ជប៉ុន​​ផ្ដល់​ជំនួយ១៥០គម្រោងដល់តំបន់អាស៊ីអាគ្នេយ៍ដើម្បី​​ ទប់​ទល់​ឥទ្ធិពល​ចិន – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / ជប៉ុន​​ផ្ដល់​ជំនួយ១៥០គម្រោងដល់តំបន់អាស៊ីអាគ្នេយ៍ដើម្បី​​ ទប់​ទល់​ឥទ្ធិពល​ចិន

ជប៉ុន​​ផ្ដល់​ជំនួយ១៥០គម្រោងដល់តំបន់អាស៊ីអាគ្នេយ៍ដើម្បី​​ ទប់​ទល់​ឥទ្ធិពល​ចិន

ជប៉ុន​យល់​ព្រម​ផ្ដល់​មូលនិធិ​ដល់​គម្រោង​អភិវឌ្ឍន៍​ចំនួន១៥០ នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន៥ តាម​បណ្ដោយ​ទន្លេ​មេគង្គ ប៉ុន្តែ​ប្រទេស​ទាំងនេះ​ត្រូវ​​គាំទ្រ “យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ” ដែល​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​រដ្ឋាភិបាល​ជប៉ុន​និង​អាមេរិក ដើម្បី​ទប់ទល់​​​ឥទ្ធិពល​​​ចិន។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​​មេគង្គ -ជប៉ុន លើក​ទី១០ កាលពី​ថ្មីៗ​នេះ​នៅ​ទីក្រុង​តូក្យូ ដែល​បាន​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ នៃ​ប្រទេស​កម្ពុជា វៀតណាម ថៃ ឡាវ និង​មីយ៉ាន់ម៉ា។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​​​បាន​ឲ្យ​ដឹង​ថា ​គម្រោង​ទាំងនេះ​នឹង​គ្រប​ដណ្ដប់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​​គុណភាព ដោយ​ផ្ដោត​លើ​ការ​ដឹក​ជញ្ជូន ដូចជា​គម្រោង​ផ្លូវ​នៅ​​​​មីយ៉ាន់ម៉ា និង​ការ​ពង្រីក​ប្រលានយន្តហោះ​នៅ​​​ឡាវ។ វា​ក៏​គ្រប​ដណ្ដប់​ផង​ដែរ​​លើ​គម្រោង​មិន​មែន​សាងសង់ ដូចជា​សេវា​វេជ្ជសាស្ត្រ និង​សេវា​ប្រៃសណីយ៍។

​​​នៅ​ក្នុង​​សន្និសីទ ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីនហ្សូ អាបេ ​​ថ្លែង​ថា ក្រុមហ៊ុន​ជប៉ុន​បាន​វិនិយោគ​ជាង​២ពាន់​លាន​​យ៉េន (១៧,៧ពាន់លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំ​កន្លង​នេះ ហើយ​​ជាង​៧០% នៃ​ជំនួយ​អភិវឌ្ឍន៍​​រដ្ឋាភិបាល​​ទៅកាន់​​​អាស៊ាន​​​ក្នុង​កំឡុង​ពេល​នេះ ត្រូវ​បាន​​វិភាជន៍​​ទៅ​តំបន់​មេគង្គ។

លោក​​បន្ថែម​ថា ជប៉ុន​នឹង​ប្រើប្រាស់​មូលនិធិ​សាធារណៈ រួម​ទាំង​ប្រាក់​កម្ចី​ក្រៅ​ប្រទេស ការ​វិនិយោគ និង​ជំនួយ​អភិវឌ្ឍន៍​ក្រៅ​ប្រទេស (ODA) ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​ការ​វិនិយោគ​ឯកជន​ច្រើន​ឡើង។

ODA របស់​​ជប៉ុន ដែល​ត្រូវ​បាន​គេ​​ហៅ​ថា យុទ្ធសាស្ត្រ​​តូក្យូ ឆ្នាំ២០១៨ នឹង​ផ្ដោត​លើ​ផ្នែក​៣៖ ​ការ​តភ្ជាប់​ប្រកប​ដោយ​ប្រសិទ្ធភាព សង្គម​ប្រជាជន​មជ្ឈមណ្ឌល​ និង​ការ​គ្រប់គ្រង​បរិស្ថាន និង​​គ្រោះ​មហន្តរាយ។ វា​​ខុសប្លែក​ពី​ “គំនិត​ផ្ដួចផ្ដើម ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ” ​របស់​ចិន បើ​ទោះជា​​មាន​ការ​ជាន់​គ្នា​នៅ​​​​ផ្នែក​ដឹកជញ្ជូន​ក៏ដោយ។

ការ​សន្យា​ផ្ដល់​ជំនួយ​នេះ​​បញ្ជាក់​ថា តំបន់​ទន្លេ​មេគង្គ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​​នា​ពេល​អនាគត។ ប្រទេស​ទាំង​៥​នេះ​ស្ថិត​​ក្រោម​ការអភិវឌ្ឍន៍​នៅឡើយ បើ​ធៀប​ជាមួយ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​មាន​បណ្ដុំ​​កម្លាំង​ពលកម្ម​​​ថោក ​និង​ក្ដោប​យក​ទីតាំង​​យុទ្ធសាស្ត្រ​មួយ រវាង​ទីផ្សារ​​ដ៏​ធំ​របស់​​ចិន និង​ទីផ្សារ​​​ដ៏​ធំ​ដែល​កំពុង​​លេច​ឡើង​របស់​ឥណ្ឌា។

សេចក្ដីថ្លែងការណ៍​​រួម​​និយាយ​ថា “វា​ចាំបាច់​ណាស់​ក្នុង​ការ​ជំរុញ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​បណ្ដាញ​សង្វាក់​តម្លៃ​នៅ​ក្នុង​តំបន់​មេគង្គ និង​លើស​ពី​នេះ” ​ឆ្លុះ​បញ្ចាំង​ពី​ក្ដី​សង្ឃឹម​របស់​ជប៉ុន ​ដែល​ក្រុមហ៊ុន​របស់​ខ្លួន​អាច​បង្កើត​រោងចក្រ​នៅ​តំបន់​នេះ។

អំពី Dara Hon