គម្រោងអគារកម្ពស់​៦០០​ម៉ែត្រលើទីតាំងកាំបូឌីយ៉ាណា មិនទាន់ច្បាស់លាស់ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / គម្រោងអគារកម្ពស់​៦០០​ម៉ែត្រលើទីតាំងកាំបូឌីយ៉ាណា មិនទាន់ច្បាស់លាស់
គម្រោងដែលមានកម្ពស់៦០០ម៉ែត្រដែលនឹងត្រូវសាងសង់នៅទីតាំងរបស់សណ្ឋាគារកាំបូឌីយ៉ាណា មិនទាន់មានផែនការច្បាស់លាស់នោទេ ដោយសារ...

គម្រោងអគារកម្ពស់​៦០០​ម៉ែត្រលើទីតាំងកាំបូឌីយ៉ាណា មិនទាន់ច្បាស់លាស់

គម្រោង​សាងសង់អគារ​កម្ពស់ ៦០​០​​ ម៉ែ​ត្រ​ដែល​​​មន្ត្រី​ជំ​នាញបាន​​​​អះអាងថានឹងវិនិយោគ​ដោយ​​ក្រុមហ៊ុន Royal Group លើទីតាំង​សណ្ឋាគារ​កាំបូឌីយ៉ាណា​​ ហាក់​ស្ថិត​ក្នុង​ភាព​ស្រ​ពិច​ស្រពិល​​នៅ​ឡើយ ខណៈ​​ក្រុម​ហ៊ុន​នៅ​មិន​ទាន់​មាន​ផែនការអភិវឌ្ឍន៍​​​ច្បាស់លាស់​លើគម្រោង​នេះ​នោះ​ទេ​​។ នេះ​បើយោងតាមការបញ្ជាក់​ពី​តំណាងក្រុមហ៊ុន Royal Group នា​សប្តាហ៍​នេះ។

គម្រោង​សាងសង់អគារ​កម្ពស់ ៦០​០​​ ម៉ែ​ត្រ​ និង​មាន​កម្ពស់​១៣៣ ជាន់នេះ ​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ជា​ដំ​បូង​​ពី​លោក នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ កាល​ពី​ដើម​ឆ្នាំ ២០១៨ ហើយ​ត្រូវ​បាន​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រ​សួងរៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ និង សំណង់ បញ្ជាក់​ថា​ត្រូវ​បាន​ស្នើរ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Royal Group របស់​អ្នក​ ឧក​ញ៉ា គិត ម៉េង។

លោក​​ Hana Mark ប្រធានផ្នែកហិរញ្ញវត្ថុ​នៃក្រុមហ៊ុន Royal Group​ បានប្រាប់​អ្នក​យក​ព័ត៌​មាន​បន្ទាប់​ពី​ពិ​ធី​​ចុះហត្ថលេខាមួយកាលពី​ថ្ងៃទី ១​ខែវិច្ឆិកាកន្លង​ទៅនេះ​ថា​ គម្រោងសាងសង់អគារកម្ពស់ ៦០០​ម៉ែត្រនេះ គ្រាន់តែមាន​រាយ​នាម​ក្នុងផែន​​ការគ្រោងទុករបស់​ក្រុម​ហ៊ុន​ តែ​គិត​មក​ទល់​ពេល​នេះ​ក្រុម​ជំ​នាញ​នៅ​មិន​ទាន់​​បាន​រៀប​ចំ​​ផែនការជាក់​លាក់​នៅ​ឡើយ​។​

លោកថ្លែងថា៖​«​មាន​ការ​ជជែក​គ្នា​ច្រើន តែ​មិន​ទាន់​មាន​ផែន​ការ​អនុ​វត្ត​ភ្លាម​ៗ​នៅ​ឡើយ» លោក​បញ្ជាក់​ថា​ ​ក្រុម​ហ៊ុនធ្លាប់​​​មាន​​ផែនការ​ក្នុង​ការ​ដំ​ណើរការ​គម្រោង​នេះ​ តែ​មក​ទល់​ពេល​នេះ​ក្រុម​ហ៊ុន​នៅ​​​មិនទាន់បាន​កំណត់កាលបរិច្ចេទជាក់​លាក់​ណា​មួយ​ក្នុងការអភិវឌ្ឍគម្រោង​នេះ​​​នោះ​ទេ​​។ លោក​អះ​អាង​ថា​៖​«​​វានឹងលេចចេញជារូបរាងនៅ​​ពេល​ណា​មួយក្នុង​​ពេល​ខាង​មុខ​»។​

គម្រោងសាងសង់អគារកម្ពស់ ១៣៣ ជាន់​នេះ ត្រូវបានបង្ហើបឡើង​ដោយសម្តេចនាយកមន្រ្តី ហ៊ុន​ សែន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ​ក្នុងពិធីប្រគល់សញ្ញាបត្រមួយដល់​ក្រុម​និ​ស្សិត​ ប៉ុន្តែ​នា​ពេល​នេះ​លោក​​មិន​បានបញ្ជាក់លម្អិត​ពីតម្លៃ​វិនិយោគ​លើគម្រោង​នេះ​ ឬ ក្រុម​ហ៊ុន​ណា​ជា​អ្នក​ដំ​ណើរ​ការ​វិនិយោគនោះ​ទេ​។​

នា​ពេលនោះ​ដែរ លោក​ សេង ឡូត​ អ្នក​នាំ​ពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ទៅ​សា​រ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ថា​ គម្រោងដែលប្រមុខ​រដ្ឋាភិបាលបានលើកឡើងនោះប្រ​ហែល​ជា​សំដៅដល់​គម្រោងសាងសង់របស់ក្រុមហ៊ុន​ Royal Group ដែលអាចនឹងសាង​សង់​ឡើង​នៅ​លើ​ទី​តាំង​​សណ្ឋាគារកាំបូឌីយ៉ានាពេលបច្ចុប្បន្ន។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ លោក សេង​ ឡូត ត្រូវបានភ្នាក់ងារ​សារពត៌មានជប៉ុនមួយដក​ស្រង់សម្តីកាលពីថ្ងៃទី ២​ ខែវិច្ឆិកាថា គម្រោងសាងសង់អគារកម្ពស់​ ៦០០​ម៉ែត្រនេះ​បាន​ទទួល​ការ​អនុ​ញ្ញាត្តិជា​​គោលការ​ណ៍​ពី​រាជរដ្ឋាភិបាល តែ​លោកបញ្ជាក់​ថា​​​ក្រុមហ៊ុន​ត្រូវសុំ​ច្បាប់​ជាផ្លូវ​ការដែរ ដើម្បី​ដំ​ណើរ​ការ​គម្រោង​នេះ។ លោក​បាន​បញ្ជាក់​ខ្លី​ថា​ មក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​នៅ​មិនទាន់បាន​ដាក់​សំ​​​ណើរ​លម្អិតណា​មួយ​លើ​គម្រោង​នេះ​​នៅឡើយ។

សណ្ឋាគារកាំបូឌីយ៉ា អាច​ចាត់​ទុក​ថា​ជាសណ្ឋាគារវ័យចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែល​​​ត្រូវបានសាងសង់ឡើងក្នុង​អំឡុងពាក់កណ្តាលទស្សវត្យ​ ១៩៦០​ ដែលជាគំនិតផ្តួចផ្តើមរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ហើយ​ត្រូវ​បាន​សាងសង់ឡើង​ដោយ​ស្ថាបត្យករ​ដ៏ឆ្នើមមួយរូបរបស់កម្ពុជានា​ពេល​នោះ​គឺលោក លូ បានហាប់។ នេះ​បើ​យោង​តាម​គេហទំ​ព័រ​ព័តមាន​របស់​​សណ្ឋាគារកាំ​បូឌីយ៉ា​ណា​។

នៅអំឡុងពាក់កណ្តាលទស្សវត្យ​ឆ្នាំ ២០០​០ សណ្ឋារគារ​មួយនេះត្រូវបានទិញ និង​គ្រប់គ្រង​ដោយក្រុមហ៊ុន Royal Group ដែលជា​ក្រុម​ហ៊ុន​ពហុ​ពាណិជ្ជ​កម្ម​មួយ​នៅ​កម្ពុជា​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ ​២៥៕
 

អំពី Chhuth_Bunthoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង