វត្តមានក្រុមហ៊ុន Global House នឹងមិនមានផលអាក្រក់ដល់ក្រុមហ៊ុនក្នុងស្រុកទេ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / វត្តមានក្រុមហ៊ុន Global House នឹងមិនមានផលអាក្រក់ដល់ក្រុមហ៊ុនក្នុងស្រុកទេ

វត្តមានក្រុមហ៊ុន Global House នឹងមិនមានផលអាក្រក់ដល់ក្រុមហ៊ុនក្នុងស្រុកទេ

ភ្នំពេញ: ក្រុម​អ្នកជំនួញ​ផ្នែក​ផ្គត់ផ្គង់​សម្ភារ​សំណង់ និង​តុបតែង​សំណង់​គ្រប់​ប្រភេទ​នៅ​កម្ពុជា​បានលើកឡើង​ថា វត្ត​មាន​​ក្រុមហ៊ុន Global House នាពេលនេះ​មិនបាន​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​លើ​វិស័យ​ផ្គត់​ផ្គង់​សម្ភារសំណង់​នៅ​ប្រទេស​កម្ពុជា​ទេ។ ផ្ទុយទៅវិញ វា​នឹងធ្វើ​ឲ្យ​គ្រឿងសំណង់ និង​សម្ភារតុបតែង​អគារ​កាន់តែ​សម្បូរបែប​​ថែមទៀត។

លោក ប្រាជ្ញ មិនា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Momiza Cambodia ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង តម្លើង សម្ភារទប់ស្កាត់សម្លេង (Acoustic) បាន​អះអាងថា វត្តមាន​ក្រុមហ៊ុន Global House នៅ​ប្រទេស​កម្ពុជា​នាពេលនេះ មិនបានជះឥទ្ធិពល​មិនល្អ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​កំពុងធ្វើការ​ជួញដូ​រ និង​វិនិយោគ​លើ​សេវាកម្ម​ផ្នែក​សម្ភារ​សំណង់ និង​គ្រឿង​តុបតែង​ផ្ទះ ឬ​អគារ​គ្រប់​ប្រភេទ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន Global House នេះ នឹងធ្វើ​ឲ្យ​ទីផ្សារ​កម្ពុជា​កាន់តែ​សម្បូរបែប​ផ្នែក​សម្ភារសំណង់​ ព្រោះ​កម្ពុជា ជា​ប្រទេស​ទីផ្សារសេរីដោយ​រាល់​ទំនិញ​ទាំងឡាយ​ដែល​បាន​ចុះបញ្ជី ឬ​បង់ពន្ធ​ស្របច្បាប់​អាចធ្វើ​ចរាច​រណ៍​​នៅលើ​ទីផ្សារ​កម្ពុជា​បានដោយ​សេរី។

លោក មិនា បាន​បញ្ជាក់ថា៖«វា​ជាធម្មតា​ទេ រឿង​យើង​រកស៊ី វា​មាន​អ្នក​មក​មុន និង​មក​ក្រោយ​ ។ អ៊ីចឹង​ហើយ វា​មិនមាន​អ្វី​ទាស់ខុស​ទេ ព្រោះ​ប្រទេស​យើង​ប្រកាន់​ទីផ្សារសេរី យើង​ទៅ​ឃាត់​គេ​មិច​បាន។ បើតាម​ខ្ញុំ​ផ្ទាល់ វា​គ្មាន​បង្ក​ជា​បញ្ហា​អ្វី​កើត​ឡើង​ទេ តែ​វា​អាចធ្វើ​ឲ្យ​អតិថិជន​កាន់តែ​មាន​ជម្រើស​កាន់តែច្រើន​ថែមទៀត»។

ចំណែក​លោកស្រី ក្រាត់ វ​ត្តី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Dr. Construction (Cambodia) Co., Ltd ដែលជា​ក្រុម​ហ៊ុន​​ផ្គត់ផ្គង់​ផលិតផលការពារជំរាបទឹកនៅតាមសំណង់នានាម៉ាក Dr. Fixit បាន​លើកឡើងថា ទីផ្សារ​លក់​ផលិតផល​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​នៅ​ប្រ​ទេ​ស​កម្ពុ​ជាមាន​លក្ខណៈ​ធំ​ទូលាយ​នៅឡើយ បើទោះបី​ជាមាន​វត្តមាន​ក្រុមហ៊ុន Global House បាន​បើក​ដំណើរ​ការ​នាពេលថ្មីៗនេះ​ក៏ដោយ។

លោកស្រី​បន្តថា ក្រុមហ៊ុន​នេះ នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​ភាពសម្បូរ​បែប​ផ្នែក​សម្ភារ​សំណង់ និង​គ្រឿង​តុបតែង​សំណ​ង់​​តាម​តម្រូវការ​របស់​អតិថិជន។ លោកស្រីវត្តីបញ្ជាក់បែបនេះថា៖ «មួយរយៈ​ចុងក្រោយ​នេះ យើង​ឃើញថា វិស័យ​សំណង់​នៅ​កម្ពុជា​យើង​នេះ កំពុងតែ​រីក​ចម្រើន​កាន់តែខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ជំរុញ​ឲ្យ​វិស័យ​ផ្គត់ផ្គង់​សម្ភារសំណង់​ក៏​កាន់​តែមាន​ទំហំ​ធំ​ជាង​មុន​ ហើយ​ក៏​នៅ​ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​បន្ថែមទៀត​ដែរ»។

សូមបញ្ជាក់ថា ក្រុមហ៊ុន Global House Cambodia ដែលជាក្រុមហ៊ុនលក់​ផលិតផល​គ្រឿងសំណង់ និង​សម្ភារ​ផ្ទះបាយ​ដ៏ទំនើបៗគ្រប់​ប្រភេទ​បានបើកសម្ពោធជា​ផ្លូវការកាលពី​ថ្ងៃទី ០១ ខែធ្នូ​នេះ។ ក្រុមហ៊ុននេះ ក៏បានប្រកាសថា ខ្លួន​នឹង​នាំ​ទំនិញ​ប្រមាណ​ជាង ១០​ម៉ឺន​មុខមក​ផ្គត់ផ្គង់​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ដោយ​ពិនិត្យ​លើ​សក្ដានុពល​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការរីកចម្រើន​លើ​វិស័យ​សំណង់ និង​លំនៅឋាន ទើបក្រុមហ៊ុន LYP Group របស់​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន Sayam Glabal នៃ​ប្រទេស​ថៃ បានរួម​សហការ​គ្នាប​ង្កើ​ត​ក្រុមហ៊ុន Global House Cambodia ដែលជា​អាជីវកម្ម​លក់ដុំ និង​រាយ​បែប​ទំនើប មាន​លក្ខណៈ​ទូលំទូលាយ​ជា​លើកដំបូង​នៅ​កម្ពុជា ផ្គត់​ផ្គង់​សម្ភារៈ​សំណង់ ផលិតផល​តុបតែង​គេហដ្ឋាន និង​ផលិតផល​ប្រើប្រាស់​សម្រាប់​ប្រចាំថ្ងៃ​មិនតិចជាង ១០ម៉ឺនមុខ​ទេ៕

 

អំពី Soth Koemsoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង