រថភ្លើងស៊េរីទំនើប ៣ គ្រឿងនឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / រថភ្លើងស៊េរីទំនើប ៣ គ្រឿងនឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះ
ជាមួយនឹងរថភ្លើងទំនើប៣គ្រឿននេះ ការធ្វើដំណើររវាង ស្ថានីយ៍យស្ម័យាន និង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងកាត់បន្ថយមកនៅត្រឹម...

រថភ្លើងស៊េរីទំនើប ៣ គ្រឿងនឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះ

រថភ្លើងស៊េរីទំនើបចំនួន ៣ គ្រឿង ដែលនឹងជួយលើកកម្ពស់សេវាដឹកជញ្ជូនអ្នកដំណើរ នៅតាមផ្លូវដែកទូទាំងប្រទេស នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនរ៉ូយាល់រេលវេ (ROYAL RAILWAY) ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវដែកនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ថា រថភ្លើងស៊េរីទំនើបដែល​ដើរ​ដោយ​ថាមពល​ប្រេង​ម៉ាស៊ូត​ទាំង​៣គ្រឿង ដែលតម្លើងនៅប្រទេសម៉ិកស៊ីកូ កំពុងរង់ចាំការដឹកជញ្ជូនមកកាន់កម្ពុជា ដែលនឹងមកដល់នៅចុងខែវិច្ឆិកានេះ។

រថភ្លើងស៊េរីថ្មីនេះមានលក្ខណៈពិសេសដូចជា៖

  • ក្បាលម៉ាស៊ីនមានមុខ២៖ នៅខាងមុខមួយ និងខាងក្រោយមួយ
  • រថភើ្លងចំណាយពេលត្រឹមតែ ២៥ នាទីប៉ុណ្ណោះពីស្ថានីយទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
  • មានកៅអី ដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្តអ្នកជិះបាន
  • មាន Wi-Fi ប្រើប្រាស់ដោយឥតគិតថ្លៃ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ
  • បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើ

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន រថភ្លើងទាំងបីគ្រឿងនេះ នឹងដាក់ឲ្យប្រតិបតិ្តការដឹកអ្នកដំណើរលើផ្លូវដែកទាំងបីខ្សែរនៅទូទាំងប្រទេសតែម្តង ដែលរួមមាន៖ ខ្សែរព្រលានយន្តហោះ ខ្សែរភាគខាងត្បូងទៅខេត្តព្រះស៊ីហនុ និង​ ខ្សែរភាគខាងជើងទៅកាន់ក្រុងប៉ោយប៉ែត។

ការនាំចូលរថភ្លើងទំនើបទាំងបីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរងការរិះគន់ពីសាធារណៈជន ថារថភ្លើងដែលត្រូវដាក់ឲ្យដំណើរការរវាង ស្ថានីយ៍នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ​កាលពីខែមេសានេះ ជាប្រភេទរថភ្លើងចាស់ ហើយរត់យឺត។ ក្រុមហ៊ុន រូយ៉ាល់ រេលវេ និង​ក្រសួង សាធារណៈការ និង ដឹកជញ្ជូន ធ្លាប់បានប្រកាសថា នឹងនាំចូលរថភ្លើងទំនើបទាំង៣នេះ នៅខែមិថុនាឆ្នាំនេះ ក្រោយមកបានពន្យាររហូតដល់ខែកញ្ញា និង បន្តពន្យាររហូតមកដល់ចុងខែវិច្ឆិកានេះវិញ។

ជាមួយនឹងរថភ្លើងថ្មីនេះ​ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើដំណើររវាង ស្ថានីយ៍​យ​ស្ម័​យាន​រាជធានី​ភ្នំពេញ​ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹងកាត់បន្ថយពីប្រហែល៣០នាទី មកនៅត្រឹម ២២-២៥នាទីវិញ ខណៈការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តព្រះស៊ីហនុ អាចចំណាយពេលតិចជាង ៧-៩ម៉ោង ផងដែរ។

ឆ្លើយតបទៅនឹងការរិះគន់ថា រទេះភ្លើងនៅកម្ពុជាមានល្បឿនយឺតដែលអាចរត់បានត្រឹម ៤០ ទៅ ៥០គម ក្នុងមួយម៉ោង​ប៉ុណ្ណោះ ក្រុមហ៊ុន រូយ៉ាល់ រេលវេ បានថ្លែងបញ្ជាក់តាមទំព័រហ្វេសប៊ុកថា  ផ្លូវរថភ្លើងដែលក្រុមហ៊ុនបានស្ថាបនាឡើងមានលទ្ធភាពអាច ឲ្យរថភ្លើងរត់ក្នុងល្បឿនប្រហែល ១០០គមក្នុងមួយម៉ោងបាន ជាពិសេសនៅខ្សែរភាគខាងត្បូងនៃប្រទេសទៅកាន់ខេត្តព្រះស៊ីហនុ ប៉ុន្តែការរស់នៅ និង ការធ្វើដំណើរឆ្លងកាត់ តាមបណ្តោយផ្លូវរថភ្លើងរបស់ប្រជាជនដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ ជាហេតុបណ្តាលឲ្យរថភ្លើងមិនអាចរត់លឿនបាន។

យោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមខែកក្កដា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្លូវដែកចំនួន ៣ខ្សែគឺ៖

១. ផ្លូវដែកទិសនិរតី (ភ្នំពេញ-ព្រះសីហនុ) : មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានបើកដំណើរការកាលពីដើមខែមេសា ឆ្នាំ២០១៦។

២. ផ្លូវដែក ស្ថានីយ៍ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ : មានប្រវែងសរុប ១០ គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការ កាលពីដើមខែមេសា ឆ្នាំ២០១៨។

៣. ផ្លូវដែកទិសពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត) : មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការ កាលពីដើមខែកក្កដា ឆ្នាំ២០១៨។

ក្រៅពីផ្លូវរថភ្លើងទាំង ៣ ខ្សែនេះ រដ្ឋាភិបាលក៏មានគម្រោងស្ថាបនារថភ្លើងលើអាកាសដូចប្រទេសជប៉ុនថែមទៀត ដោយ​មាន​ចំនួន ៤ ខ្សែ រត់​កាត់​ក្នុង​ទីក្រុង ដែលនឹងត្រូវចំណាយថវិកាប្រមាណ ៨០០ លានដុល្លារអាមេរិច ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ បញ្ហាស្ទះចរាចរណ៍ និង បញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

យោងតាមក្រសួង​សាធារណការ និង​ដឹកជញ្ជូន រាជ​រដ្ឋាភិបាល​កម្ពុជា ​មាន​គម្រោង​ជាច្រើន​ទៀត ក្នុង​ការ​ធ្វើ​ទំនើបកម្ម​លើ​ផ្លូវ​ដែកនៅកម្ពុជា ដែលគម្រោង​ទាំងនោះ​មាន​ដូចជា៖

  • ការ​សាងសង់​និង​ជួសជុល​ស្ថានីយ៍​រថភ្លើង​ព្រមទាំង​បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​ផ្លូវដែក​ពី​ភ្នំពេញ-ប៉ោយប៉ែត
  • ការ​សាងសង់​ទីលាន​កុងតឺន័រ​ផ្លូវដែក​នៅ​ស្ទឹងបត់
  • ការសិក្សា​ដើម្បី​រៀបចំ​ឲ្យ​មាន​រថភ្លើង​លើ​អាកាស​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នៅក្នុង​រាជធានី​ភ្នំពេញ
  • ការ​តភ្ជាប់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី
  • ការ​តភ្ជាប់ផ្លូវ​ដែក​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដូចជា​ ពី​ស្ថានីយ​ទូកមាស​ទៅ​រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង និង​ពី​ស្ថានីយ​វាលរេញ​ ទៅ​កំពង់ផែ​កែវផុស
  • ការ​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​ផ្លូវ​ដែក​ភាគខាងជើង​ភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង ២៤៨​គីឡូម៉ែត្រ
  • ការ​ជំរុញ​ឱ្យមាន​ការ​វិនិយោគ​ផ្លូវដែក​ពី​ភ្នំពេញ-សៀមរាប-សិរីសោភ័ណ
  • និង​ការ​ជំរុញ​ឱ្យមាន​ការ​វិនិយោគ​ផ្លូវដែក តភ្ជាប់​ទៅ​ប្រទេស​វៀតណាម។

 

អំពី ម៉ី ស្រីលុច្ស

អតិថិជនរបស់យើង

ដៃគូរបស់យើង