ក្រុមហ៊ុនចិនធំមួយដាក់ផែនការ១០​ឆ្នាំវិនិយោគអចលនទ្រព្យនៅកម្ពុជា ចាយទុន១០ពាន់លានដុល្លារ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ក្រុមហ៊ុនចិនធំមួយដាក់ផែនការ១០​ឆ្នាំវិនិយោគអចលនទ្រព្យនៅកម្ពុជា ចាយទុន១០ពាន់លានដុល្លារ
Prince Real Estate នឹងបន្ថែមទុនវិនិយោគយ៉ាងតិច ១០ពាន់លានដុល្លារទៀតនៅកម្ពុជា នៅរយៈពេល១០ឆ្នាំខាងមុខ។

ក្រុមហ៊ុនចិនធំមួយដាក់ផែនការ១០​ឆ្នាំវិនិយោគអចលនទ្រព្យនៅកម្ពុជា ចាយទុន១០ពាន់លានដុល្លារ

ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ កំពុងមានការរីកចម្រើន ក្រុមហ៊ុន Prince Real Estate Group​ បានប្រកាសដាក់ចេញជាផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំខាងមុខ វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា​។​

ការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ចិនដ៏ធំមួយនេះ បានធ្វើឡើងក្នុងពិធីសម្ពោធបញ្ជប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ខ្លួន​កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយផ្សារភ្ជាប់នឹងការដាក់ចេញផែនការដែលមានទស្សនៈវិស័យវែងឆ្ងាយនេះផងដែរ​ ក្រុមហ៊ុនបានអះអាងថាខ្លួ​នបានជ្រើសរើសកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្រ្តស្នូល ក្នុងន័យពង្រីកវិសាលភាពអាជីវកម្ម ជាមួយនឹងទុនបម្រុង (Reserve capital) ដែលមានទំហំរហូត​ដល់ ១០ ពាន់លានដុល្លារអាមេរិក។  នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសាពត៌មានកម្ពុជា។

លោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate បានថ្លែងឲ្យដឹងកាលពីខែអំឡុងខែ កញ្ញាកន្លងទៅនេះថា វត្តមានបីឆ្នាំនៅកម្ពុជារបស់ក្រុមហ៊ុនលោក​ បានចាយទុនប្រមណជាង ២ ពាន់លានដុល្លារអាមេរិក សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Cambodia

លោក​ Li Min បានគូសបញ្ជាក់ថា ទំហំទុនវិនិយោគនេះក្រុមហ៊ុនបានទិញដីទុករាប់លានម៉ែត្រការ៉េ ដើ​ម្បីអភិវឌ្ឍនៅថ្ងៃអនាគត។ ក្នុងនោះដែរ ក្រុមហ៊ុនបានទិញដីទុកនៅរាជធានីភ្នំពេញប្រមាណជាង ៣០ ម៉ឺនការ៉េ និង​ខេត្តដែលមានសក្តានុពលផ្សេងៗទៀត ដូចជាខេត្តព្រះសីហនុជាដើម​។​

គួររំលេចផងដែរថា ក្រុមហ៊ុន​ Prince Real Estate កន្លងមកក៏បានទិញយកអគារដែលមានការអភិវឌ្ឍន៍ស្រាប់ដូចជា Phnom Penh Tower (កម្ពស់ ២២ ជាន់) អគារខុនដូ Diamond One (កម្ពស់ ១៤ ជាន់) និងគម្រោងមួយចំនួនទៀតដែលក្រុមហ៊ុនអភិវឌ្ឍរួចរាល់​ និងកំពុងអភិវឌ្ឍដូចជា Prince Central Plaza (កម្ពស់៣៧ជាន់ បានបើកដំណើការ), អគារ Prince Modern Plaza (កម្ពស់​២៧ជាន់ កំពុងសាងសង់), Prince International Plaza (កម្ពស់១២ ជាន់កំពុងសាងសង់)​។ ចំណែកសណ្ឋាគារលំដាប់ផ្កាយប្រាំ Prince Times Hotel មាន១៩៧ បន្ទប់ បានបើកដំណើការរួចរាល់ និងគម្រោងអភិវឌ្ឍន៍ចម្រុះ Prince Tian Xi Wan កំពុងដំណើការសាងសង់ ហើយគម្រោងទាំងពីរស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ​

អគារ Phnom Penh Tower ក្រោយការគ្រប់គ្រងដោយក្រុមហ៊ុន​ Prince Real Estate

ឆ្លើយតបទៅនឹង​ទស្សនៈវែងឆ្ងាយចំពោះការវិវត្តលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ CPL បានថ្លែងប្រាប់សារពត៌មានក្នុងស្រុកមួយកាលពីតុលាកន្លងទៅនេះ​ ថា សន្ទុះនៃការរីកចម្រើនលើវិស័យអចលនទ្រព្យមិនមែនមានតែនៅរាជធានីភ្នំពេញទេ ពោលគឺភាពរីកចម្រើនក្នុងវិស័យនេះកំពុងកើតឡើងក្នុ​ងខេត្តដែលមានសក្តានុពលមួយចំនួន។ លោកឧកញ៉ា ចេង យល់ឃើញថាវិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរីកចម្រើននាពេលអនាគត៕

អំពី Kevin