ទំនប់​វារីអគ្គិសនីសេសានក្រោម២​ សម្ពោធ​ដំណើរការ​​ផ្លូវការ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ទំនប់​វារីអគ្គិសនីសេសានក្រោម២​ សម្ពោធ​ដំណើរការ​​ផ្លូវការ

ទំនប់​វារីអគ្គិសនីសេសានក្រោម២​ សម្ពោធ​ដំណើរការ​​ផ្លូវការ

ទំនប់​សេសាន​ក្រោម២ ​ជា​ទំនប់​វារីអគ្គិសនី​ថ្មី​​ដ៏​ធំ​បំផុត​​ដែល​​​​​សាងសង់​​នៅ​​លើ​ទន្លេ​សេសាន ក្នុង​ខេត្ត​ស្ទឹងត្រែង ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ត្រូវ​​បាន​​​សម្ពោធ​​​ដាក់​​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​​ហើយ។

ក្រោយពី​​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ២០១៤ ទ្វា​របស់​ទំនប់​​នេះ​ត្រូវ​បាន​បិទ​នៅ​ខែ​កញ្ញា ឆ្នាំ២០១៧ ហើយ​នៅ​ខែ​វិច្ឆិកា ​តួប៊ីន​ដំបូង​បាន​ចាប់ផ្ដើម​ផលិត​អគ្គិសនី។ ឥឡូវ ​គម្រោង​​ផ្គត់ផ្គង់​អគ្គិសនី​ធំ​បំផុត​នៅ​កម្ពុជា​មួយ​នេះ​​ត្រូវ​បាន​​​សម្ពោធ​​​ដាក់​​​ឲ្យ​​ដំណើរការ​​ទាំងស្រុង ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ២០១៨។

ទំនប់​សេសាន​ក្រោម២ មាន​​តួប៊ីន​ទាំងអស់៨​ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន​​រហូត​ដល់​ទៅ​៤០០មេហ្កាវ៉ាត់ ក្រោម​​​កិច្ចព្រមព្រៀង​​វិនិយោគ​រួមគ្នា​​ចុះ​នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១២ រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែល​មាន​ភាគហ៊ុន៣១% និង​ក្រុមហ៊ុន​ចិន Hydrolancang International Energy ដែល​មាន​ភាគហ៊ុន៥១% ​ជា​​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China Huaneng Group បន្ទាប់ពី​​ក្រុមហ៊ុន​វៀតណាម​ EVN បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​ ប៉ុន្តែ​នៅ​រក្សា​ភាគហ៊ុន​​​ក្នុង​គម្រោង​១០%។

យោង​តាម​ការ​សិក្សា​​លទ្ធភាព​ដំបូង​​ក្នុង​ឆ្នាំ១៩៩៩ ដែល​​ផ្ដល់​មូលនិធិ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ទំនប់​សេសាន​ក្រោម២ជា​គម្រោង​​មាន​ផល​ប៉ះពាល់​បរិស្ថាន​ធំ​បំផុត។ វា​មាន​កម្ពស់៧៥ម៉ែត្រ ប្រវែង​៧.៧២៧​ម៉ែត្រ ដែល​មាន​សមត្ថភាព​​ស្តុក​ទឹកសរុប ១.៧៩០.០០០ម៉ែត្រ​គីប ដោយ​គ្រប់​ដណ្ដប់​ផ្ទៃ៧៥​គីឡូ​ម៉ែត្រ​ការ៉េ និង​​ជា​​​គម្រោង​ BOT (សាងសង់ ដំណើរការ និង​ផ្ទេរ) ក្នុង​​​រយៈពេលសប្បទាន៤៥ឆ្នាំ ដែល​មាន​តម្លៃ​សាងសង់​សរុប៧៨១.៥២លាន​ដុល្លារ។

​​សម្ដេច​ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​​ថា វារីអគ្គិសនី​សេសាន​ក្រោម​២ នឹង​ផ្ដល់​ការងារ​និង​មុខរបរ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ចំណូល​ពន្ធ​រដ្ឋ​។ ជា​ពិសេស​ វា​​នឹង​ជួយ​បង្កើន​កម្រិត​ឯករាជ្យ​និង​សន្តិសុខ​​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា ក៏ដូចជា​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោម​​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​​ទឹក ផ្លូវ ភ្លើង និង​មនុស្ស​។

អំពី Dara Hon