កម្ពុជាមានពិព័រណ៍ធំៗ ៤ ពាក់ព័ន្ធនឹងវិស៌យសំណង់ និងអចលនទ្រព្យ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / អចលនទ្រព្យ / ការអភិវឌ្ឍ / កម្ពុជាមានពិព័រណ៍ធំៗ ៤ ពាក់ព័ន្ធនឹងវិស៌យសំណង់ និងអចលនទ្រព្យ

កម្ពុជាមានពិព័រណ៍ធំៗ ៤ ពាក់ព័ន្ធនឹងវិស៌យសំណង់ និងអចលនទ្រព្យ

ភ្នំពេញ: ខណៈទីផ្សារសំណង់ និង អចលនទ្រព្យកំពុងកើនឡើងជាលំដាប់ នៅកម្ពុជា មានព្រឹតិ្តការណ៍ពិព័រណ៍​ចំនួន៤ ដែលផ្តោតលើវិស័យទាំងពីរនេះ ដោយ​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ជា​សម្ភារ​បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រ សំណង់​ និង គម្រោងអចលនទ្រព្យនានា​របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ដើម្បី​បំពេញ​សេចក្ដីត្រូវការរបស់​អតិថិជន និង​ម្ចាស់​សំណង់ អគារ​ទាំង​ឡើយ​ដែល​កំពុង​ជួប​ឧបសគ្គ​ការស្វែងរក​សម្ភារៈ​ផ្គត់ផ្គង់ ឬ​តុបតែង​នៅក្នុង​តម្រូវការ​របស់ខ្លួន។

១-ពិ​ព័រ​ណ៌​អចលនទ្រព្យ​កម្ពុជា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Real Estate.com.kh ចំនួន​ពីរលើក​ក្នុង​មួយឆ្នាំ។ ព្រឹត្តិ​ការ​ណ៍​ទីមួយ ត្រូវបានធ្វើ​ឡើងនៅអំឡុងខែ មិនា នៅ​សណ្ឋាគារ Naga World មាន​រយៈពេល២ថ្ងៃ ដើម្បី​ប្រមូលផ្តុំ​អ្នកជំនាញ​អា​ជីវកម្ម និង​អតិថិជន​ដ៏​ច្រើន​បាន​ចំណាយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​សម្រាប់​ការទិញ និង​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។ ពិព័រណ៍​នេះ មាន​អ្នកតំណាង​មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ​ភាគី​ធនាគារ ក្រុមហ៊ុន​សំណង់ ទីប្រឹក្សា​ច្បាប់ ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និង​ក្រុមហ៊ុន​ជិត ៥.០០០នាក់។ ការទិញ​អចលនទ្រព្យ​នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ២៥លាន​ដុល្លារ និង​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជា ៥ពាន់​នាក់។

ចំពោះ​ព្រឹត្តិការណ៍​ទី​ពីរ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រៀងរាល់ ខែតុលា ឆ្នាំ២០១៨ ដោយមាន​អ្នកជំនាញ និង​ប្រធាន​ក្រុមហ៊ុន​ជាតិ និង​អន្តរ​ជាតិប្រមាណ១១ រូប បានមក​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទល្អៗជុំវិញ​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​មាន​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍​ផលិតផល​ប្រមាណ​ជិត ២០០ក្រុមហ៊ុន។ ក្នុងនោះ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ និង​គម្រោង​លំនៅដ្ឋាន​ដាក់តាំង​បង្ហាញ​ជាច្រើន។ ក្រុមហ៊ុន​ក្រៅពីនេះ​ក៏មាន​ការតាំង​បង្ហាញ​ពី​វិស័យ​ហិរញ្ញវត្ថុ​មួយចំនួន​ដែល​រួមមាន៖ ធនាគារ ANZ Royal ធនាគារ​ភ្នំពេញ​ពាណិជ្ជ ធនាគារ PPCBank និង​ធនាគារ RHB។

២- ក្រុមហ៊ុន IcVex ដែល​មកពី​ប្រទេស​ថៃ បានរៀបចំ​កម្មវិធី​ពិព័រណ៍​រយៈពេល ៣ ថ្ងៃ នៅអំឡុងខែ​ឧសភា​ជារៀងរាល់ឆ្នាំនៅ​មជ្ឍមណ្ឌលសន្និបាត និង ​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​បង្ហាញ​ពី​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​សំណង់ និង​ការ​រចនា​ផ្នែក​ខាង​ក្នុង​អគារ។ ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចំនួន ១៥០ បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង នៅឆ្នាំ២០១៨នេេះ ដោយបានដាក់បង្ហាញ​​ផលិតផល​សម្ភារ​ផ្ទះបាយ បន្ទប់ទឹក ឥដ្ឋការ៉ូ គ្រឿងសង្ហារិម និង​ក្រុមហ៊ុន Interior Design ជាដើម។ នេះ​គឺជា​លើក​​ទី ៣ ហើយ​ដែល​ក្រុមហ៊ុន ICVeX Co., Ltd បាន​សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា​រៀបចំ​ពិព័រណ៍​នេះ​ឡើង​។

៣-ពិព័រណ៍ CAMBUILD ដែល​រៀបចំ​ដោយ ក្រុមហ៊ុន AMB Events នៅរៀងរាល់ខែកញ្ញា​ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដោយបាន​តាំង​ផលិតផល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្ថាបត្យកម្ម​អគារ និង​សំណង់ អន្ដរជាតិ​ធំជាងគេ​បំផុត​របស់​កម្ពុជា ហើយ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ប្រធានបទ​គំនិត​ច្នៃប្រឌិត ការ​រចនា និង​ការរៀបចំ​បែប​ទីក្រុង​បៃតង សម្រាប់​ទីក្រុង​វៃ ឆ្លាត​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។ ដោយមាន​ក្រុមហ៊ុន​សំណង់ និង​គូសរ​ប្លង់​ជាច្រើនផ្សេងៗគ្នា​ដូចជា អគ្គិសនី និង​វិស្វកម្ម ប្រព័ន្ធ​ទឹកស្អាត​និង​កាកសំណល់ ប្រព័ន្ធ​សុវត្ថិភាព និង​គ្រឿង​ពន្លត់​អគ្គិភ័យ ម៉ាស៊ីនត្រជាក់ និង​ប​ន្សុ​ត។ ក្រុម​ហ៊ុន​​ទាំងនេះ មកពី​ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន និង​ស្រីលង្កា​ផងដែរ។

៤- ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ដែល​រៀបចំ​ដោយ​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ​បានរៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​ចំនួន ៥លើក ដើម្បី​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​បរទេស​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ជា​សម្ភា​រ​បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់។ ផលិតផល​ទាំងអស់​សុទ្ធតែ​ផលិតផលទំនើបៗមានគុណ​ភាព និង​ស្តង់​ដារល្អៗ រួមទាំង​សេវា​លក់​អចលនទ្រព្យ, ផ្ទះសម្បែង, សេវា​ធនាគារ, ធានារ៉ាប់រង, សេវា​កម្ចី​ប្រាក់​សម្រាប់​ទិញ​ផ្ទះ និង​​កិច្ចការ​វិនិយោគផ្សេងៗ និង​ប្រព័ន្ធ​បច្ចេកវិទ្យាថ្មីៗ ទំនើបៗដែល​បាន​នាំចូល​ពី​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភព​លោក​។

ផលិតផល​ទាំងនោះ​មានដូចជា ការ​តម្លើង​ប្រព័ន្ធ​ទឹក, អគ្គីសនី, ម៉ាស៊ីនត្រជាក់ និង​កា​ម៉េ​រ៉ា​សុវត្ថិ​ភា​ជាដើម។ ក្នុង​ចំណោ​ម​ក្រុមហ៊ុន​ទាំងនេះ មាន​ក្រុមហ៊ុន​ខ្លះ​ជា​របស់​បរទេស​មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ ថៃឡង់​ដ៏ សឹង្ហ​បុរី ស៊ុយ​អ៊ែត ស្វី​ស​ហ្សេ​​លែ​ន ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង វៀតណាម និង​ឥណ្ឌូនេស៊ី​ជាដើម៕

អំពី Soth Koemsoeun