ខណ្ឌចំការមនវ៉ាដាច់គេលើការផ្គត់ផ្គង់អាផាតមិន​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ខណ្ឌចំការមនវ៉ាដាច់គេលើការផ្គត់ផ្គង់អាផាតមិន​

ខណ្ឌចំការមនវ៉ាដាច់គេលើការផ្គត់ផ្គង់អាផាតមិន​

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ខណ្ឌចំការមានការផ្គត់ផ្គង់ចំនួនអាផាតមិនច្រើនជាងគេ​ក្នុងចំណោមខណ្ឌទាំង១២នៅរាជធានីភ្នំពេញ ពោលគឺមានរហូតដល់ ២៣០ គម្រោង​ ស្មើនឹង ៥,៨២០​​ យូនីតនាពេលបច្ចុប្បន្ន​។​​

ចំនួននៃការផ្គត់ផ្គង់សេវាកម្មអាផាតមិនក្នុងខណ្ឌចំការមនមួយនេះស្មើនឹង ៦៤% នៃចំណែកផ្គត់ផ្គង់ទីផ្សារទាំងមូល ហើយឈរបន្ទាប់ពីខណ្ឌទួលគោក ដែលមានចំនួន ៥៦ អគារ​​ ស្មើនឹង ១.៤៤៦ យូនីត។ ពោលគឺការផ្គត់ផ្គង់អាផាតមិនក្នុង​ខណ្ឌទួលគោកស្មើនឹង​ ១៦% នៃចំណែកទីផ្សារទាំងមូល។

របាយកា​រណ៍ទសវត្សរ៍២០៣០ ស្តីពីការព្យាករណ៍១០ចំណុចអំពីវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ ដែលសិក្សាស្រាវជ្រាវដោយក្រុមហ៊ុន  Vtrust Appraisal ដែលត្រៀមនឹង​ចេញផ្សាយផ្លូវការនៅខែ មីនា ឆ្នាំ២០១៩ខាងមុខ បា​នបង្ហាញឲ្យដឹងដែរថា  អាផាតមិនសរុបប្រហែល ៧,៦០០យូនីត ត្រូវបានជួលលើទីផ្សារ ជាមួយអត្រាជួលសរុបនៅទូទាំងរាជធានីភ្នំពេញស្មើនឹង៨៤%។

ទន្ទឹមជាមួយគ្នានេះដែរ អាផាតមិនប្រភេទមួយបន្ទប់គេង ត្រូវបានគេអះអាងថា មានការផ្គត់ផ្គង់ច្រើនជាងគេនៅលើទីផ្សារ (មាន៤,៩៥៦យូនីត)  ស្មើនឹង៥៥% នៃចំណែកផ្គត់ផ្គង់ទីផ្សារសរុប។  អាផាតមិនប្រភេទពីរបន្ទប់គេងឈរក្នុងលំដាប់ទីពីរ​ (មាន៣,០៩៨យូនីត) ស្មើនឹង៣៤% នៃចំណែកទីផ្សារសរុប ដោយឡែក អាផាតមិនប្រភេទផ្សេងទៀតដូចជា​ប្រភេទបីបន្ទប់គេង និងផែនហោសន៍​ (Penthouse) ដែល ប្រភេទទាំងពីរនេះផ្ដោតលើអ្នកជួលតម្លៃថ្លៃ មានការផ្គត់ផ្គង់ទីផ្សារក្រោម៥% ប៉ុណ្ណោះ (មាន៤២៨យូនីត)។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ខណ្ឌចំការមនមាន អត្រាជួល៨៦% ដែលជាអត្រាមួយល្អធៀបនឹងចំនួនផ្គត់ផ្គង់ដ៏ច្រើននៅលើទីផ្សារ ចំណែកខណ្ឌទួលគោកទទួលបានអត្រាជួល៧៩%។

អគារខ្ពស់ៗក្នុងតំបន់ទួលគោក

ស្ថិតក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជម្ម (CBD) នៃកណ្តាលរាជធានីភ្នំពេញ ខណ្ឌចំការមនត្រូវបានគេអះអាងថាជាតំបន់ដែលមានភាពទាក់ទាញជាងគេក្នុងការផ្តល់សេវាកម្មស្នាក់នៅពី​សំណាក់ជនជាតិបរទេសដែលមកធ្វើការ និង​រកស៊ីនៅកម្ពុជា។

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal បានថ្លែងឲ្យដឹង​ថា៖ “រយៈកាលពីរ រឺបីឆ្នាំមុន​ឃើញមានជនជាតិបរទេសមកពីបស្ចឹមប្រទេសមកជួលស្នាក់នៅក្នុងតំបន់នេះច្រើនជាងគេ តែបច្ចុប្បន្នវ៉ាដាច់ដោយជនជាតិបរទេសមកពីតំបន់អាស៊ី ជាពិសសជនជាតិចិន។​”

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal

តែយ៉ាងណា លោក សីហា មិនទាន់អាចបញ្ជាក់បាននៅឡើយទេទាក់ទងនឹងចំនួន រឺភាគរយជាក់លាក់ដែលថាជនជាតិបរទេសមកពីតំបន់ណាដែលស្នាក់ក្នុងខណ្ឌមួយនេះច្រើនជាងគេ ដោយហេតុថាទិន្ន័យនេះកំពុងត្រូវបានសិក្សា។

លោក ហ៊ឹម សីហា​ បានគូសបញ្ជក់បន្ថែមថា​ ការផ្គត់ផ្គង់សេវាកម្មអាផាតមិន ឃើញមានកំណើនតម្រូវការច្រើនជាងគេក្នុងសង្កាត់បឹងកេងកង ទួលទំពួង និងសង្កាត់ទួលស្វាយព្រៃ នៃខណ្ឌចំការមន។

ដោយឡែកលោក ពីង សេរី នាយកប្រតិបត្តិក្រុមហ៊ុន​ Cambodia Angkor Real Estate បានថ្លែងប្រាប់ KHB Media ឲ្យដឹង​ថា៖ “តម្លៃនៃការជួលស្នាក់នៅនៃសេវាកម្មអផាតមិនក្នុង​ខណ្ឌចំការមន មានតម្លៃជួលជាមធ្យមចាប់ពី ៣.០០០ ដុល្លារអាមេរិកក្នុងមួយយូនីតក្នុងមួយខែ ខណៈដែលហាងឆេងទីផ្សារដីធ្លីក្នុងតំបន់ខ្លះនៃខណ្ឌមួយនេះបានហក់ដល់ជិត ១ម៉ឹនដុល្លារអាមេរិកហើយក្នុងមួយម៉ែត្រការ៉េ។”

លោក ពីង សេរី នាយកប្រតិបត្តិក្រុមហ៊ុន​ Cambodia Angkor Real Estate

លោក សេរី បានបន្តថា៖ “ទីផ្សារនៃការផ្គត់ផ្គង់អផាតមិននៅតែមានតម្រូវខ្ពស់នៅក្នុងរាជធានីភ្នំពេញ ពោលគឺការផ្គត់ផ្គង់អាផាតមិននៅមិនទាន់គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៅឡើយនោះទេ។”

ចំនួនអាផាតមិននៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន​ ដែលសិក្សាស្រាវជ្រាវដោយក្រុមហ៊ុន  Vtrust មានសរុបចំនួន ៩,០២១យូនីត ក្នុងចំណោមអគារអាផាតមិនទាំង ៣៥៥គម្រោងនៅក្នុងខណ្ឌទាំង ១២នៃរាជធានីភ្នំពេញ។

តាមរយៈការព្យាករណ៍នៃសេណារីយូធម្មតា ការផ្គត់ផ្គង់អាផាតមិននៅទូទាំងរាជធានីភ្នំពេញនឹងមានកំណើនប្រចាំឆ្នាំ១០ភាគរយ (អត្រាកំណើនថេរប្រចាំឆ្នាំ) ឫយូនីតថ្មីៗ កើនឡើងជាមធ្យមចំនួន១,៥៨០ក្នុងមួយឆ្នាំ ចាប់ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០៣០។ នេះបើតាមការលើកឡើងរបស់លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal ៕

អំពី Kevin