វិស្វករកម្ពុជាជាង ៦០នាក់ ត្រូវបានទទួលស្គាល់ជាសមាជិកវិស្វករអាស៊ានឆ្នើម – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / វិស្វករកម្ពុជាជាង ៦០នាក់ ត្រូវបានទទួលស្គាល់ជាសមាជិកវិស្វករអាស៊ានឆ្នើម

វិស្វករកម្ពុជាជាង ៦០នាក់ ត្រូវបានទទួលស្គាល់ជាសមាជិកវិស្វករអាស៊ានឆ្នើម

ភ្នំពេញ: វិស្វករ​កម្ពុជា​ចំនួន​ជាង ៦០នាក់ ត្រូវបាន​គណៈ​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន (ASEAN Chartered​ Professional ​Engineering) ទទួលស្គាល់​ឲ្យ​ចូល​ជា​សមាជិករបស់ខ្លួនជាផ្លូវការកាលពីពេលថ្មីៗនេះ បន្ទាប់ឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងពីគណៈកម្មការវិស្វករអាស៊ាន។

ឯកឧត្តម លឹម សុ​ខថាវ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា ​បាន​ថ្លែងថា គណៈ​វិស្វករ​អា​ជីព​​ឆ្នើម​អាស៊ាន (ASEAN Chartered Professional Engineering) ទទួលស្គាល់​ឲ្យ​ចូល​ជា​ស​មា​ជិក​​វិស្វករ​​កម្ពុ​​ជា​ជា​ង​ ៦០នាក់​ហើយ​ គិតត្រឹមឆ្នាំ២០១៨នេះ ខណៈ​វិស្វករ​កម្ពុជា​ចំនួន​​​ជាង ៤០០​នាក់ផ្សេងទៀត ត្រូវបាន​គណៈកម្មការ​ស​មា​ជិក​​វិស្វករ​អាស៊ាន​ទទួល​ចុះបញ្ជី​ឲ្យ​ចូល​សមាជិក​ខ្លួនផងដែរ។

លោក​បន្តថា ការចុះឈ្មោះ​ជា​សមាជិក​គណៈ​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន (ASEAN​ Chartered​Professional Engineering​) ពិត​ជាមាន​អត្ថប្រយោជន៍​ជាច្រើន ជាពិសេស​​​​កេត្តិយសរបស់​​​ប្រទេសជាតិ។ លើសពីនេះ ពួកគេ​អាច​​ចល័ត​ទៅ​ធ្វើការ​នៅក្នុង​តំបន់​អា​ស៊ាន​​បាន​ដោយ​រលូន ដោយមាន​ឱកាស​សិក្សា រៀនសូត្រ​ជំនាញ ឬ​សិក្សា​វគ្គ​ខ្លីៗ​ជា​មួយ​ជាតិ​បរ​ទេសផ្សេងៗដោយ​ឥតគិតថ្លៃ ប៉ុន្ដែ​បើ​គិតថ្លៃ ក៏​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ដែរ។ ពួកគេក៏​​មាន​សិទ្ធិ​ដេញ​ថ្លៃ​ការសាងសង់​ក្នុង​តំបន់ (ម៉ៅការ) និង​មានឱកាស​ក្លាយជា​អ្នក​គ្រប់​គ្រង​​ការ​ដ្ឋាន​ទាំងមូល ឬ​ជា​អ្នកដឹកនាំ​នៅ​ការដ្ឋាន​ណាមួយ ឬ​ប្រធាន​បច្ចេកទេស​ជាដើម។

វិស្វករដ៏ឆ្នើមរបស់កម្ពុជារូបនេះ បាន​បញ្ជាក់ថា វិស្វករ​អាស៊ាន​ត្រូវ​ទទួលស្គាល់​ត្រឹមតែ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន (ASEAN Federation of​ Engineering Organization) ប៉ុណ្ណោះ ប៉ុន្ដែ​​មិន​ទាន់​​ជា​ផ្លូវការ​នៅឡើយ​ទេ។ ប្រសិនបើ​ពួកគាត់​ចង់​ចូល​ជា​សមាជិក​វិស្វករ​អាជីព​ឆ្នើម​អា​ស៊ាន ពួកគាត់​ត្រូវតែ​ឆ្លងកាត់​គណៈកម្មាធិការ​វាយតម្លៃ​ផ្នែក​វិជ្ជាជីវៈ ដែលហៅថា​គណៈកម្មការ​ជាតិ​កម្ពុជា ដើម្បី​បញ្ជាក់ថា ពួកគាត់​មាន​វិជ្ជាជីវៈ​គ្រប់គ្រាន់ មានចំណេះដឹង បច្ចេកទេស បទពិសោធន៍​ចាប់​ពី៧ឆ្នាំ​ឡើងទៅ​ សីលធម៌​ល្អ​គ្រប់​លក្ខខណ្ឌ​របស់​អាស៊ាន ហើយ​ត្រូវបាន​គណៈកម្មការ​ជាតិ​វាយតម្លៃថា​ល្អ​ជាមុនសិន។

លោក​បន្តថា ចំពោះ​លក្ខខណ្ឌ​នៃ​ការចូល​ជា​សមាជិក​វិស្វករ​អាស៊ាន​មិនសូវមាន​ការលំបាក​ទេ ប្រសិនបើ​គណៈ​កម្មា​ធិ​កា​រ​​ជាតិ​កម្ពុជា​វាយតម្លៃថា​ល្អ នោះគណៈកម្មការ​អាស៊ាន​ក៏​គេ​នឹង​ទទួ​ល​យកតាម​ការណែនាំ​របស់​កម្ពុជា​ដែរ ព្រោះ​យើង​បាន​វាយតម្លៃ​ដោយ​ផ្អែកលើ​សុក្រឹតភាព យុត្តិ​ធម៌ ត្រឹមត្រូវ អ្នកមាន​សមត្ថភាព​ពិតប្រាកដ និង​មនុស្ស​ដែលមាន​គុណភាព។

លោក​បន្ថែមថា៖«ខ្ញុំ​សូម​ជំរាប​ថា ដើម្បី​ក្លាយជា​សមាជិក​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន បេក្ខជន​ទាំងអស់ ត្រូវតែ​ជា​វិស្វករ​ដែល​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ជាមុនសិន ហើយ​បន្ត​ខិត​ខំ​​ប្រឹងប្រែង​ឲ្យ​ចុះឈ្មោះ​ក្លាយជា​វិស្វករ​អាស៊ាន​សិន បន្ទាប់​មកទៀត បើ​ពួកគាត់​ចង់​ក្លាយ​ជា​សមាជិក​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​ទៀត ក៏ត្រូវ​ឆ្លងកាត់​បទពិសោធន៍​យ៉ាង​តិច​៧ឆ្នាំ ហើយ​​ដំណាក់កាលនីមួយៗត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ពី​គណៈកម្មការ​ជំនាញ​ទាំងអស់»៕

លោក ទី ប៊ុន​នី ជា​វិស្វករ​ម្នាក់​ដែល​បាន​ក្លាយជា​សមាជិក​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​(ASEAN Chartered Professional Engineering) កាលពីពេលថ្មីៗនេះ​បាន​ថ្លែងថាវិស្វករកម្ពុជាទាំងអស់គួរនាំគ្នាទៅចុះបញ្ជីនៅគណៈវិស្វករកម្ពជា ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើន លើសពីការរំពឹងទុក។

លោកបន្តថា ​ពេលចុះឈ្មោះនៅគណៈ​វិស្វករកម្ពុជា វិស្វករអាចស្នើរសុំជាសមាជិកវិស្វករ​អាស៊ានបន្តទៀត ព្រោះបេក្ខជន​​មាន​អាជីព និង​ជំនាញរៀងៗខ្លួន​រួច​ទៅ​ហើយ។«ខ្ញុំថាវិស្វករខ្មែរយើងគួរតែចុះបញ្ជីនៅគណៈវិស្វករកម្ពុជាព្រោះវាងាយស្រួលដល់ការងារយើងច្រើនបើសិនជាមានក្រុនហ៊ុនបរទេសណាគេត្រូវការសហការជាមួយយើង គឺយើងមាន Credit ស្រាប់ អ៊ីចឹងយើងអាចចរចាជាមួយគេបាន»​។

នៅកម្ពុជាវិស័យវិស្វកម្ម ត្រូវបានគ្រប់គ្រងដោយ គណៈវិស្វករកម្ពុជា ដែលត្រូវបានបង្កើតឡើង​នៅ​ឆ្នាំ២០០៨ ដោយស្ថិតក្រោមចំណុះរបស់គណៈរដ្ឋមន្រ្តី។ យោងតាមការសិក្សារបស់ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន​(JICA) កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាមាន​ចំនួន​វិស្វករជំនាញ តិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារ ដែលត្រូវការធនធាន​វិស្វករគុណភាពប្រមាណជា ៣៥.០០០នាក់ នៅចន្លោះពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២០។ 

ឯកឧត្តម ពេជ្រ សោភ័ណរដ្ឋលេខាធិការ ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ចាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានថ្លែងនៅក្នុងសន្និបាត​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា កាលពី​ខែមេសាឆ្នាំ២០១៨ ថា គណៈវិស្វករ​កម្ពុជាបានចុះបញ្ជីវិស្វករសរុបចំនួន ៣.០៤៥ នាក់ (បរទេសចំនួន១៤នាក់) ដែលក្នុងនោះរួមមាន សំណង់ស៊ីវិល ៧៦% និងអគ្គិសនី ៧,៥% មេកានិច ៣% វិទ្យាសាស្រ្តកុំព្យូទ័រ ៣% ភូគភ្ភសាស្រ្ត រ៉ែ ២% គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោ​សល្យ​ជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥% ។

តាម​របាយការណ៍​បូកសរុប​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថា ក្នុង​រយៈ​ពេល​២០ឆ្នាំ​មកនេះក្រសួង​បានចុះបញ្ជីរូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ចំនួន២២២រូប ខណៈគណៈ​ស្ថាបត្យករ​កម្ពុជា​ បាន​ចុះបញ្ជី​ស្ថាបត្យករ​​ចំនួន៧១៤រូប រីឯគណៈ​វិស្វករ​កម្ពុជាបានចុះបញ្ជីវិស្វករថ្នាក់ជាតិចំនួន ៤៦រូប (បរទេសមួយរូប)៕

អំពី Vutha Tim