កោះ​ឋានសួគ៌​ហ្វីលីពីន​បើក​ទទួល​ភ្ញៀវ​ឡើងវិញ​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / កោះ​ឋានសួគ៌​ហ្វីលីពីន​បើក​ទទួល​ភ្ញៀវ​ឡើងវិញ​

កោះ​ឋានសួគ៌​ហ្វីលីពីន​បើក​ទទួល​ភ្ញៀវ​ឡើងវិញ​

កោះ​ឋានសួគ៌​​​  Boracay របស់​ហ្វីលីពីន​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក បាន​បើក​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ​​ហើយ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់ពី​​ស្ដារ​ឡើងវិញ​និង​សម្អាត​អស់រយៈពេល៦ខែ។

យោង​តាម​គេហទំព័រ Global Time ក្នុង​ការ​បើក​សម្ពោធ​ទទួល​ភ្ញៀវ​ឡើងវិញ កោះ​នេះបាន​រៀបចំ​​​ឲ្យ​មាន​ពិធី​របាំ​ប្រពៃណី​​នៅ​តាម​បណ្ដោយ​ឆ្នេរ​ស​ដ៏​ស្រស់​ស្អាត ដើម្បី​ស្វាគមន៍​ភ្ញៀវ។ ភ្ញៀវ​ហាក់​​​មាន​អារម្មណ៍​រំភើប​​និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ពួកគេ​ភាគច្រើន​បាន​មក​ពី​ព្រឹក​ព្រលឹម​នៅ​កំពង់ផែ Caticlan ហើយ​​ស្ងើច​សរសើរ​ថា ​កោះនេះ​​​មាន​ការ​ផ្លាស់ប្ដូរ​ទាំងស្រុង។ កោះ​នេះ​ត្រូវ​បាន​បិទ​​ចាប់តាំង​ពី​ខែ​មេសា ដើម្បី​ស្ដារ និង​សម្អាត​ឡើងវិញ ក្រោយពី​រង​ការ​ញាំញី​​ ដោយសារ​​សម្ពាធ​ភ្ញៀវ​ទេសចរ​យ៉ាង​កំហុស។

យោង​តាម​នាយកដ្ឋាន​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ នៃ​ហ្វីលីពីន កោះ​នេះ​រំពឹង​​មាន​អ្នកទេសចរ​ជាង ៦.០០០នាក់​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​សម្ពោធ ហើយ​ការ​​ដឹក​ជញ្ជូន​ភ្ញៀវ​​ទៅ​កាន់​ផែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ដិត ដើម្បី​ជៀសវាង​កំហុស​ឆ្គង​​ដូច​អតីតកាល។ វា​ជា​មោទនភាព​មួយ​សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​បាន​ប្រឹងប្រែង​ធ្វើ​ឱ្យ​ខ្សាច់​ស​ស្អាត ទឹក​ស្អាត និង​មាន​សុវត្ថិភាព មុន​បើក​​ទទួល​ភ្ញៀវ​ឡើងវិញ។

យ៉ាងណាក៏ដោយ ស្ថានភាព​ផ្លូវ​គឺ​​នៅ​មាន​ការ​លំបាក​ដោយ​អន្លើ។ ផ្លូវ​ធំ​​ទៅ​កាន់​កោះ​​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាងសង់​ ហើយ​តំបន់​ខ្លះ​យានយន្ត​មិន​អាច​ចូល​​ដល់​នៅឡើយ។ រដ្ឋាភិបាល​បាន​និយាយ​ថា មិន​មាន​អ្វី​​ព្រួយ​បារម្ភ​ទេ ព្រោះ​ការ​ស្ថាបនា​ផ្លូវ​ថ្នល់​​ដំណាក់កាលទី១ បាន​បញ្ចប់៨០​%ហើយ។

ភោជនីយដ្ឋាន និង​សណ្ឋាគារ​ជាច្រើននៅតែ​បិទ​ទ្វា​នៅឡើយ ​ប៉ុន្តែ​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បើក​ច្រើន​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​។ កោះ Boracay នឹង​ឆ្លង​កាត់​​ការ​ស្តា​ឡើងវិញ​២ដំណាក់កាល​ទៀត ​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ២០១៩។

ទោះបីជា​​កោះ Boracay ត្រូវ​បាន​បិទ​អស់​រយៈពេល៦ខែ ក៏​នាយកដ្ឋាន​ទេសចរណ៍​មាន​ទំនុក​ចិត្ត​ថា ពួកគេ​នៅ​តែ​អាច​​សម្រេច​បាន​គោលដៅ​ទេសចរណ៍​ចំនួន ៧,៥ លាន​នាក់​​ក្នុង​ប្រទេស​ នៅ​ចុង​ឆ្នាំ​២០១៨។ ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ ក៏​ចង់​ឱ្យ​យក​មេរៀន​របស់​កោះ​បូរ៉ាខាយ ធ្វើ​ជា​គំរូ​អំពី​របៀប​គ្រប់គ្រង​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ សម្រាប់​កោះ​ដែល​ទិសដៅ​ទេសចរណ៍​ផ្សេងទៀត​។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង