សម្តេចហ៊ុន សែន រំលេចសក្ដានុពល៦ចំណុចទាក់ទាញវិនិយោគិនវៀតណាមមកកម្ពុជា – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / សម្តេចហ៊ុន សែន រំលេចសក្ដានុពល៦ចំណុចទាក់ទាញវិនិយោគិនវៀតណាមមកកម្ពុជា

សម្តេចហ៊ុន សែន រំលេចសក្ដានុពល៦ចំណុចទាក់ទាញវិនិយោគិនវៀតណាមមកកម្ពុជា

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបជាមួយក្រុមពាណិជ្ជករ និងអ្នកធុរកិច្ចវៀតណាមជាច្រើននាក់នៅក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជាដែលធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១៨។

នៅចំពោះមុខអ្នកវិនិយោគវៀតណាម ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវសក្ដានុពល​វិនិយោគ​និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាចំនួន៦ចំណុចដើម្បីឲ្យពួកគេពិចារណាមកវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា៖

ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ទី២៖កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។

ទី៣៖កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនិងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ។

ទី៤៖កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។

ទី៥៖ទំនិញផលិតនៅកម្ពុជាមិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ៣ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។

និងទី៦៖ កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការជៀងវាសការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនាឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជាមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាមនិងកម្ពុជា។

សម្តេចក៏សូមសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផលជាពិសេស គឺសន្តិ-ភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពនិងភាពអាចប៉ាន់ប្រមាណបាន៕

អំពី Vutha Tim