រហាត់​ខ្ពស់​បំផុត​​លើ​​លោក​​គ្រោង​សាងសង់នៅអង់គ្លេស​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / រហាត់​ខ្ពស់​បំផុត​​លើ​​លោក​​គ្រោង​សាងសង់នៅអង់គ្លេស​

រហាត់​ខ្ពស់​បំផុត​​លើ​​លោក​​គ្រោង​សាងសង់នៅអង់គ្លេស​

យោង​តាម​គេហទំព័រ Global Construction Review រហាត់​មើល​ទេសភាព​កម្ពស់ ១៤០ម៉ែត្រ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Whey Aye នឹង​ត្រូវ​សាងសង់​នៅ Newcastle Quayside ភាគ​ឦសាន​ប្រទេស​អង់គ្លេស។

រហាត់​មើល​ទេសភាព​យក្ស “The Whey Aye” ខ្ពស់​ជាង​រហាត់​ London Eye ៥ម៉ែត្រ និង​​ខ្ពស់​ជាង​គេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប ហើយ​វា​នឹង​នាំ​មក​នូវ​​​កន្លែង​ចំណីអាហារ​ និង​ភេសជ្ជៈ​ថ្មី​មួយ សម្រាប់​ទីក្រុង Newcastle។ ក្រុមហ៊ុន​​អភិវឌ្ឍន៍​ World Wheel ដែល​​​មាន​មូលដ្ឋាន​នៅ​ហុងកុង​មួយ​នេះ បាន​និយាយ​ថា គម្រោងនេះ​​​នឹង​ចំណាយថវិកា​​រហូតដល់១០០លាន​ផោន (១៣០លានដុល្លារ) ក្នុងការ​បណ្ដាក់​ទុន​នៅ​ក្នុង​ទីក្រុង និង​បង្កើត​ការងារ​រហូត​ដល់៥៥០កន្លែង ហើយ​នឹង​ប្រើ​ពេល​​ពេល១៨ ទៅ២៤ខែ ដើម្បី​បញ្ចប់។

លោក Nigel Hartley ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Wheel Wheel បាន​មាន​ប្រសាសន៍​ថា “ការអភិវឌ្ឍន៍​របស់​យើង​នឹង​ធ្វើ​ឲ្យ​​កេរ្តិ៍ឈ្មោះ​​របស់​ទីក្រុង Newcastle កាន់តែ​រន្ទឺ​ទូទាំង​ពិភពលោក ជា​ទីក្រុង​ស្វាហាប់ រីកចម្រើន និង​ស្វាគមន៍ ដែល​​ជួយ​ផ្ដល់​ជូន​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​មួយ​នៅ​​អឺរ៉ុប។ “យើង​​កំពុង​​រង់ចាំ​​​បង្ហាញ​សំណើរ​ពេញលេញ​មួយ ទៅ​ក្រុមប្រឹក្សា​​ក្រុង Newcastle នា​ចុង​ឆ្នាំ​នេះ”។

វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍ ““Giants on the Quayside” ​ដែលមាន​ទំហំ ៣២.០០០ម៉ែត្រ​ការ៉េ របស់​ Newcastle Upon Tyne ដែល​​នឹង​​​មាន​មនុស្ស​ដែក​កម្ពស់១២ម៉ែត្រ​​មួយ ហៅថា Geordie Giant មជ្ឈមណ្ឌល​កម្សាន្ត​បែប​គ្រួសារ​មួយ កន្លែង​កីឡា​កម្សាន្ត​មួយ ដោយ​មាន​​ក្លឹប​វាយ​កូន​ហ្គោល​និមិត្ត ទីលាន​កីឡា​បាល់ទាត់​ប្រាំ​កន្លែង និង​ទីលាន​វាយ​តិន្នីស និង​អេក្រង់​អេឡិចត្រូនិក LED ទំហំ៧០០ ម៉ែត្រ​ការ៉េ នៅ​ផ្នែក​ខាងមុខ​ នៃ​មជ្ឈមណ្ឌល​អ្នកទស្សនា។

ផែនការ​លម្អិត​ទាក់ទង​ទៅ​នឹង​រហាត់​មើល​ទេសភាព​ និង​គម្រោង​​អភិវឌ្ឍន៍ Giants on the Quayside គ្រោង​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ក្រុង Newcastle នា​ចុង​ឆ្នាំ​នេះ។ បច្ចុប្បន្ន​នេះ រហាត់​​ធំ​បំផុត​កំពុង​ត្រូវ​បាន​​សាងសង់ នៅ​ឌូបៃ ដែល​មាន​កម្ពស់​២១០ម៉ែត្រ និង​រហាត់​ខ្ពស់​បំផុត​​ក្នុង​លោក ​មាន​កម្ពស់​២២០ម៉ែត្រ​ពី​ដី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

អំពី Dara Hon