រញ្ជួយដីនៅឥណ្ឌូណេស៊ី​បំផ្លាញផ្ទះសរុប ៦៧០០០ខ្នង – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ព័ត៌មានអាស៊ាន / រញ្ជួយដីនៅឥណ្ឌូណេស៊ី​បំផ្លាញផ្ទះសរុប ៦៧០០០ខ្នង

រញ្ជួយដីនៅឥណ្ឌូណេស៊ី​បំផ្លាញផ្ទះសរុប ៦៧០០០ខ្នង

កាលពី​​​ថ្ងៃទី២៨ ខែ​កញ្ញា ប្រទេស​ឥណ្ឌូណេស៊ី​បាន​រង​ការ​វាយប្រហារយ៉ាង​ខ្លាំងក្លា​ពី​​​រលក​យក្ស​ស៊ូណាមី​ និង​រញ្ជួយ​ដី នៅ​ក្នុង​ទីក្រុង Palu កោះ Sulawesi ដែល​​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២.០៤៥នាក់ស្លាប់ និង​ចំនួន​៥.០០០​នាក់​បាត់​ខ្លួន។

យោង​តាម​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​ តំបន់​ដែល​រង​ការ​វាយប្រហារ​ទាំងអស់​នឹង​ចាប់ផ្ដើម​ស្ដារ និង​សាងសង់​ឡើងវិញ​ ក្នុង​​គម្រោង​រយៈពេល២ឆ្នាំ។ ទីក្រុង​ត្រូវ​បាន​កម្ទេច ដោយ​មាន​ផ្ទះ​ចំនួន ៦៧.០០០ខ្នង​ត្រូវ​បាន​បំផ្លាញ​និង​ខូចខាត និង​​​ប្រជាជន​ចំនួន​ ៨២.០០០នាក់​បាន​​ចាកចេញ​ពី​លំនៅឋាន។

លោក Jusuf Kalla អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​ឲ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ ​តាមរយៈ​គេហទំព័រ Global Construction Review ថា “ការ​ស្តា​​ឡើងវិញ​នឹង​ចាប់ផ្ដើម​នៅ​ខែក្រោយ”។ ការងារ​នេះ​នឹង​រួម​បញ្ចូល​ការ​បង្កើត​ជំរំ​បណ្ដោះអាសន្ន​ ព្រមទាំង​​​ការ​សាងសង់​​សាលារៀន វិហារ​អិស្លាម អគារ​ការិយាល័យ និង​ផ្ទះ។ តំបន់ Barracks នឹង​ជា​កន្លែង​ដំណាក់កាល​ទី១ នៃ​​ការ​ស្ដារ​ឡើងវិញ។​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា ទីតាំង​​ទីក្រុង Palu ស្ថិតនៅ​ចុង​​នៃ​ច្រក​តូច​​មួយ ដែល​នឹង​ប្រមូល​ផ្ដុំ​ដោយ​កម្លាំង​របស់​រលក​យក្ស​ស៊ូណាមី។ ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​នេះ​​បាន​កើត​ឡើង​នៅ​ឈូង​សមុទ្រPalu មាន​ចម្ងាយ​៧៧​គីឡូម៉ែត្រ នៅថ្ងៃទី២៨ ខែ​កញ្ញា ដោយ​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​កម្ពស់​ដល់​ទៅ៣ម៉ែត្រ ឬ​ខ្ពស់​ជាង​នេះ។

ទីក្រុង Palu មិន​ត្រឹម​តែ​​​ត្រូវ​​វាយ​ប្រហារ​ដោយ​​ល្បឿន​ទឹក​​ហូរ​​ប៉ុណ្ណោះ​ទេ ​ផ្នែក​ខ្លះ​​​ក៏​ត្រូវ​បាន​បំផ្លាញ​ដោយ​ប្ដូរ​​​ដី​រឹង​ធម្មតា ​​ទៅ​មក​ជា​​ភក់​រាវ។ យោង​តាម​វីដេអូ​ពី​ផ្កាយរណប​​ដែល​រៀបចំ​ដោយ​​​អង្គការ The Guardian បាន​បង្ហាញ​ពី​គ្រា​ដ៏​រន្ធត់​​នៃ​ការ​វាយប្រហារ​​ពី​រលក​យក្ស​ស៊ូណាមី​ ដែល​ស្រុក​ទាំងមូល​ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​ភក់​។

យោង​តាម​សារព័ត៌មាន Xinhua មាន​​ប្រទេស​ចំនួន​២៦​​បាន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី និង​មាន​អ្នកសង្គ្រោះ​ចំនួន១០.០០០នាក់​នៅតែ​បន្ត​​រុករក​អ្នក​រស់រាន​នៅ​ក្នុង​គំនរ​បាក់បែក​នៅ​ឡើយ។

អំពី Dara Hon