​គម្រោង​​ព្រលាន​យន្តហោះ​​​ធំ​បំផុត​ក្នុង​លោក​​​​ត្រូវ​លុបចោល ​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / ​គម្រោង​​ព្រលាន​យន្តហោះ​​​ធំ​បំផុត​ក្នុង​លោក​​​​ត្រូវ​លុបចោល ​

​គម្រោង​​ព្រលាន​យន្តហោះ​​​ធំ​បំផុត​ក្នុង​លោក​​​​ត្រូវ​លុបចោល ​

ម៉ិកស៊ិកូបាន​បោះឆ្នោត​​ក្នុង​ការ​ធ្វើ​ប្រជាមតិ​​មិន​ដេញ​ថ្លៃ ​ដើម្បី​លុបចោល​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​ម៉ិកស៊ិក ដែល​បាន​សាងសង់​​ដោយ​អន្លើ​រួច​ទៅ​ហើយ។ ការ​បោះឆ្នោត​នេះ​គឺ​មាន​សំឡេង​គាំទ្រ៧០% ឲ្យ​​លុប​ចោល​គម្រោង ប៉ុន្តែ​មាន​​មនុស្ស​​បោះឆ្នោត​តែ​១លាន​អ្នក​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​១៣០​លាន​នាក់​របស់​ប្រទេស។

ការ​ធ្វើ​ប្រជាមតិ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​​ដោយ​លោក​​ប្រធានាធិបតី Andrés Manuel Lopez Obrador កាលពី​​ខែ​សីហា បន្ទាប់ពី​គាត់​បាន​ទទួល​ជ័យជម្នះ​​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា។ សំណួរ​​លើ​សន្លឹក​ឆ្នោត​​គឺ ​តើ​​គួរ​បន្ត​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ម៉ិកស៊ីកូ​ថ្មី (NAIM) ជំនួស​ឲ្យព្រលាន​យន្តហោះ Benito Juárez ដែលជា​មជ្ឈមណ្ឌល​អាកាសចរណ៍​សំខាន់​របស់​ប្រទេស​ ឬ​​ទុក​ព្រលាន​​យន្តហោះ Juarez ឲ្យ​នៅ​ដំណើរការ​ដដែល ហើយ​​បន្ថែម​ផ្លូវ​រត់​នៅ​​មូលដ្ឋាន​យោធា Santa Lucía ដែ​ល​មាន​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ិកស៊ិក?

ការ​ធ្វើ​ប្រជាមតិ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​សហសម្ពន្ធ​មិន​ស្វែង​រក​ប្រាក់​ចំណេញ Arturo Rosenblueth ប៉ុន្តែ​មិន​បាន​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​បោះឆ្នោត​នៅ​ម៉ិកស៊ិក INE ទេ។ អតីត​​រដ្ឋមន្ត្រី​ការងារ លោក Javier Lozano ថា ការ​បោះឆ្នោត​នេះ​ជា​ការ​រៀបចំ​លទ្ធផល​ទុក​ជាមុន​ទៅ​តាម​ការ​ចង់​បាន​របស់​​រដ្ឋាភិបាល​ថ្មី។

លោក​​បាន​អះអាង​ថា មនុស្ស​មួយ​ចំនួន​បាន​បោះឆ្នោត​ច្រើន​ដង និង​​​កម្មវិធី​ដែល​បាន​ប្រើប្រាស់​ដើម្បី​កត់ត្រា​អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នកបោះឆ្នោត​​​នេះ​មាន​បញ្ហា។

យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី Obrador ​មាន​ប្រសាសន៍​ថា លោក​នឹង​គោរព​ការ​បោះឆ្នោត ហើយ​​គម្រោង​សាងសង់​នេះ​​​នឹង​ត្រូវ​ផ្អាក។

គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​បឹង Texcoco ត្រូវ​បាន​ដឹកនាំ​​ដោយ​ក្រុមហ៊ុន​​របស់​មហាសេដ្ឋី Carlos Slim ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក ដែល​ជា​សហ​​រៀបចំ និង​សហ​សាងសង់ និង​សហ​ហិរញ្ញប្បទាន​​​​​។ ​គូស​ប្លង់​ដោយ​ក្រុមហ៊ុន Foster + Partners, FR-EE and NACO ដែល​ជា​ព្រលាន​យន្តហោះ​ធំ​បំផុត​​លើ​ពិភព​លោក ជាមួយ​នឹង​​រចនាបថ​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន ​​ត្រូវ​សាងសង់​ឡើង​លើ​ផ្ទៃដី​៧៤៣.០០០ម៉ែត្រ​ការ៉េ និង​មាន​តម្លៃប៉ាន់ប្រមាណ១៣ពាន់​លាន​ដុល្លារ។ ប្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​គ្រោង​​នៅ​លើ​ទីតាំង​ថ្មី​មួយ​ ដែល​មាន​ផ្លូវ​រត់​បី និង​ផែនការ​ពង្រីក​រហូត​ដល់​ឆ្នាំ២០៦២ ដោយ​មាន​ផ្លូវ​រត់​ចំនួន៦។​

 ​

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង