អគារ​ខ្ពស់​បំផុតទី២​ក្នុង​លោក​​កំពុង​សាងសង់​នៅ​​ឥណ្ឌា – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / អគារ​ខ្ពស់​បំផុតទី២​ក្នុង​លោក​​កំពុង​សាងសង់​នៅ​​ឥណ្ឌា

អគារ​ខ្ពស់​បំផុតទី២​ក្នុង​លោក​​កំពុង​សាងសង់​នៅ​​ឥណ្ឌា

ប៉ម​ឥណ្ឌា (Indian Tower) ដែល​ពីមុន​ត្រូវ​បាន​គេ​ស្គាល់​ថា ប៉ម Park Hyatt ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Dynamix Balwas Tower គឺ​ជា​អគារ​១២៦​ជាន់ ​ដែលមានកម្ពស់៧១៨ម៉ែត្រ ស្ថិតនៅ​​ទីក្រុង​បុមបៃ ប្រទេស​ឥណ្ឌា កំពុង​​បន្ត​​​ការ​សាងសង់​​​ឡើងវិញ​យ៉ាង​រលូន និង​ជិត​ដល់​កំពូល​ហើយ ក្រោយ​ពី​បាន​ពន្យារ​អស់​​ច្រើន​ដង​។

យោង​តាម​​គេហទំព័រ Wiki ការ​សាងសង់​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ២០១០ និង​​​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២០។ ប៉ម​នេះ​ដំបូង​គ្រោង​​បញ្ចប់​នៅឆ្នាំ២០១៦ ​ប៉ុន្តែ​​បាន​ផ្អាក​ការ​សាងសង់នៅ​ឆ្នាំ២០១១ ដោយសារតែ​​មាន​ជម្លោះ​រវាង​អ្នក​អភិវឌ្ឍន៍​អគារ និង​អាជ្ញាធរ​​ក្រុង​​មុមបៃ។ បើ​ការ​សាងសង់​​​បញ្ចប់​តាម​ការ​រំពឹង​ទុក វា​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​នៅ​ឥណ្ឌា ខ្ពស់​ជាង​អគារ​ Mumbai Imperial Tower I និង II ដែល​មាន​កម្ពស់​ត្រឹម​តែ​២៥៤​ម៉ែត្រ​​ និង​ជា​អគារ​ខ្ពស់​បំផុត​​លំដាប់ទី២​លើ​ពិភពលោក បន្ទាប់ពី​អគារ​ Burj Khalifa នៅ​ឌូបៃ ប្រទេស​អារ៉ាប់រួម។

វា​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Dynamix Balwas Realtors ជា​គម្រោង​ប្រើប្រាស់​ចម្រុះ ​រួមមាន​សណ្ឋាគារ លំនៅឋាន និង​កន្លែង​លក់រាយ ដែល​តម្លៃ​នៃ​ការ​សាងសង់​​​មិន​ត្រូវ​បាន​គេ​បញ្ជាក់នោះ​ទេ។ ប៉ម Indian Tower នឹង​មាន​​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក Hyatt Hotel ដែល​មាន​បន្ទប់​ទទួល​ភ្ញៀវ២៥៥បន្ទប់ និង​អឹផាតមិន​សេវាកម្ម​ចំនួន៥៥ កន្លែង​ទទួល​រៀបចំ​ពិធី​ផ្សេងៗ និង​បន្ទប់​ប្រជុំ។ វា​ត្រូវ​បាន​គូស​ប្លង់ ​ដោយ​ក្រុមហ៊ុន Foster + Partner នៅ​ទីក្រុង​ឡុងដុង ដែល​​ជា​​ក្រុមហ៊ុន​​នាំ​មុខ​មួយ​​​​​ផ្នែក​គំនូស​ប៉ម​ខ្ពស់ៗ​ និង​សណ្ឋាគារ​លំដាប់​ផ្កាយ៥។

ផ្លូវ​ចូល​ទៅ​ខាងក្នុង​​​​ត្រូវ​​ឆ្លង​​កាត់​​តាម​​ឧទ្យាន​មួយ ដែល​បន្ត​​ទៅ​​ខាងក្រោម​អគារ​។ ជាមួយ​នឹង​រចនាបថ​ដ៏​ចម្លែក​និង​ល្អ​ឯក​គ្មាន​ពីរ កម្ពស់​ដ៏​ខ្ពស់​បំផុត​របស់​​ប៉ម Indian Tower ​នឹង​អាច​​​​ឲ្យ​​មើល​ឃើញ​ទេសភាព​ពេញលេញ​​និង​ដ៏​អស្ចារ្យ នៃ​សមុទ្រ​អារ៉ាប និង​ទីក្រុង​បុមបៃ​ទាំងមូល។

យោង​តាម​គេហទំព័រ http://studiosuit.nl ស្ថាបត្យកម្ម​របស់​ Dubai Tower ត្រូវ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ និង​គ្រប់ជ្រុងជ្រោយ ​រួមបញ្ចូល​​ការ​សន្សំសំចៃ​ថាមពល និង​គោលការណ៍​បរិស្ថាន​និរន្តរភាព រួមមាន​​ប្រព័ន្ធ​គ្រប់គ្រង​ទឹក ការ​បង្ការ​​​​​បញ្ហា​អាកាសធាតុ និង​ការ​បង្កើត​ថាមពល​កកើត​ឡើងវិញ​​ ព្រមទាំង​​បំពាក់​កញ្ចក់ LEED Platinum។

អំពី Dara Hon