ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​​តាមដាន​សមុទ្រ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / បច្ចេកវិទ្យា / ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​​តាមដាន​សមុទ្រ
ប្រទេស​ចិន​ កាលពី​ថ្មីៗនេះ បាន​បាញ់​​ផ្កាយ​រណប​តាមដាន​មហា​សមុទ្រ ដែល​អ្នកឯកទេស​ចិន​បាន​និយាយ​ថា នឹង​ពង្រឹង​ការ​ធ្វើ​នាវាចរណ៍​ស៊ីវិល​និង​យោធា​របស់​ប្រទេស។

ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​​តាមដាន​សមុទ្រ

ប្រទេស​ចិន​ កាលពី​ថ្មីៗនេះ បាន​បាញ់​​ផ្កាយ​រណប​តាមដាន​មហា​សមុទ្រ ដែល​អ្នកឯកទេស​ចិន​បាន​និយាយ​ថា នឹង​ពង្រឹង​ការ​ធ្វើ​នាវាចរណ៍​ស៊ីវិល​និង​យោធា​របស់​ប្រទេស។

យោង​តាម​របាយការណ៍​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ផ្កាយរណប HY-2B ត្រូវ​បាន​បាញ់​​ចេញ​ពី​​មជ្ឈមណ្ឌល​​បង្ហោះ​ផ្កាយរណប Taiyuan នៅ​ខេត្ត Shanxi ភាគ​ខាងជើង​ប្រទេស​ចិន កាលពី​ព្រឹក​​ថ្ងៃទី២៥ ខែ​តុលា។ ​រ៉ុកកែត Long-March-4B បាន​បញ្ជូន​វា​ចូល​ទៅ​ក្នុង​​គន្លង​តារាវិថី​ដោយ​ជោគជ័យ ​ជា​​ផ្កាយរណប​យកការណ៍​​​មួយ​​នឹង​បង្កើត​​បណ្ដាញ​មួយ​​មាន​ប្រេកង់ HY-2C និង HY-2D សម្រាប់​តាមដាន​បរិស្ថាន​​សមុទ្រ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​អវកាស​ចិន (CASC)។

យោង​តាម​អត្ថបទ​ដែល​បាន​ចេញផ្សាយ​នៅ​លើ​គណនី WeChat សាធារណៈ​របស់ CASC ផ្កាយរណប HY-2B អាច​ទប់ទល់​នឹង​ការ​រំខាន​អាកាសធាតុ​ និង​លក្ខខណ្ឌ​ពន្លឺ និង​មាន​សមត្ថភាព​​ផ្ដល់​សេវា២៤ម៉ោង រួម​ទាំង​ការ​ឃ្លាំមើល​​ខ្យល់​សមុទ្រ លក្ខខណ្ឌ​រលក និង​ព្យុះ។ ផ្កាយរណប​​នេះ​នឹង​​ជួយ​ឲ្យ​នាវា​ចិន​​យល់​​ច្បាស់​អំពី​ស្ថានភាព​សមុទ្រ មុន​ពេល​​ចេញ​ដំណើរ​ និង​ព្យាករណ៍​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូចជា​ព្យុះ​ទីហ្វុង ដើម្បី​បង្ការ​គ្រោះថ្នាក់​ជា​មុន។

ផ្កាយរណប HY-2B រួមមាន​ឧបករណ៍​ផ្សេង​​ពី​ផ្កាយ​រណប HY-2A ពីមុន រួមទាំង​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​មួយ ដែល​អាច​​តាមដាន​​និង​កំណត់​អត្តសញ្ញាណ​កប៉ាល់​ទូទាំង​សាកលលោក។ ផ្កាយរណប​នេះ​ក៏​អាច​ប្រមូល រក្សាទុក និង​បញ្ជូន​ព័ត៌មាន ចេញពី​ដែន​សមុទ្រ​ចិន និង​ផ្នែក​ផ្សេងទៀត នៃ​ពិភពលោក។

លោក Jiang Xingwei ជា​នាយក​មជ្ឈមណ្ឌល​​កម្មវិធី​ផ្កាយរណប​មហាសមុទ្រ​ជាតិ ដែល​បាន​ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhuaថា “ផ្កាយរណប HY-2B នឹង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ស្ទាបស្ទង់​​ធនធាន​មហាសមុទ្រ​ចិន ក្នុង​ការ​ជួយ​សង្គ្រោះ​និង​ការ​គ្រប់គ្រង​បរិស្ថាន។

លោក​បាន​មាន​ប្រសាសន៍​ថា “បណ្ដាញ​ផ្កាយរណប​តាមដាន​ថ្មី​នេះ​នឹង​បម្រើ​កាន់តែ​ប្រសើរ​ឡើង ដល់​ទាំង​ពិភពលោក និង​យុទ្ធសាស្ត្រ​ថាមពល​ដែន​សមុទ្រ​ នៃ​​ប្រទេស​ចិន”។

យោង​តាម CASC ផ្កាយរណប HY-2B នឹង​ដាក់​ជំនួស​ផ្កាយ​រណប​ HY-2A ដែល​បាន​បញ្ជូន​​ទៅ​កាន់​អវកាស​កាលពី​ខែ​សីហា ឆ្នាំ២០១១។

 

អំពី Dara Hon