ក្រុមហ៊ុនជប៉ុននឹងស្ថាបនាគម្រោងស្តារប្រព័ន្ធលូ ជំហានទី៤នៅភ្នំពេញ នៅខែវិច្ឆិកានេះ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ក្រុមហ៊ុនជប៉ុននឹងស្ថាបនាគម្រោងស្តារប្រព័ន្ធលូ ជំហានទី៤នៅភ្នំពេញ នៅខែវិច្ឆិកានេះ
បន្ទាប់ពីឆ្លងកាត់ដំណើរការដេញថ្លៃនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ក្រុមហ៊ុន TOA Corporation ដែលជាក្រុមហ៊ុនសាងសង់ដ៏ធំមួយដែលមានមូលដ្ឋាននៃប្រទេសជប៉ុន បានឈ្នះលើគម្រោងនេះ។

ក្រុមហ៊ុនជប៉ុននឹងស្ថាបនាគម្រោងស្តារប្រព័ន្ធលូ ជំហានទី៤នៅភ្នំពេញ នៅខែវិច្ឆិកានេះ

ក្រុមហ៊ុនសាងសង់ដែលមានអាយុជាង១០០ឆ្នាំមួយរបស់ប្រទេសជប៉ុន នឹងសាងសង់ប្រព័ន្ធលូនៅរាជធានីភ្នំពេញនៅដំណាក់កាលទី៤ ដែលមានតម្លៃ៣០លានដុល្លារ បន្ទាប់ពីឈ្នះការដេញថ្លៃនៅប្រទេសជប៉ុន។

បន្ទាប់ពីឆ្លងកាត់ដំណើរការដេញថ្លៃនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែតុលានេះ ក្រុមហ៊ុន TOA Corporation ដែលជាក្រុមហ៊ុនសាងសង់ដ៏ធំមួយដែលមានមូលដ្ឋាននៃប្រទេសជប៉ុន បានឈ្នះលើគម្រោងនេះ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ មន្ទីរសាធារណការរាជធានីភ្នំពេញ កិច្ចព្រមព្រៀងសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ រវាងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក Katsuhisa KIMURA នាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន TOA Corporation ដោយមានការចូលរួមពីឯកឧត្តម អឹុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្រោមជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូនៅរាជធានីភ្នំពេញ ដំណាក់កាលទី៤ ដែលមានតម្លៃសរុប ៣០ លានដុល្លារ នឹងចាប់ផ្តើមអនុវត្តន៍នៅចុងខែវិច្ឋិកានេះ។

គម្រោងដែលត្រូវអនុវត្តរួមមាន៖
១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គម
២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គម
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់
៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។

បង្កើតឡើងនៅឆ្នាំ១៩០៨ ក្រុមហ៊ុន TOA Corporation បានស្ថាបនាគម្រោងគំពង់ផែ សំណង់អគារនៅតាមឆ្នេរ សំណង់អាកាសយានដ្ឋាន កំពង់ផែទេសចរណ៍ ឃ្លាំង រោងចក្រ និង រោងចក្រផលិតថាមពលជាច្រើន។

ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួន TOA Corporation បានស្ថាបនាគម្រោងខ្នាតយក្សជាច្រើនដូចជា ការអភិវដ្ឍនគរូបនីយកម្ម អគារពាណិជ្ជកម្ម សណ្ឋាគារ អគារវេជ្ជសាស្រ្ត អគារអប់រំ និងលំនៅដ្ឋានជាច្រើន រហូតបានទទួលកេត្តិស័ព្ទល្បីល្បាញពីគម្រោងមួយទៅគម្រោងមួយទៀត។

គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ១៩៩៩មក រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមអនុវត្តន៍ ផែនការមេសម្រាប់ការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូនៅទូទាំងរាជធានីភ្នំពេញ ដែលតាមរយៈផែនការមេនេះ មានគម្រោងស្តារប្រព័ន្ធលូជាច្រើនត្រូវបានអនុវត្តន៍ឡើង។

ក្រោមជំនួយពីរដ្ឋាភិបាលជប៉ុនទាំងស្រុង ថវិកាប្រមាណជាង ១០០ លានដុល្លារ ត្រូវបានចំណាយសម្រាប់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូ នៅរាជធានីភ្នំពេញ ចំនួន៣ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ ដែលបានអនុវត្តន៍ចាប់ពីឆ្នាំ ២០០១-២០០៤ ដោយផ្តោតលើតំបន់ភាគខាងត្បូងឈាងខាងលិចនៃរាជធានីភ្នំពេញ និង ដំណាក់កាលពី២ ដែលបានអនុវត្តន៍ចាប់ពីឆ្នាំ ២០០៦-២០១០ ផ្តោតលើតំបន់ខាងជើងឈាងខាងកើត បានចំណាយថវិកាសរុបជាង ៥៤លានដុល្លារ។

ដំណាក់កាលទី៣ ដែលផ្តោតលើតំបន់ភាគខាងត្បូងឈាងខាងកើតនៃរាជធានីភ្នំពេញ ត្រូវបានស្ថាបនាចាប់ពីឆ្នាំ២០១២-២០១៥ ដោយបានចំណាយថវិកាសាងសង់សរុបជាង ៤៦ លានដុល្លារ។

 

អំពី Vutha Tim