វិស្វករជាង 3ពាន់នាក់បានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / វិស្វករជាង 3ពាន់នាក់បានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា

វិស្វករជាង 3ពាន់នាក់បានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា

ភ្នំពេញ: វិស្វករកម្ពុជាចំនួនជាង 3.០០០នាក់បានមកចុះបញ្ជីនៅគណៈ​​វិស្វករ​កម្ពុជា គិតត្រឹមចុងឆ្នាំ២០១៨នេះ​ ដោយមាន​ជំនាញ​សំខាន់ៗរួមមាន អគ្គីសនី កសិកម្ម រ៉ែ សំណង់​ស៊ីវិល និង​វិស័យ​សំខាន់​ផ្សេង​ៗទៀត ដើម្បីទទួលបានសិទ្ធិប្រកបការងារ បើកអាជីវកម្ម និងទទួលម៉ៅការសំណង់នានានៅក្នុងប្រទេសកម្ពុជា។

លោក លឹម សុ​ថាវ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា​បានប្រាប់សារព័ត៍មាន KHB Media ថា វិស្វករ​ដែល​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុ​ជា​​សព្វថ្ងៃនេះ​មាន​ចំនួន​ជាង 3.០០០នាក់​ហើយ ដោយមាន​ជំនាញ​សំខាន់ៗរួមមាន អគ្គីសនី កសិកម្ម រ៉ែ សំណង់​ស៊ីវិល និង​វិស័យសំខាន់ផ្សេងៗទៀត។

លោក​បន្តថា ​វិស្វករដែលមកចុះបញ្ជីរួចរាល់ ត្រូវបានក្រុមហ៊ុនសំណង់ធំៗជាតិ និងអន្តរជាតិ​ទទួលស្គាល់ និងមានទំនុកចិត្តខ្ពស់ក្នុងជួល ឬប្រគល់ការងារណាមួយឲ្យធ្វើ។ ម្យ៉ាងវិញទៀត​ពួកគាត់នឹងមានការទទួលស្គាល់ (Credit) ខ្ពស់សម្រាប់ជាអំណះអំណានប្រាប់ទៅម្ចាស់អាជីវកម្មសាងសង់ណាមួយ។

លោក​បន្តថាការចុះឈ្មោះ​ជា​សមាជិក​គណៈ​វិស្វករ​កម្ពុជានេះវិស្វករទាំងអស់អាចធ្វើការ​បានត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ គឺខុសពីការចុះបញ្ជីនៅគណៈវិស្វករអាស៊ាន (ASEAN Engineer​)។

លោក លឹម សុថាវ បញ្ជាក់ថា៖«បើមានឈ្មោះនៅអាស៊ាន ពួកគេ​អាច​​ចល័ត​ទៅ​ធ្វើការ​នៅក្នុង​តំបន់​អា​ស៊ាន​​បាន​​ ដោយមាន​ឱកាស​សិក្សា រៀនសូត្រ​ជំនាញ ឬ​សិក្សា​វគ្គ​ខ្លី​ជា​មួយ​ជាតិ​បរ​ទេសផ្សេងៗដោយ​ឥតគិតថ្លៃ ​​​មាន​សិទ្ធិ​ដេញ​ថ្លៃ​ការសាងសង់​ក្នុង​តំបន់ (ម៉ៅការ) និង​មានឱកាស​ក្លាយជា​អ្នក​គ្រប់​គ្រង​​ការ​ដ្ឋាន​ទាំងមូល»។

នៅកម្ពុជាវិស័យវិស្វកម្មត្រូវបានគ្រប់គ្រងដោយ គណៈវិស្វករកម្ពុជា ដែលត្រូវបានបង្កើតឡើង​នៅ​ឆ្នាំ២០០៨ ដោយស្ថិតក្រោមចំណុះរបស់គណៈរដ្ឋមន្រ្តី។ យោងតាមការសិក្សារបស់ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន ​(JICA) កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា កម្ពុជាមាន​ចំនួន​វិស្វករជំនាញ តិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារដែលត្រូវការធនធាន​វិស្វករគុណភាពប្រមាណជា ៣៥.០០០នាក់ នៅចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០។ 

ឯកឧត្តម ពេជរ សោភ័ណ រដ្ឋលេខាធិការ ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ចាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានថ្លែងនៅក្នុងសន្និបាត​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ២០១៧និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា កាលពី​ខែមេសាឆ្នាំ២០១៨ ថា គណៈវិស្វករ​កម្ពុជាបានចុះបញ្ជីវិស្វករសរុបចំនួន ៣.០៤៥ នាក់ (បរទេសចំនួន១៤នាក់) ដែលក្នុងនោះរួមមាន សំណង់ស៊ីវិល ៧៦% និងអគ្គិសនី ៧,៥% មេកានិច៣% វិទ្យាសាស្រ្តកុំព្យូទ័រ ៣% ភូគភ្ភសាស្រ្តរ៉ែ ២%គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោ​សល្យ​ជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥% ។

តាម​របាយការណ៍​បូកសរុប​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថាក្នុង​រយៈ​ពេល​២០ឆ្នាំ​មកនេះ ក្រសួង​បានចុះបញ្ជីរូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ចំនួន ២២២រូប ខណៈគណៈ​ស្ថាបត្យករ​កម្ពុជា​ បាន​ចុះបញ្ជី​ស្ថាបត្យករ​​ចំនួន៧១៤រូប រីឯគណៈ​វិស្វករ​កម្ពុជា បានចុះបញ្ជីវិស្វករថ្នាក់ជាតិចំនួន ៤៦រូប(បរទេសមួយរូប)៕

អំពី Vutha Tim

អតិថិជនរបស់យើង

ដៃគូរបស់យើង