អាងចម្រោះទឹកកខ្វក់នៅក្រុងព្រះស៊ីហនុនឹងត្រូវស្តារឡើងវិញ ជាមួយសមត្ថភាព ២០.០០០ ម៉ែត្រគូប/ថ្ងៃ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / អាងចម្រោះទឹកកខ្វក់នៅក្រុងព្រះស៊ីហនុនឹងត្រូវស្តារឡើងវិញ ជាមួយសមត្ថភាព ២០.០០០ ម៉ែត្រគូប/ថ្ងៃ
ស្ថានីយ៍ចម្រោះទឹកកខ្វក់ក្រុងព្រះសីហនុ នឹងត្រូវស្តារឡើងវិញ ជាមួយនឹងសមត្ថភាពច្រោះទឹកកខ្វក់បាន៣ដងធំជាងមុន រហូតដល់ ២០.០០០គូប/ថ្ងៃ។

អាងចម្រោះទឹកកខ្វក់នៅក្រុងព្រះស៊ីហនុនឹងត្រូវស្តារឡើងវិញ ជាមួយសមត្ថភាព ២០.០០០ ម៉ែត្រគូប/ថ្ងៃ

ក្នុងគោលបំណងបង្ការលំហូរទឹកកខ្វក់ចូលសមុទ្រ ស្ថានីយ៍ចម្រោះទឹកកខ្វក់ក្រុងព្រះសីហនុ នឹងត្រូវ ស្តារឡើងវិញ ជាមួយនឹងសមត្ថភាពច្រោះទឹកកខ្វក់បាន៣ដងធំជាងមុន រហូតដល់ ២០.០០០គូប/ថ្ងៃ។

ស្ថានីយ៍ចម្រោះទឹកកខ្វក់ក្រុងព្រះស៊ីហនុ ត្រូវបានស្ថាបនាឡើងនៅឆ្នាំ២០០៦ នៅលើផ្ទៃដីទំហំជាង ១៦ហិកតា ដែលអាចចម្រោះទឹកកខ្វក់បានប្រមាណ ៦.៩០០ម៉ែត្រគូប/ថ្ងៃ។ បន្ទាប់ពីការប្រើប្រាស់រយៈពេល ១២ឆ្នាំ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់មួយនេះ បានថមថយសមត្ថភាពចម្រោះ និងស្តុកទឹកកខ្វក់ជាលំដាប់ ដោយសារមានកំណកភក់នៅបាតអាង។

ថ្លែងនៅក្នុងដំណើរទស្សនៈកិច្ចចុះត្រួតពិនិត្យការដ្ឋានស្តារភក់ក្នុងអាងស្តុកទឹកកខ្វក់នេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមទេរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងបានសម្រេចស្តារ និង ពង្រីកអាងស្តុកទឹកកខ្វក់ដែលស្ថិតនៅមិនឆ្ងាយពីឆ្នេរអូរឈើទាលនេះឡើងវិញឲ្យចប់រួចរាល់នៅត្រឹមចុងឆ្នាំ ២០១៨។

លើសពីការស្តារអាងនេះ ក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដែលជាក្រុមហ៊ុនម៉ៅការរបស់ចិន ដែលទទួលខុសត្រូវក្នុងការស្តារ និង ស្ថាបនាអាងស្តុកទឹកកខ្វក់នេះ កំពុងសិក្សាប្លង់មេបឋម ដើម្បីពង្រីកសមត្ថភាពអាងចម្រោះទឹកកខ្វក់ ក្នុងទីក្រុងទេសចរណ៍មួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ឆ្លើយតបទៅនឹងការរិះគន់ជាបន្តបន្ទាប់ លើការបង្ហូរទឹកស្អុយចូលសមុទ្រដែលរំខានដល់ភ្ញៀវទេសចរណ៍ និង ប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ រដ្ឋាភិបាលនឹងស្តារប្រព័ន្ធបណ្តាញលូបង្ហូរទឹកស្អុយនៅទូទាំងខេត្តព្រះស៊ីហនុឡើងវិញ។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) កាលពីថ្ងៃទី១២ ខែតុលានេះ បានប្រកាសពី គម្រោងស្តារ និង អភិវឌ្ឍន៍ប្រព័ន្ធលូទឹកស្អុយនៅខេត្តព្រះស៊ីហនុនេះ ដោយផ្តោតជាសំខាន់លើការស្តារ និង ស្ថាបនាថ្មីនូវប្រព័ន្ធចម្រោះទឹកកង្វក់ ស្ថានីយចម្រោះទឹកកង្វក់ និងស្ថានីយបូមបង្វែរទឹកកង្វក់កុំឱ្យហូរចាក់ចូលសមុទ្រក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៍មានដែលទទួលបានពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ នេះ អាជ្ញាធរបានស្ដារស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ចំនួន ១៦ហិកតា នៅតំបន់ឆ្នេរអូរឈើទាល រៀបចំអាងស្ដុក ស្ថានីយបូមទឹកកង្វក់ នៅចំណុចអូរចំណា អូរឆ្នេរ៧ជាន់ និងស្ដារនៅតាមតំបន់មាត់សមុទ្របន្ថែមទៀត។ អាជ្ញាធរបានរៀបចំធ្វើអាងចម្រោះទឹកកខ្វក់តាមអូរ ដោយចាប់ផ្ដើមដំបូងពីអូរម៉ារីយូ។ គ.អ.ឆ.ក ក៏បានឧបត្ថម្ភរថយន្តសំអាតតាមឆ្នេរសមុទ្រ ចំនួន ២គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ផងដែរ។

ឆ្នេរអូរឈើទាល តាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នមានអាងស្តុកទឹកកខ្វក់ចំនួន២កន្លែង ទី១នៅទីតាំងផែទេសចរណ៌ បូមមកអណ្តូងលូតៅពីរ, ទីតាំងទី២ នៅជាប់អគារប៉ូលីសចាស់ ឆ្នេរអូរឈើទាល ត្រូវបូមទៅបណ្តាញលូ ពីតោពីរ ដែលឆ្ពោះទៅស្ថានីយ៌ច្រោះសំអាតទឹក កាកសំណល់(១៦ហត)។ តាមស្ថានភាពជាក់ស្តែង ប្រពន្ធ័លូទឹកកខ្វក់ និង ស្ថានីយ័បូមនៅឆ្នេរអូរឈើទាល មិនអាចនឹងគ្រប់គ្រាន់ទេ។

ឆ្នេរសមុទ្រកម្ពុជាដែលមានប្រវែងសរុបជាង ៤៤០គម លាតសន្ធឹងលើខេត្ត ព្រះស៊ីហនុ កំពត កែប និងកោះកុង ត្រូវបានចុះបញ្ជីទៅក្នុងក្លឹបឆ្នេរសមុទ្រស្អាតបំផុតក្នុងលោកនៅឆ្នាំ២០១២។

ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូល ដែលរួមមានផែនការហេដ្ឋារចនាសម្ព័ន្ធ និង នគរូបនីយកម្មជាច្រើន កម្ពុជា និង ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក ក៏ធ្លាប់ពិភាក្សាគ្នាក្នុងការចុះកិច្ចព្រមព្រៀងសហប្រតិបតិ្តការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

ក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ក៏កំពុងរៀបចំច្បាប់ស្តីពីការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រ និងច្បាប់ស្តីពីអេកូទេសចរណ៍ផងដែរ។

អំពី Vutha Tim