ចិនចង់បង្កើតសួនឧស្សាហកម្មឋាមពលមួយនៅខេត្តព្រះសីហនុ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ចិនចង់បង្កើតសួនឧស្សាហកម្មឋាមពលមួយនៅខេត្តព្រះសីហនុ

ចិនចង់បង្កើតសួនឧស្សាហកម្មឋាមពលមួយនៅខេត្តព្រះសីហនុ

ភ្នំពេញៈ ក្រុមហ៊ុន Yunnan Hui He Group ដែលមានមូលដ្ឋាននៅខេត្តយូណាន នៃប្រទេសចិនបានបង្ហាញពីគម្រោងវិនិយោគលើសួនឧស្សាហកម្មថាមពលថ្មីមួយនៅខេត្តព្រះសីហនុដែលនឹងបង្កើតរោងចក្រផលិតសម្ភារៈអគ្គីសនីទំនើប និងអំពូលភ្លើងដើរដោយពន្លឺព្រះអាទិត្យ។

តំណាងក្រុមហ៊ុន Yunnan Hui He Group កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយតំណាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុដើម្បីបើកផ្លូវឲ្យមានការសិក្សាលម្អិតពីលទ្ធភាពដំណើរការគម្រោងនេះ។

លោក Mo Fei នាយកក្រុមហ៊ុន Yunnan Hui He Group បានបញ្ជាក់ថា ខេត្តព្រះសីហនុគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់វិនិយោគិនចិន និងសម្រាប់គម្រោងសួនឧស្សាហកម្មថាមពលនេះ។ តំណាងក្រុមហ៊ុនរូបនេះ នៅមិនទាន់អាចបញ្ជាក់ពីទំហំទឹកប្រាក់សម្រាប់គម្រោងនេះនៅឡើយ តែបានបង្ហើបថា គម្រោងនេះនឹងអាចមានទីតាំងនៅទឹកដីស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយបានទទួលទុន​វិនិយោគពីវិនិយោគិនចិនយ៉ាងច្រើន ដោយផ្តល់ទាំងផលវិជ្ជមាន និង ផលអវិជ្ជមានមួយចំនួនផងដែរ។

ក្រៅពីគម្រោងរោងចក្រ សហគ្រាស ខេត្តព្រះសីហនុ ក៏កំពុងតែទទួលបានកំណើនការវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនចិន ពិសេសអាជីវកម្មកាស៊ីណូ ដែលបច្ចុប្បន្នមានរហូតដល់ជាង ៨០ ទីតាំង។ ចំនួន​ប្រជាជនចិនដែលរស់នៅខេត្តព្រះសីហនុ ត្រូវបានប៉ាន់ស្មានថាអាចមានប្រមាណ ៣០ ម៉ឺននាក់។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន FURI TIMES SQAURE។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមដើមឆ្នាំ២០១៧ ខេត្តព្រះសីហនុ ទទួលបានការវិនិយោគពីវិនិយោគិនចិនប្រមាណ ៣៥០ លានដុល្លារអាមេរិក រួមមានការបង្កើតរោងចក្រ សហគ្រាស ប្រមាណ ១៣០ កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងផ្តល់ការងារដល់ពលរដ្ឋជាង ១០ ម៉ឺននាក់។

បច្ចុប្បន្ន ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ទីតាំង ដោយផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ ទីតាំងទាំង ៥ រួមមាន៖

១. តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

២. តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ

៣. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំងស្រុកព្រៃនប់

៤. តំបន់សេដ្ឋកិច្ចពិសេស ជា ជាង ដែលទើបបង្កើតថ្មី នៅស្រុកព្រៃនប់

៥. តំបន់សេដ្ឋកិច្ចពិសេសកែវផុស។

គិតត្រឹម ៤ ខែដើមឆ្នាំ ២០១៨ ការវិនិយោគរបស់ចិននៅកម្ពុជាមានចំនួន ១៧ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ ២០១៧ ចិនបានវិនិយោគជាង ១៤,៣ ពាន់លានដុល្លារអាមេរិក រួមជាមួយទេសចរ​ចិន ចំនួន ១,២​លាន​នាក់មកទស្សនាកម្ពុជា៕

អំពី ម៉ី ស្រីលុច្ស

អតិថិជនរបស់យើង

ដៃគូរបស់យើង