ស្វែងយល់អំពីបទដ្ឋានចំណតយានយន្តនៅក្នុងអគារផ្សេងៗ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ស្វែងយល់អំពីបទដ្ឋានចំណតយានយន្តនៅក្នុងអគារផ្សេងៗ
Cloud computing concept - connect IT devices (PC notebook tablet mobile phone) to cloud storage. Hand with cloud computing and computer icon.

ស្វែងយល់អំពីបទដ្ឋានចំណតយានយន្តនៅក្នុងអគារផ្សេងៗ

នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍទីក្រុង និង ទីប្រជុំជន ការរៀបចុះចំណតគឺជាកិច្ចការដ៏សំខាន់មួយដើម្បីធានាឲ្យបាននូវសុវត្ថិភាព និង របៀបរៀបរយសាធារណៈ។ ជាការពិតណាស់ ចំនួនចំណតរថយន្តសម្រាប់អគារក្នុងដីឡូតិ៍ ត្រូវមានគ្រប់គ្រាន់តាមតម្រូវការនៃប្រភេទអគារនីមួយៗ ហើយត្រូវស្ថិតនៅក្រៅពីផ្លូវសាធារណៈ និង ទីតាំងសាធារណៈ។ ចំនួនចំណតរថយន្តអប្បបរមាសម្រាប់អគារក្នុងដីឡូត៍ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៤២ ចុះថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ដូចខាងក្រោម៖

1. អគារលំនៅឋានដូចខាងក្រោមនេះ ត្រូវមានចំណតរថយន្តតូចចំនួន ១ កន្លែង៖
• លំនៅឋានលក្ខណៈភូមិគ្រឹះ និង ពាក់កណ្តាលភូមិគ្រឹះ ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២
• លំនៅឋានលក្ខណៈផ្ទះល្វែង និង ផ្ទះជាប់គ្នា ដែលមានផ្ទៃក្រឡាកម្រាល ១២០ ម២
• អគារស្នាក់នៅរួមប្រភេទប្រណីត (Condominium) ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២
• អគារស្នាក់នៅរួមប្រភេទមធ្យម (Apartment) ដែលមានផ្ទៃក្រឡាកម្រាល ១២០ ម២
• អគារស្នាក់នៅរួមប្រភេទធម្មតា ដែលមានផ្ទៃក្រឡាកម្រាល ១៥០ ម២

2. អគារពាណិជ្ជកម្មដូចខាងក្រោមនេះ ត្រូវមានចំណតរថយន្តចំនួន ០១ កន្លែង៖
• ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និង ក្លឹបកម្សាន្ត ដែលមានផ្ទៃក្រឡាកម្រាល ២០ ម២ និង ផ្ទៃក្រឡាកន្លែងរាំ ១ ម២
• ផ្សារទំនើប ដែលមានផ្ទៃក្រឡាកម្រាល ៥០ ម២
• ផ្សារ ឬ កន្លែងលក់ដូរ ដែលមានផ្ទៃក្រឡាកម្រាល ៥០ ម២
• អគារពាណិជ្ជកម្មផ្សេងៗ ដែលមានផ្ទៃក្រឡាកម្រាល ៥០ ម២

3. អគារឧស្សាហកម្ម រួមមាន៖
• អគាររោងចក្រ ដែលមានផ្ទៃក្រឡាកម្រាល ២៥០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ក្រឡាផ្ទៃកម្រាល ១.២៥០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។
• អគារឃ្លាំងផ្ទុកទំនិញផ្ទាល់ខ្លួន ដែលមានផ្ទៃក្រឡាកម្រាល ៤០០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ២.០០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។

4. អគារសិក្សាធិការ អប់រំ និង កីឡា រួមមាន អគារគ្រឹះស្ថានឧត្តមសិក្សាដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ អគារគ្រឹះស្ថានមធ្យមសិក្សាដែលមានផ្ទៃក្រឡាកម្រាល ២០០ ម២ អគារគ្រឹះស្ថានបឋមសិក្សាដែលមាន ផ្ទៃក្រឡាកម្រាល ៣០០ ម២ និង មជ្ឈមណ្ឌលកីឡាដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណត រថយន្តតូច ១ កន្លែង។

5. អគារសុខភាព រួមមាន អគារមន្ទីរពេទ្យដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ និង ក្លឹបហាត់ប្រាណនិង សុខភាពដែលមានផ្ទៃក្រឡាកម្រាល ១២០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង។

6. អគារសាលមហោស្រព សាលប្រជុំ ពិធី និង រោងភាពយន្តរួមមាន៖
• អគារមហោស្រព រោងភាពយន្ត សាលជួបជុំ និង ពិធី ដែលមានផ្ទៃក្រឡាកម្រាល ៣០ ម២ ត្រូវមាន ចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ៣០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។

7. អគារសណ្ឋាគារនិងផ្ទះសំណាក់ រួមមាន៖
• អគារសណ្ឋាគារ ដែលមាន ៥ បន្ទប់ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ចំនួន ៣០ បន្ទប់ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។
• អគារផ្ទះសំណាក់ ដែលមាន ១០ បន្ទប់ ត្រូវមានចំណតរថយន្តតូច ១ កន្លែ និង ចំនួន ៣០ បន្ទប់ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។

8. អគារការិយាល័យសាធារណៈ និង ការិយាល័យឯកជន រួមមាន៖
• អគាររដ្ឋបាលនិងការិយាល័យឯកជន ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណត រថយន្តតូច ១ កន្លែង។

9. ស្ថានីយប្រេងឥន្ធនៈ ដែលមានផ្ទៃក្រឡាកម្រាល ១០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។

10. អគារការិយាល័យដឹកជញ្ជូន ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ៥០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។

11. អគារផ្សេងៗ ដែលមានផ្ទៃក្រឡាកម្រាល ១៥០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ៥០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។

សូមបញ្ជាក់ផងដែរថា ចំនួនចំណតរថយន្តសម្រាប់អគារក្នុងដីឡូតិ៍ដែលបានកំណត់ខាងលើនេះ ជាចំនួនអប្បបរមា ដែលត្រូវមានជាចាំបាច់ សម្រាប់ការអភិវឌ្ឍនិងការសាងសង់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងការគណនា បើលទ្ធ- ផលជាចំនួនទសភាគ ចំនួនចំណតនេះ ត្រូវយកចំនួនគត់ដែលមានតម្លៃធំជាងបន្ទាប់នៃលទ្ធផល។ ក្នុងករណីអគារបម្រើមុខងារចម្រុះ ការគណនាចំនួនចំណតរថយន្តសម្រាប់អគារក្នុងដីឡូតិ៍ ត្រូវគណនាតាមប្រភេទ មុខងារនីមួយៗ ហើយបូកសរុបបញ្ចូលគ្នា ទើបទទួលបានចំនួនចំណតសរុប សម្រាប់អគារទាំងមូល។

អំពី Vutha Tim