៩ខែឆ្នាំ២០១៨ ការផ្តល់សេវាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិកើនឡើងជិត១៩% – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ៩ខែឆ្នាំ២០១៨ ការផ្តល់សេវាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិកើនឡើងជិត១៩%

៩ខែឆ្នាំ២០១៨ ការផ្តល់សេវាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិកើនឡើងជិត១៩%

ការផ្តល់សេវាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិ (អគ្គីភ័យ) ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ មានកំណើនប្រមាណជាង ១៨% ដែលបុព្វលាភសរុបទទួលបានពីវិស័យនេះមានប្រមាណជា ២៤,៥លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើយោងតាមសមាគមធានារ៉ាប់រងកម្ពុជា។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ ការផ្តល់សេវាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិ (អគ្គីភ័យ) មានកំណើនប្រមាណ ១៨,៤% ដែលបុព្វលាភសរុបទទួលបានពីវិស័យនេះមានប្រមាណ​ជា ២៤,៥លានដុល្លារអាមេរិក។

លោកថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន ៨ក្រុមហ៊ុន ដែលបាននឹងកំពុងការផ្តល់សេវាកម្មធានារ៉ាប់រង​លើទ្រព្យសម្បត្តិ (អគ្គីភ័យ)។ លោកបន្តថា នៅឆ្នាំ២០១៩ តម្រូវការសេវាកម្មធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ (អគ្គីភ័យ) នឹងបន្តកើនឡើងថែមទៀត ដោយសារ គម្រោង អគារការិយាល័យ ខុនដូ និងសំណង់ផ្សេងៗនឹងត្រូវបានបញ្ចប់ការសាងសង់ដូច្នេះ ពួកគេនឹងមានតម្រូវការលើការទិញធានារ៉ាប់រងលើទ្រព្យសម្បិត្តិរបស់ពួកគេ។

លោកវ៉ាថារ៉ូ បញ្ជាក់ថា៖«ដោយសក្តានុពល លើវិស័យសំណង់ វិនិយោគ ពីបរទេស និងនៅក្នុងស្រុកចេះតែកើនឡើង ដូច្នេះធានារ៉ាប់រងទ្រព្យសម្បត្តិ(អគ្គីភ័យ) នឹងកើនឡើងផងដែរ»។ លោកថា៖«យើងគិតថាវានឹងមានកំណើនក្នុងរង្វង់​១៥ភាគរយ»។

ដោយឡែក ក្រុមហ៊ុន ហ្វតតេ​ (Forte) ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញពីកំណើនផងដែរ ទៅលើសេវាធានារ៉ាប់រងលើ ទ្រព្យសម្បត្តិ (អគ្គីភ័យ)។ ការផ្តល់សេវាធានារ៉ាប់រងទៅលើ ទ្រព្យសម្បត្តិ (អគ្គីភ័យ) របស់ក្រុមហ៊ុនហ្វតតេមានការកើនឡើងប្រមាណជាង ២០ភាគរយក្នុងឆ្នាំនេះ បើប្រៀបធៀបទៅឆ្នាំមុន។ នេះបើតាមការលើកឡើងរបស់ លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ។ លោកថាបើគិតចាប់ពីខែមករា មកដល់ពេលនេះ ការផ្តល់សេវាធានារ៉ាប់រង ទៅលើវិស័យ អចលនទ្រព្យរបស់ក្រុមហ៊ុនលោកបានកើនឡើង ប្រមាណ ២០ភាគរយ ។

លោកចំរើនឫទ្ធិ បន្តថាបុព្វលាភសរុបពីវ័ស័យធានារ៉ាបរងទៅលើ ទ្រព្យសម្បត្តិ (អគ្គីភ័យ) នៅក្នុងស្ថាប័នរបស់លោកមានរហូតដល់ទៅ៤០ភាគរយ ក្នុងចំណោមបុព្វលាភទូទៅនៃវិស័យធានារ៉ាប់រងនេះនៅក្នុងក្រុមហ៊ុនលោក។

លោក​ ហ៊ុយ វ់ាថារ៉ូ អគ្គនាយកក្រុមហ៊ុន Cambodia Re

លោកចំរើនឫទ្ធិ បន្តថា៖ «បុព្វលាភនៅក្នុងវិស័យអចលនទ្រព្យរបស់យើងកើនប្រមាណ ២០ភាគរយ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧លានដុល្លារអាមេរិក»។ «ការធានារ៉ាបរងទៅលើវិស័យអចលនទ្រព្យរួមមាន ដូចជា ការធានាលើ អគារការិយាល័យ រោងចក្រ សណ្ឋាគារ និងខុនដូជាដើម។»នេះបើតាមលោកចំរើនឫទ្ធិ។

លោករំពឹងថា ការផ្តល់សេវាធានារ៉ាប់រងនៅលើវិស័យនេះ នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ពីព្រោះថាសំណង់ អគារ ការិយាល័យជាច្រើននឹងបញ្ចប់ការសាងសង់នាពេលខាងមុខនេះ។ លោកបន្តទៀតថាកំណើននេះនឹងកើនខ្លាំងបើសិនជា មានការវិនិយោគពីបរទេសមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ។

ទោះជាយ៉ាងណាក៏ដោយ លោកចំរើនឫទ្ធិបញ្ជាក់ថា ការផ្តល់សេវាធានារ៉ាប់រងលើវិស័យអចលនទ្រព្យគឺ មានហានិភ័យខ្លាំង។ លោកថាលោកបានផ្តល់សំណងមួយចំនួនផងដែរនៅក្នុងឆ្នាំនេះ ដោយអតិថិជនជួប ប្រទះនូវ ជំនន់ជន់លិចរោងចក្រ និងភ្លើងឆេះក្លិប កំសាន្តនិងក្រុមហ៊ុន IT ជាដើម។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (Forte Insurance)

លោក ប៉ូ អៀវគង់ នាយកគ្របគ្រង នៃក្រុមហ៊ុន អេស៊ារៀលអ៊ីស្ទេត ខេមបូឌា ខូអិលធីឌីមាន ប្រសាសន៍ថា វិស័យធានារ៉ាប់រង គឺជាផ្នែកមួយក្នុងការចូលរួមចំណែកជំរុញកំណើននៅក្នុងវិស័យ អចលនទ្រព្ យនិងសំណង់។ លោកថាកម្ពុជាមានសំណង់អគារការិយល័យ ខុនដូ សណ្ឋាគារច្រើន នឹងរីកដុះដាលដូចផ្សិត ដូច្នេះពួកគេនិងជាវកញ្ចប់សេវាកម្មធានារ៉ាប់រងដើម្បីការពារ ពីហានិភ័យផ្សេងៗ។

លោក អៀវគង់បានលើកឡើងថា៖ «ភាគច្រើន សេវាកម្មធនារ៉ាបរងលើវិស័យអចលនទ្រព្យ ផ្តោតទៅលើ សណ្ឋាគារ ខុនដូ រោងចក្រ សំណង់ការិយាល័យនានា»។

លោកអៀវគង់ថា វិនិយោគិនជាច្រើន នឹងជាវកញ្ចប់សេវាកម្មធានារ៉ាប់រង ដើម្បីការពារនូវទ្រព្យសម្បត្តិរបស់គេ ហើយម្យ៉ាងទៀត វាក៏ផ្តល់ភាពងាយស្រួលផងដែរ បើសិនជា វិនិយោគិនទាំងអស់នោះ ត្រូវការកម្ចីពីធនាគារដើម្បីពង្រីកអាជីវកម្ម ដោយ​ហេតុថា ធនាគារមួយចំនួនតម្រូវឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម សណ្ឋាគារ ការិយាល័យមាននូវកញ្ចប់សេវាកម្មធនារ៉ាប់រង។

លោកអៀវគង់បញ្ជាក់ថា៖«សេវាកម្មធានារ៉ាប់រងលើអចលនទ្រព្យនឹងកើនឡើងខ្លាំងនូវឆ្នាំបន្ទាប់ខណៈពេលដែលសំណង់អាគារជាច្រើននឹង បញ្ចប់ការសាងសង់នៅប្រមាណជា ពីរឆ្នាំទៀត»។

បើយោងតាមរបាយការណ៍សមាគមធានារ៉ាប់រងកម្ពុជា បុព្វលាភទាំងអស់ដែលទទួលបាន ក្នុងវិស័យធានារ៉ាប់រងទូទៅក្នុង ៣ត្រីមាស នៃឆ្នាំ២០១៨ មានប្រមាណ ៦៤,២លានដុល្លារកើនឡើងប្រមាណជា ១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ កំណើននេះគាំទ្រដោយ ការធានារ៉ាប់រងលើ អគ្គីភ័យ (២៤,៥លានដុល្លារ) យានយន្ត (១០,៥លានដុល្លារ), សុខភាព (១០,៨លានដុល្លារ)។ ដោយឡែកការធានារ៉ាប់រងលើ នាវា ការដឹកជញ្ជូនតាមនាវា វិស្វកម្ម គ្រោះថ្នាក់បុគ្គលមានកំណើនបន្តាប់បន្សំ។

អំពី Sok Chan