អាមេរិក​នឹងសង់​​កំផែង​ព្រំដែនខណ្ឌជាមួយមុិកស៊ីកូ តម្លៃ២១ពាន់លានដុល្លានៅឆ្នាំ២០១៩ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / អាមេរិក​នឹងសង់​​កំផែង​ព្រំដែនខណ្ឌជាមួយមុិកស៊ីកូ តម្លៃ២១ពាន់លានដុល្លានៅឆ្នាំ២០១៩

អាមេរិក​នឹងសង់​​កំផែង​ព្រំដែនខណ្ឌជាមួយមុិកស៊ីកូ តម្លៃ២១ពាន់លានដុល្លានៅឆ្នាំ២០១៩

ភ្នាក់ងារ​គយ​ និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក (CBP) បាន​ផ្ដល់​កិច្ច​សន្យា​តម្លៃ១៤៥លាន​ដុល្លារ សម្រាប់​​សាងសង់​ជញ្ជាំង​ព្រំដែន​ចម្ងាយ ៩,៦គីឡូម៉ែត្រ រវាង​ព្រំប្រទល់​សហរដ្ឋអាមេរិក និង​ម៉ិកស៊ីកូ។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិចសាស SLS នឹង​សាងសង់​​​​ទំនប់​​​បេតុង​​រឹងមាំ​នៅ​ក្នុង​តំបន់​ជ្រលង Rio Grande Valley ដែល​មាន​សំណាញ់​ខ្ពស់​រហូតដល់ ៥,៥ម៉ែត្រ។ ភ្នាក់ងារ​គយ​ និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​បាន​និយាយ​​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា តំបន់​​ដែល​រឹត​បន្តឹង​នេះ​ក៏​នឹង​រួមបញ្ចូល​បច្ចេកវិទ្យា​ឃ្លាំមើល ភ្លើង​បំភ្លឺ ​វីដេអូ​រាយការណ៍ និង​ផ្លូវ​ល្បាត​គ្រប់​អាកាសធាតុ​​​នៅ​​តាម​​ជញ្ជាំង​ទំនប់។

បើ​ទោះបី​ជា​មាន​វិធានការណ៍​សន្តិសុខ​តឹងតែង​ ក៏​ប្រជាពលរដ្ឋ​និង​មន្ត្រី​នៅ​តែ​អាច​ធ្វើ​ដំណើរ​បាន​រវាង​ប្រទេស​ទាំងពីរ។ ទំហំ​និង​មាត្រដ្ឋាន​នៃ​កិច្ចសន្យា​នៅ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​​​នឹង​តម្លៃ​សរុប​នៃ​បន្លា​លួស និង​ជញ្ជាំង​បិទ​ព្រំដែន ​ដែល​មាន​ប្រវែង​ប្រហែល ២.០០គីឡូម៉ែត្រ។ ចំណាយ​សរុប​នៃ​ការ​សាងសង់​កំផែង​ព្រំដែន​រារាំង​លំហូរ​អន្តោប្រវេសន៍​​ពី​ប្រទេស​​ម៉ិកស៊ីកូ​នេះ​ ​មាន​​ចំនួន​ប្រហែល ​២១​ពាន់​លាន​ដុល្លារ។

ជញ្ជាំង​ព្រំដែន​​​ត្រូវ​បាន​ធ្វើឡើង​ទៅ​តាម​ការ​សន្យា នៃ​យុទ្ធនាការ​បោះឆ្នោត​​របស់​លោក​ប្រធានាធិបតី ដូណាល ត្រាំ ខណៈ​កិច្ចសន្យា​​នេះ​ស្របគ្នា​​នឹង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​របស់​គាត់។ ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំមុន​នៅ​ក្នុង​តំបន់​ Rio Grande Valley នេះ ​ចាប់​បាន​​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១៣៧.០០០នាក់ និង​រឹបអូស​កញ្ឆា​បាន​ប្រហែល ២៦០.០០០ផោន និង​កូកាអ៊ីន​ប្រមាណ ១.១៩២ផោន។

ទោះបីជា​មាន​ការ​ថ្កោលទោស​និង​ចំអក​ពី​សហគមន៍​អន្តរជាតិ ​និង​អង្គការ​សិទ្ធិមនុស្ស ក៏​លោក​​ត្រាំ មិន​ខ្ចី​ខ្វល់ ហើយ​​ការ​សាងសង់​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​កុម្ភៈ ឆ្នាំ២០១៩​ខាង​មុខ​។ យោង​តាម​ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​ ​ជញ្ជាំង​ព្រំដែន​នេះ​នឹង​បន្ត​ធ្វើ​រហូត​ទាល់តែ​ពេញ ហើយ​​​​នឹង​ធ្វើ​តាម​ជំហាន ​លើ​​​ការ​រៀបចំ​ផែនការ គំនូស​ប្លង់ និង​ការ​សាងសង់​ជញ្ជាំង ដោយ​ប្រើប្រាស់​សម្ភារៈ និង​បច្ចេកវិទ្យា​សមស្រប ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង​ព្រំដែន​ភាគ​ខាងត្បូង​ពេញលេញ។

អំពី Dara Hon