អាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក នឹងត្រូវពង្រីកក្រោមថវិកាជាង២លានដុល្លារ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / អាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក នឹងត្រូវពង្រីកក្រោមថវិកាជាង២លានដុល្លារ
អាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នឹងត្រូវប្រែក្លាយជាអាងហែលទឹកស្តង់ដាអន្តរជាតិថ្មី នារយៈពេល ៨ ខែក្រោយ​ ក្រោមថវិកាប្រមាណ២លានដុល្លារ។

អាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក នឹងត្រូវពង្រីកក្រោមថវិកាជាង២លានដុល្លារ

ក្រោយពីដំណើរការបានកន្លះទសវត្ស អាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នឹងត្រូវប្រែក្លាយជាអាងហែលទឹកស្តង់ដាអន្តរជាតិថ្មី នារយៈពេល ៨ ខែក្រោយ​ ក្រោមថវិកាប្រមាណ២លានដុល្លារ។

តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកការដ្ឋានស្តារឡើងវិញអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ការស្តារឡើងវិញនៃអាងហែលទឹកនេះ គ្រោងនឹងចំណាយថវិកាប្រមាណ ២លានដុល្លារអាមេរិក ដែលជាជំនួយពីក្រុមហ៊ុនចិន Shanghai Construction Group Co., Ltd ហើយគ្រោងប្រើរយៈពេលជួសជុលប្រមាណ ៧ ទៅ ៨ ខែ ដែលនឹងបញ្ចប់ក្នុងខែឧសភា ឬ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងការស្តារឡើងវិញនេះ អាងហែលទឹកដែលមានប្រវែង ៥០ ម៉ែត្រ x ២០ ម៉ែត្រ និង មានខ្សែបន្ទាត់ ៨ នឹងត្រូវពង្រីកទៅទំហំប្រវែង ៥០ ម៉ែត្រ x ២៥ ម៉ែត្រ និង មានខ្សែបន្ទាត់ ១០។ រីឯអាងលោតទឹក នឹងពង្រីកឱ្យមានប្រវែង ២៥ ម៉ែត្រ x ២០ ម៉ែត្រ ស្របតាមស្តង់ដាអន្តរជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារនេះ ពុំទាន់គិតទៅដល់គ្រឿងសម្ភារៈផ្សេងៗ ដែលយើងត្រូវទៅទិញដាក់នៅកន្លែងហាត់ប្រាណនៅឡើយទេ។ ចំពោះកន្លែងហាត់ប្រាណ នឹងត្រូវមានទទឹង ១២ ម៉ែត្រ និង បណ្តោយ ១៨ ម៉ែត្រ ដោយភ្ជាប់មកនូវសម្ភារៈគ្រប់គ្រាន់ សម្រាប់កីឡាករ កីឡាការិនីហែលទឹក ធ្វើលំហាត់ប្រាណ បន្ថែមពីលើការហ្វឹកហាត់ក្នុងទឹកតែមួយផ្នែក។ ជាពិសេស ក្នុងគម្រោងក៏មានរៀបចំជាបន្ទប់ស្នាក់នៅ សម្រាប់កីឡាករ កីឡាការិនី ៥៥ នាក់ អាចស្នាក់នៅកន្លែងនេះបាន ព្រមទាំងមានរៀបចំនូវកន្លែងទទួលទានឱ្យបានត្រឹមត្រូវផងដែរ។

ពាក់ព័ន្ធនឹងថវិកា ក្នុងការទិញសម្ភារៈកីឡាមួយចំនួន មកដាក់បញ្ចូលនៅទីនេះ ឯកឧត្តម នឹងស្នើទៅកាន់ក្រុមហ៊ុនឯកជនផ្សេងៗទៀត ដើម្បីជាជំនួយក្នុងគម្រោងនេះ។

ក្នុងអំឡុងពេលជួសជុលអាងហែលទឹកនេះ កីឡាករ កីឡាការិនី នឹងត្រូវទៅធ្វើការហ្វឹកហាត់ នៅឯអាងហែលទឹក ក្នុងពហុកីឡដ្ឋានមរតកតេជោ ជំនួសវិញ ដែលបានស្ថាបនាឡើង ដើម្បីស្វាគមន៍ដល់កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី ៣២ ឆ្នាំ២០២៣ ដោយកម្ពុជា ជាម្ទាស់ផ្ទះ។

សូមបញ្ជាក់ថា អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិច ត្រូវបានបើកឱ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៦៧ មកម៉្លេះ គិតមកទល់ពេលនេះមានអាយុជាង ៥០ ឆ្នាំហើយ។ ចំណែកឯម៉ាស៊ីនបូមទឹក ដែលបានដាក់បម្រើក្នុងអាងទឹកនេះ បានខូចខាតអស់ទៅហើយ ទើបតម្រូវឱ្យមានការស្តារឡើងវិញ ដើម្បីឈានទៅរកស្តង់ដាអន្តរជាតិថ្មី៕

អំពី ម៉ី ស្រីលុច្ស