អ្នកជំនាញ៖កម្ពុជាត្រូវការវិទ្យាស្ថានវិស្វកម្មអគ្គិភ័យ ដើម្បីកាត់បន្ថយឧប្បត្តិហេតុភ្លើងឆេះសំណង់អគារ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / អ្នកជំនាញ៖កម្ពុជាត្រូវការវិទ្យាស្ថានវិស្វកម្មអគ្គិភ័យ ដើម្បីកាត់បន្ថយឧប្បត្តិហេតុភ្លើងឆេះសំណង់អគារ

អ្នកជំនាញ៖កម្ពុជាត្រូវការវិទ្យាស្ថានវិស្វកម្មអគ្គិភ័យ ដើម្បីកាត់បន្ថយឧប្បត្តិហេតុភ្លើងឆេះសំណង់អគារ

ភ្នំពេញ៖ បច្ចុប្បន្ននេះ អគារតូច ធំជាច្រើនកំពុងរីកដូចផ្សិតនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនោះ អគារមួយចំនួនត្រូវបានបំពាក់ប្រព័ន្ធការពារអគ្គិភ័យ និង បរិក្ខារពន្លត់អគ្គីភ័យបានយ៉ាងល្អ។ ប៉ុន្តែក៏មានអគារមួយចំនួនទៀតនៅប្រឈមនឹងហានិភ័យនៃការកើតមានឧប្បត្តិហេតុអគ្គិភ័យនៅឡើយ។

លោក Bernard Mak នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន MAXTRAD ដែលផ្គត់ផ្គង់ និងរៀបចំប្រព័ន្ធការពារអគ្គិភ័យនៅតាមគម្រោងសាងសង់នានានៅកម្ពុជា បានអះអាងថា មូលហេតុនៃការប្រឈមនឹងហានិភ័យអគ្គិភ័យនេះគឺបណ្តាលមកពីកត្តាចំណេះដឹងមិនគ្រប់គ្រាន់អំពីសុវត្ថិភាពអគ្គិភ័យ ការឌីហ្សាញប្រព័ន្ធអគ្គិភ័យមិនត្រឹមត្រូវ ការប្រើប្រាស់សម្ភារមិនត្រឹមត្រូវ កង្វះច្បាប់សំណង់អគារ ​(Building Code) និងការអនុវត្តមិនល្អ។

ដូច្នេះហើយដើម្បីនូវពង្រឹងផ្នែកការពារអគ្គិភ័យនេះ លោក Bernard Mak មានបំណងចង់ឲ្យមានការបើកនូវវិទ្យាស្ថានវិស្វកម្មអគ្គិភ័យមួយនៅកម្ពុជា ដែលនឹងជួយបណ្តុះបណ្តាលវិស្វករឲ្យមានចំណេះដឹង និងជំនាញលើផ្នែកការពារអគ្គិភ័យបានកាន់តែប្រសើរឡើង។ លោកបញ្ជាក់ថា៖ “វិទ្យាស្ថានវិស្វកម្មអគ្គិភ័យមិនមែនកើតឡើងថ្មីទេ តែវាមិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់នៅកម្ពុជានៅឡើយ។ ដូច្នេះយើងបានសម្រេចចិត្តទទួលខុសត្រូវ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានពីការពារអគ្គិភ័យដល់ពួកគេ”។

គួរបង្ហាញឲ្យដឹងថា ឧស្សាហកម្មសំណង់ គឺជាវិស័យដ៏សំខាន់ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ។ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ វិស័យនេះបានស្រូបយកទុនវិនិយោគប្រហែល​៤២ពាន់​លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយសារតែវាជាវិស័យសំខាន់បែបនេះហើយ ទើបលោកនាយកគ្រប់គ្រងក្រុមហ៊ុន MAXTRAD បានគិតគូរយ៉ាងខ្លាំងលើការការពារអគ្គិភ័យ។ លោក Bernard Mak បានសង្កត់ធ្ងន់ថា វិទ្យាស្ថានវិស្វកម្មអគ្គិភ័យអាចជួយវិស្វករក្នុងការច្នៃប្រឌិតការឌីហ្សាញរបស់គេ ហើយពួកគេអាចចែករំលែកចំណេះដឹងរបស់ខ្លួននៅក្នុងឧស្សាហកម្ម​សាង​សង់ ដែលធ្វើឲ្យសំណង់អគារមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។

លោក Bernard Mak អគ្គនាយកក្រុមហ៊ុន MAXRADE

អគ្គិភ័យ គឺជាគ្រោះមហន្តរាយដ៏ចម្បងមួយដែលជាក្តីព្រួយបារម្ភរបស់ម្ចាស់អគារ និងប្រជាពលរដ្ឋទូទៅ។ គិតចាប់តាំងពីដើម​ខែ​មករា​ មកដល់ដើមខែ​ធ្នូ ឆ្នាំ​ ២០១៨នេះ គ្រោះអគ្គិភ័យបានកើតឡើង៩៧ករណីនៅ​ក្នុងរាជធានីភ្នំពេញ ដោយបណ្តាលឲ្យមនុស្ស ៥ ​នាក់​ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ២០ លាន​ដុល្លារ​អាមេរិក។ ​គ្រោះ​អគ្គិភ័យទាំងនេះ ភាគច្រើន​បណ្ដាល​មកពី​ការទូស្សេ​ចរន្ត​អគ្គិសនី និង​ផ្ទុះ​កំប៉ុង ឬ​ធុង​ហ្គាស។ នេះបើតាមអង្គភាព​នគរបាល​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ។

លោកលឹម សុខថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានសម្តែងនូវការស្វាមន៍ចំពោះការចង់ឲ្យមានវិទ្យាស្ថានវិស្វកម្មអគិ្គភ័យនៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ដូច្នេះថា៖ “អាហ្នឹងល្អ វាជួយបំពាក់បំប៉នទៅលើជំនាញដល់វិស្វកររបស់យើងនៅក្នុងប្រទេសយើងដែលកំពុងអភិវឌ្ឍន៍”។ លោកបានអះអាងឲ្យដឹងដែរថា បច្ចុប្បន្ននេះ វិស្វករកម្ពុជាមួយចំនួនមិនបានយល់ដឹងទូលំទូលាយទេពីបញ្ហាការពារអគ្គិភ័យនេះ តែយ៉ាងណាក៏មានលក្ខណៈប្រសើរជាងមុនដែរ។ សម្រាប់លោក ប្រសិនបើកម្ពុជាមានវិទ្យាស្ថានវិស្វកម្មអគ្គិភ័យនោះ វិស្វករកម្ពុជានឹងយល់ដឹងកាន់តែបានច្រើនបន្ថែមទៀតពីការការពារអគ្គិភ័យ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ គណៈវិស្វករកម្ពុជា​បាន​ចុះបញ្ជី​​វិស្វករ​ចំនួន​ជាង ៣.០០០នាក់​ហើយ ដោយមាន​ជំនាញ​សំខាន់ៗរួមមាន អគ្គីសនី កសិកម្ម រ៉ែ សំណង់​ស៊ីវិល និង​វិស័យសំខាន់ផ្សេងៗទៀត។ នៅក្នុងនោះ​វិស្វករ​កម្ពុជា​ចំនួន​ប្រមាណ​ជាង ៤០០នាក់ ត្រូវបាន​គណៈកម្មការ​សមាជិក​វិស្វករ​អាស៊ាន​ ទទួល​ចុះបញ្ជី​ឲ្យ​ចូល​សមាជិក​ខ្លួន។ បន្ថែម​លើ​នេះ គណៈ​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន (ASEAN​ Chartered Professional Engineer) ក៏បានចុះបញ្ជី​វិស្វករ​កម្ពុ​ជាជាង ៦០នាក់ ជាសមាជិក​ហើយ​ បើគិតមកដល់ពេលនេះ៕

អំពី Van Sokunthea

អតិថិជនរបស់យើង

ដៃគូរបស់យើង