​ស៊ុយអែត​សាកល្បង​ម៉ាស៊ីន​​​វាយ​ថ្ម​​គ្មាន​មនុស្ស​បើក​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គ្រឿងចក្រ / គ្រឿងចក្រសំណង់ / ​ស៊ុយអែត​សាកល្បង​ម៉ាស៊ីន​​​វាយ​ថ្ម​​គ្មាន​មនុស្ស​បើក​
ក្រុមហ៊ុន​ម៉ៅការ​​​ស៊ុយអែត Skanska កំពុង​ជួយ​ក្រុមហ៊ុន Volvo Construction Equipment ដើម្បី​បង្កើត​ប្រតិបត្តិការ​​វាយ​​យក​ថ្ម​​ដោយ​រថយន្ត​អគ្គិសនី​ស្វ័យប្រវត្តិ រួម​ទាំង........

​ស៊ុយអែត​សាកល្បង​ម៉ាស៊ីន​​​វាយ​ថ្ម​​គ្មាន​មនុស្ស​បើក​

ក្រុមហ៊ុន​ម៉ៅការ​​​ស៊ុយអែត Skanska កំពុង​ជួយ​ក្រុមហ៊ុន Volvo Construction Equipment ដើម្បី​បង្កើត​ប្រតិបត្តិការ​​វាយ​​យក​ថ្ម​​ដោយ​រថយន្ត​អគ្គិសនី​ស្វ័យប្រវត្តិ រួម​ទាំង​រថយន្ត​គ្មាន​​​កាប៊ីន​។

ការ​ធ្វើតេស្ត​កំពុង​ធ្វើ​ឡើង​នៅ​ឯ​កន្លែង​ជីក​យក​ថ្ម​ Vikan Kross របស់​ក្រុមហ៊ុន Skanska ក្បែរ​ទីក្រុង Gothenburg ដែល​នឹង​ប្ដូរ​​ទៅ​ប្រើ​ម៉ាស៊ីន​ស្វ័យ​បើកបរ​ Volvo ក្នុងរយៈពេល១០​សប្ដាហ៍​ខាងមុខ។ ប្រសិន​​គ្រប់យ៉ាង​​​ដំណើរការ​តាម​​ផែនការ ការ​ជីក​យក​ថ្ម​អគ្គិសនី​​​នេះ​រំពឹង​ថា នឹង​​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន៩៥% និង​ការ​​ចំណាយ​ប្រតិបត្តិការ​សរុប​២៥%។

ការដ្ឋាន​​ថ្ម​នេះ​កំពុង​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​ដោយ​ម៉ាស៊ីន Volvo ចំនួន៣គ្រឿង គឺ​ម៉ាស៊ីន​ដឹក​​កូនកាត់ LX1 រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាមពល​អាគុយ HX2 ដែល​​គ្មាន​សូម្បី​តែ​កាប៊ីន និង​ម៉ាស៊ីន​ប្រមូល​ថ្ម​ EX1។ ម៉ាស៊ីន​ទាំង​បី​ប្រភេទ​ត្រូវ​បាន​គ្រប់គ្រង​ ដោយ​ប្រព័ន្ធ​​​សូហ្វ័រ​​​​។ ជាមួយ​គ្នា​នេះ ពួកគេ​បាន​ធ្វើ​ឱ្យ​​ការ​ដឹក​ជញ្ជូន​ពី​​កន្លែង​យក​ថ្ម​ជា​ដំណាក់កាល ពី​ការ​ជីក​យក​​​ទៅ​កាន់​​កន្លែង​កិន​បំបែក​បឋម ការ​ដឹកជញ្ជូន និង​ការ​កិន​បំបែក​លើក​ទី​ពីរ។

លោក Uwe Muller ជា​ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន Volvo មាន​ប្រសាសន៍​ថា “យើង​បាន​ធ្វើ​ការងារ​នេះ​យូរ​មក​ហើយ និង​មាន​​រឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​រួមគ្នា ដើម្បី​​​ឱ្យ​វា​ដំណើរការ។ ខ្ញុំ​ជឿជាក់​លើ​គំនិត​នេះ ព្រោះ​វា​​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ ហើយ​​ជា​វិធី​ឆ្ពោះ​ទៅ​អនាគត”។

ក្រុមហ៊ុន Volvo បាន​ចំណាយ​ពេល​អស់៣ឆ្នាំ ក្នុង​ការ​បង្កើត​​យានយន្ត​ ដើម្បី​​ជីក​យក​ថ្ម ​និង​ដឹក​ជញ្ជូន ​ប៉ុន្តែ​​​លើក​​ដំបូង​​ហើយ ដែល​គំនិត​នេះ​ត្រូវ​បាន​​​យក​មក​អនុវត្ត​ជាក់ស្ដែង​នៅ​លើ​ការដ្ឋាន​​មួយ ហើយ​​បើ​​​បាន​ជោគជ័យ​ វា​​​នឹង​​​ផ្លាស់ប្ដូរ​ប្រសិទ្ធ​ផល សុវត្ថិភាព និង​ផល​ប៉ះពាល់​បរិស្ថាន​​​យ៉ាង​ច្រើន​ សម្រាប់​​​ការដ្ឋាន​វាយ​​យក​ថ្ម​នៅ​ជុំវិញ​ពិភពលោក។

យោង​តាម​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍ ការ​​វាយ​យក​ថ្ម​​នៅ​កម្ពុជា ទោះបីជា​​វា​មាន​សារសំខាន់​ដល់​សេដ្ឋកិច្ច​ និង​ការ​រីកចម្រើន​វិស័យ​សំណង់ ​ក៏​កំពុង​បង្ក​ជា​ហានិភ័យ​ជាច្រើន​ដូចជា គ្រោះ​ថ្នាក់​ចំពោះ​កម្មករ ការ​រំខាន​នៃ​ការ​វាយ​ថ្ម​នៅ​លើ​ដី​កសិកម្ម ធូលី​ហុយ សំឡេង​រំខាន សារធាតុ​គីមី​ប៉ះពាល់​ដល់​ប្រភព​ទឹក​ក្នុង​តំបន់ និង​ការ​គំរាមកំហែង​ដល់​ជីវចម្រុះ​ជាដើម។​

អំពី Dara Hon