ក្រុមហ៊ុន​​អង់គ្លេស​បង្កើត​​ផ្ទះ​​អណ្ដែត​ទឹក ដោះស្រាយ​កំណើន​មនុស្ស​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ក្រុមហ៊ុន​​អង់គ្លេស​បង្កើត​​ផ្ទះ​​អណ្ដែត​ទឹក ដោះស្រាយ​កំណើន​មនុស្ស​

ក្រុមហ៊ុន​​អង់គ្លេស​បង្កើត​​ផ្ទះ​​អណ្ដែត​ទឹក ដោះស្រាយ​កំណើន​មនុស្ស​

ក្រុមហ៊ុន​ស្ថាបត្យកម្ម Baca ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង បាន​បង្កើត​គំរូ​ប្លង់​មួយ​ចំនួន ក្នុង​បំណង​ផ្លាស់ប្ដូរ​​ប្រជាពលរដ្ឋ​​​ទីក្រុង​ដែល​កំពុង​មាន​ការ​កើន​ឡើង ឲ្យ​មក​​​រស់នៅ​ក្នុង​សហគមន៍​អណ្ដែត​ទឹក​​លើ​ឆ្នេរ​ខ្សាច់ និង​ប្រឡាយ។

គោលបំណង​របស់​ក្រុមហ៊ុន គឺ​​​ធ្វើ​ឲ្យ​ប្រសើរ​ផ្ទៃ​​ទឹក នៅ​​​តំបន់ Royal Dock ក្នុង​ទីក្រុង​ឡុងដុង ដែល​មាន​ផ្ទះ​អណ្ដែត​ទឹក ហាង និង​ទីកន្លែង​សហគមន៍ និង​បង្កើត​ជា​កន្លែង​នាំមុខ​ នៃ​ការ​​តាំងទីលំនៅ​​បន្តបន្ទាប់​នា​ពេល​អនាគត ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​ឆ្នេរ។ ​ផ្លូវ​ចាក់ពុម្ព​អណ្ដែត​ទឹក​គឺ​ជា​គំនិតច្នៃប្រឌិត​ថ្មី​មួយ​ទៀត ​ដែល​ត្រូវ​រចនា​ឡើង ដើម្បី​ងាយស្រួល​រៀបចំ និង​ដឹកជញ្ជូន។ ផ្លូវ​អណ្ដែត​ទឹក​នេះ​ក៏​មាន​បំពាក់​ភ្លើង​ញ៉ាក់ និង​មាន​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​អេកូ​​​នៅ​អម​សងខាង​ ដែល​ដើរ​ដោយ​ថាមពល​​ព្រះអាទិត្យ​​និង​​ថាមពល​ខ្យល់​​អណ្ដែត​ទឹក។ នៅ​តាម​គេហដ្ឋាន​​មាន​អម​ដោយ​​ទូក​ប្រឡាយ សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​សំខាន់​មួយ។

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ Baca ធ្លាប់​បាន​ដំឡើង​ផ្ទះ​អណ្ដែត​ទឹក​មួយ​រួច​ទៅ​ហើយ នៅ​​ព្រែក Chichester ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស ដើម្បី​បង្ហាញ​អំពី​​វិធី​​របស់​ខ្លួន ក្នុង​​ការ​ដាក់​ពង្រាយ​លំនៅឋាន​​ឆ្លងកាត់​ផ្លូវ​ទឹក​​​ក្នុង​ទីក្រុង​ឡុងដុង។

​រចនាបថ​​​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​គំរូ​មួយ ជាមួយ​នឹង​ក្រុមហ៊ុន​អង់គ្លេស Floating Homes ​ដែល​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​គំនិត​ស្វែងរក​ដំណោះស្រាយ ចំពោះ​វិបត្តិ​លំនៅឋាន​នៅ​ទីក្រុង​ឡុងដុង។ ក្រុមហ៊ុន​នេះ​សង្ឃឹម​ថា នឹង​សាងសង់​លំនៅឋាន​អណ្ដែត​​​ចាក់ពុម្ព​​បាន​កាន់តែ​ច្រើន​ឡើង​ លើ​ផ្ទៃ​​​ទំនេរ​នៅ​តាម​បណ្ដោយ​ទន្លេ និង​ប្រឡាយ​ទីក្រុង​ឡុងដុង ក៏​ដូចជា​នៅ​តាម​កំពង់ផែ និង​អាងទឹក​របស់​ទីក្រុង។

​ក្រុម​ស្ថាបត្យករ​ក៏​ធ្លាប់​បាន​បង្កើត និង​សាងសង់​​ “ផ្ទះ​​​ឡើង​ចុះ​តាម​ទឹក​” ដំបូង​របស់​អង់គ្លេស នៅ​លើ​កោះ​មួយ​ក្នុង​ទន្លេ River Thames។ ផ្ទះ​នេះ​ស្ថិត​នៅ​លើ​គ្រឹះ​ដូច​ជា​ផែ ដែល​អណ្ដែត​ឡើង​​បន្តិចម្ដងៗ​នៅ​ពេល​ដែល​​ពោង​មាន​ទឹក​​​​ជំនន់​ហូរ​ចូល។ យន្តការ​ការពារ​នេះ​អាច​ទប់ទល់​នឹង​ទឹក​ជំនន់​រហូត​ដល់២,៥ម៉ែត្រ និង​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​​​លិច​ខាង​ក្នុង​ផ្ទះ។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង