រចនាបថ​មន្ទីរពេទ្យ​លំដាប់​ពិភពលោក​សិង្ហបុរី – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / ឌីហ្សាញ / រចនាបថ​មន្ទីរពេទ្យ​លំដាប់​ពិភពលោក​សិង្ហបុរី

រចនាបថ​មន្ទីរពេទ្យ​លំដាប់​ពិភពលោក​សិង្ហបុរី

Ng Teng Fong General Hospital (NTFGH) គឺ​ជា​មន្ទីរពេទ្យ​មិនធម្មតា​​មួយ​​នៃ​បរិស្ថាន​​ព្យាបាល ដែល​បាន​បង្ហាញ​​ជា​គំរូ​សម្រាប់​មន្ទីរពេទ្យ​នានា​នៅ​ទូទាំង​ពិភពលោក។

មន្ទីរ​ពេទ្យ​នេះ​ត្រូវ​បាន​រចនា​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ HOK ដើម្បី​ធ្វើជា​គំរូ​មួយ នៃ​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សុខាភិបាល​​សិង្ហបុរី ​ក្នុង​ការ​ផ្ដល់​​ការ​ព្យាបាល​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​​តម្លៃ​សមរម្យ​សម្រាប់​ទាំង​អស់​គ្នា។

មន្ទីរពេទ្យ​នេះ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ២០១២​ និង​​​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០១៥ ​ដែលមាន​ចំនួន៧០០គ្រែ និង​តម្លៃ​សាងសង់​សរុប ​៦៣៥លាន​ដុល្លារ​សិង្ហបុរី ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​មន្ទីរពេទ្យ​សហគមន៍ Jurong។ ​ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ចែក​រំលែក​នូវ​កន្លែង​ផ្ដល់​សេវា ​ដូចជា​ម៉ាស៊ីន​រូបភាព​ឌីជីថល ឱសថដ្ឋាន ​ការ​ផ្ដល់​ម្ហូបអាហារ កំណត់​ត្រា​​វេជ្ជសាស្ត្រ កន្លែង​រក្សា​ឱសថ និង​មណ្ឌល​​​បណ្ដុះបណ្ដាល។

វា​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ព្យាបាល​ដ៏​ទំនើប​​គ្រប់​ប្រភេទ។ និង​មាន​​រចនាបថ​ប្រកប​ដោយ​និរន្តរភាព ដែល​បង្កើត​​មុខងារ​មួយ​ដូចជា​សួនច្បារ​​​​ព្យាបាល។ គ្រប់​កន្លែង​របស់​អ្នកជំងឺ​ទាំងអស់​មាន​បង្អួច​មួយ ដោយ​មាន​រុក្ខជាតិ សួនច្បារ និង​ពន្លឺ​ធម្មជាតិ​។ ជាន់​នីមួយៗ​​ត្រូវ​បាន​រចនា​ឡើង ដើម្បី​កាត់​បន្ថយ​ពន្លឺ​​ក្ដៅ​ខ្លាំង​ និង​​អាច​ឲ្យ​មាន​បរិមាណ​ចរន្ត​ខ្យល់​អាកាស​ចេញចូល​​ទ្វេ​ដង។ គម្រោង​នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ប្រព័ន្ធ​បម្លែង​​ទឹក​​ក្ដៅ​ដោយ​ប្រើ​ថាមពល​​ព្រះអាទិត្យ ក្រោម​ការ​ទទួលស្គាល់​របស់​​​កម្មវិធី Green Mark នៃ​ប្រទេស​សិង្ហបុរី។

ក្រុម​ការងារ​បាន​ប្រើប្រាស់​ម៉ូដែល​ថាមវន្ត​បម្លែង​ទិន្នន័យ​លម្អិត ការ​វិភាគ​ស្រមោល ការ​វិភាគ​អាកាសធាតុ ម៉ូដែល​​​ពន្លឺថ្ងៃ និង​ម៉ូដែល​​វិភាគ​​​ថាមពល ដើម្បី​​​កាត់​បន្ថយ​ការ​​​ប្រើប្រាស់​ថាមពល និង​នាំមក​បទពិសោធន៍​ថ្មី​សម្រាប់​អ្នកជំងឺ។ គណៈកម្មការ​​បរិស្ថាន AIA COTE បាន​ជ្រើសរើស​គម្រោង​នេះ ជា​​គំរូ​​ដ៏​ល្អ​បំផុត​មួយ នៃ​ឧត្ដមភាព​​រចនាបថ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ឆ្នាំ២០១៧។

 

អំពី Dara Hon