការពារដោយប្រើបច្ចេកវិជ្ជាថ្មីទំនើប អាចបញ្ជៀសហានិភ័យបានក្នុងកំរឹតខ្ពស់។

លោក ប៊ុននី ដែលជាវិស្វករអាស៊ានឆ្នើមផងនោះ មើលឃើញទីតាំងបីនៅភ្នំពេញ ដែលសាកសមនឹងអភិវឌ្ឍលំនៅឋានប្រភេទនេះដូចជា៖ តំបន់បឹងកក់ តំបន់តាមបណ្តោយ​ផ្លូវ៦០ម៉េត្ រ(តំបន់បឹងជើងឯក) និងតំបន់ជ្រោយចង្វារ តាមជួរផ្លូវជាតិលេខ ៥ និងលេខ ៦ ដែលអាចសាងសង់ផ្ទះចល័តថ្មីដែលមិនធ្លាប់មាននេះបាន។

លោកបន្តថា ផ្ទះថ្មីនេះ អាចចាប់ផ្តើមស្ថាបនាបានជាមួយនឹងតម្លៃ ចាប់ពី ១៨.៥០០ ដុល្លាឡើងទៅ។ បន្ទាប់ពីមានអតិថិជន សម្រេចចិត្តទិញផ្ទះចល័តនេះ កាន់តែច្រើនហើយនោះ ពលរដ្ឋកម្ពូជានឹងចាប់ផ្តើមទទួលបានមកពីផលនៃវប្បធម៌ចែករំលែកដោយមានផ្ទះស្អាត ផាសុខភាព និង គុណភាព តែតម្លៃសមរម្យដែលជាផ្ទះមួយទឹកសំរាប់ទិញរស់នៅ ដោយសារតែលំនៅឋានចល័តនេះ អាចរុះរើដោយមិនខូចខាតអ្វីទាំងអស់ នៅពេលអ្នកប្រើប្រាស់ចង់ប្តូរផ្ទះថ្មី ហើយលក់ផ្ទះដែលប្រើប្រាស់រួច ទៅឲ្យអ្នកប្រើប្រាសបន្ត។ ទៅអនាគតលោក យល់ឃើញថាកំនើនមនុស្សនឹងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននឹងកើនឡើងយ៉ាងគម្ហុកក្នុងរយៈពេល ៥ទៅ១០ឆ្នាំខាងមុខនេះ ដែលតម្រូវអោយលំនៅឋានចល័តវឌ្ឍនរួមទាំងវិស្វករជំនាញផ្សេងទៀត ខិតខំបំពេញតម្រូវការទាំងនោះដើម្បីជាកិត្តិនាមជាតិខ្មែរនៅលើឆាកអាស៊ាន និងអាស៊ានបូក។

សម្រាប់ព័ត៍មានបន្ថែមអំពីលំនៅឋានចល័តវឌ្ឍន សូមទំនាក់ទំនងមកលេខ៖ ០៩៩ ២៦២ ២៦២/០៧០ ៧១២ ០១៦
www.mobileresidence.com
Email:info@mobileresidence.com
PO.Box:2121

អំពី Ma Chun