ភ្នំពេញគួរពិចារណាប្រើប្រាស់ឥដ្ឋបង្ការទឹកជំនន់នេះ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / វិស្វកម្ម / បច្ចេកវិទ្យាសំណង់ / ភ្នំពេញគួរពិចារណាប្រើប្រាស់ឥដ្ឋបង្ការទឹកជំនន់នេះ

ភ្នំពេញគួរពិចារណាប្រើប្រាស់ឥដ្ឋបង្ការទឹកជំនន់នេះ

ដោយ​ឈរ​​លើ​គោលការណ៍​បរិស្ថាន​មេត្រី ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដាណឺម៉ាក Tredje Natur បាន​បង្កើត​ប្រព័ន្ធ​​ក្រាល​​ផ្លូវ​ម្យ៉ាង ​នៅ​ទីក្រុង Copenhagen ប្រទេស​ដាណឺម៉ាក ដើម្បី​កាត់​បន្ថយ​ទឹកជំនន់​តាម​ដង​ផ្លូវ និង​បង្កើត​ជា​កន្លែង​បៃតង​មួយ។

យោង​តាម​គេហទំព័រ Dezeen វា​មាន​ឈ្មោះ​ថា The Climate Tile (ឥដ្ឋបរិស្ថាន) ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០១៤ ដោយ​មាន​រន្ធ​តូចៗ អាច​ស្រូប ​និង​គ្រប់គ្រង​ទឹក ត្រូវ​​បាន​ក្រាល​នៅ​​សង្កាត់ Nørrebro នៃ​ទីក្រុង Copenhagen ​លើ​ផ្លូវ​ប្រវែង​៥០ម៉ែត្រ។

ប្រព័ន្ធ​ក្រាល​ផ្លូវ​​ថ្មី​នេះ​បាន​ផ្លាស់ប្ដូរ​ទីលាន​ផ្លូវ​ពណ៌ប្រផេះ ទៅ​ជា​​ពណ៌​បៃតង ​ដែល​មាន​ដើម​ឈើ និង​ដំណាំ​ផ្សេងៗ​ទៀត នេះ​បើ​យោង​តាម​វិស្វករ។ វា​នឹងជួយ​បំបាត់​​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ ក៏​ដូច​ជា​ទប់ស្កាត់​កុំ​ឲ្យ​​ទឹក​ជំនន់​​​ឡើង​លឿន​ពេក ដោយ​ការ​បឺត​យក​ទឹកភ្លៀង។ វា​គឺ​ជា​ប្រព័ន្ធ​សម្រប​​​តាម​អាកាសធាតុ និង​ក៏​ជា​ដំណោះស្រាយ​មួយ​​បង្កើត​គុណ​តម្លៃ​សម្រាប់​ទីក្រុងផងដែរ។

អ្នកគ្រប់គ្រង​គម្រោង លោក Jan Rasmussen មក​ពី​មជ្ឈមណ្ឌល​​សម្របសម្រួល​​បម្រែបម្រួល​អាកាសធាតុ នៃ​ទីក្រុង Copenhagen បាន​និយាយ​ថា “ឥដ្ឋ​បរិស្ថាន​នេះ បង្ហាញ​នូវ​វិធីសាស្ត្រ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​​ ក្នុង​ការសម្រប​​ជាមួយ​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ទីក្រុង ដែល​បញ្ហា​​ទាំងពីរ​​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​​អាច​វាស់វែង​បាន។

លោក​បាន​បន្ថែ​ថា “យើង​កំពុង​សម្លឹង​មើល​ក្នុង​ការ​ប្រើប្រាស់​ឥដ្ឋ​​បរិស្ថាន​នេះ ថាតើ​វា​អាច​ដើរតួ​យ៉ាង​ដូចម្ដេច​នៅ​ក្នុង​ការ​សម្របសម្រួល​អាកាសធាតុ​របស់​ទីក្រុង និង​ប្រតិកម្ម​របស់​ប្រជាជន”។

ឥដ្ឋ​អាកាសធាតុ​នេះ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង ដែល​​​​មាន​បញ្ហា​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង។ វា​ដើរតួ​ជា​​ប្រព័ន្ធ​បង្ហូរទឹក​បន្ថែម បន្ថយ​ភាព​តាន​តឹង​លើ​លូ​ទឹក​ដែល​មាន​ស្រាប់។ ទឹក​ដែល​​ជ្រាប​ចូល​ទៅ​ក្នុង​ក្រឡា​ឥដ្ឋ​ បាន​នាំ​ឆ្ពោះ​ទៅ​​​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ក្រោម​ដី។ វា​​អាច​ផ្ទុក ពន្យារ​ និង​បង្វែរ​ទឹក​​មក​​វិញ ប្រសិនបើ​​ត្រូវ​ការ​ចម្រោះ​សិន។

បន្ទាប់ពី​គម្រោង​សាកល្បង​នៅ​ទីក្រុង Copenhagen ក្រុមហ៊ុន Tredje Natur គ្រោង​នឹង​ផលិត​ឥដ្ឋ​បរិស្ថាន​នេះ ជាមួយ​នឹង​អ្នក​ជំនាញ​បេតុង IBF នៃ​ប្រទេស​ដាណឺម៉ាក និង​ធ្វើ​ឱ្យ​​មាន​លក់​​នៅ​តាម​​ទីផ្សារ ជាមួយ​នឹង​កំណែ​ថ្មីៗ​បន្ថែម​ទៀត។

អំពី Dara Hon