រថភ្លើង​​អ៊ីដ្រូហ្សែន​ដាក់​ឲ្យ​ដំណើរការ​​ដំបូង​ក្នុង​លោក​​​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គ្រឿងចក្រ / គ្រឿងចក្រសំណង់ / រថភ្លើង​​អ៊ីដ្រូហ្សែន​ដាក់​ឲ្យ​ដំណើរការ​​ដំបូង​ក្នុង​លោក​​​
រថភ្លើង Coradia iLint ប្រើប្រាស់​កោសិកា​ឥន្ធនៈ ដែល​បម្លែង​​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ឲ្យ​ទៅ​ជា​ចរន្តអគ្គិសនី ហើយ​អាច​​រត់​បាន​រហូត​ដល់​ទៅ១៤០គមក្នុងមួយម៉ោង។

រថភ្លើង​​អ៊ីដ្រូហ្សែន​ដាក់​ឲ្យ​ដំណើរការ​​ដំបូង​ក្នុង​លោក​​​

រថភ្លើង Coradia iLint របស់​ក្រុមហ៊ុន Alstom ប្រើប្រាស់​កោសិកា​ឥន្ធនៈ ដែល​បម្លែង​​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ឲ្យ​ទៅ​ជា​ចរន្តអគ្គិសនី ហើយ​អាច​​រត់​បាន​រហូត​ដល់​ទៅ១៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ការ​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​​ដើរ​​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​ដំបូង​បង្អស់​របស់​ពិភពលោក​​ ដែល​ជា​ដំណើរការ​​បម្លែង​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ទៅ​ជា​ចរន្តអគ្គិសនី របស់​ប្រទេស​អាល្លឺម៉ង់​នេះ ​​កំពុង​​ជំរុញ​ឲ្យ​ឱ្យ​មាន​សន្ទុះ​​​​ប្រឆាំង​​នឹង​ការ​បំភាយ​​​​ឧស្ម័ន​​ផ្ទះកញ្ចក់ជាសកល។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Agence France Press ម៉ូដែល​រថភ្លើង​​ពណ៌ខៀវ​ភ្លឺ​ទាំង​ពីរ​គ្រឿង​នេះ​​មាន​​សំឡេង​រំខាន​កម្រិត​ទាប និង​គ្មាន​ការ​បំភាយ​ឧស្ម័ន ដែល​​​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេវាកម្ម​ពាណិជ្ជកម្ម នៅ​រដ្ឋ Lower Saxony ប្រទេស​អាល្លឺម៉ង់ នៅ​ដើម​ខែ​កញ្ញានេះ។ រថភ្លើង​ទាំងពីរ​​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថភ្លើង​អឺុរ៉ុប ​និង​បារាំង TGV-maker Alstom ជាមួយ​នឹង​​បច្ចេកវិទ្យា​បរិស្ថាន​មេត្រី ដែល​អាច​ធ្វើ​ដំណើរ​បាន​រហូត​ដល់​ទៅ១៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

យោង​តាម​អគ្គនាយក​ក្រុមហ៊ុន Alstom លោក Henri Poupart-Lafarge បាន​ថ្លែង​ឲ្យ​ដឹង​​​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង Bremervoerde ​ជា​ស្ថានីយ​ដែល​រថភ្លើង​នេះ​​​​ឈប់​ចាក់​​អ៊ីដ្រូសែន ថា គំនិត​ច្នៃប្រឌិត​ថ្មី​​​នេះ​បាន​មក​ពី​ក្រុម​​ស្រាវជ្រាវ​បារាំង​អាល្លឺម៉ង់ ដែល​​បាន​ត្រៀម​ខ្លួន​រួចហើយ​​​​សម្រាប់​​ការ​ផលិត​សេរី​​ថ្មី​​​​ទៀត។

 

 

ក្រុមហ៊ុន​ Alstom បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​នឹង​ផ្ដល់​នូវ​​រថភ្លើង​​ថាមពល​ស្អាត​​ចំនួន១៤សេរី​ទៀត​ទៅ​រដ្ឋ Lower Saxony នៅ​ត្រឹម​ឆ្នាំ២០២១ ខណៈ​ដែល​រដ្ឋ​អាល្លឺម៉ង់​ផ្សេងទៀត និង​បណ្តា​ប្រទេស​ដទៃ​ ដូចជា​ចក្រភពអង់គ្លេស ហុឡង់ដ៍ ដាណឺម៉ាក ន័រវែស អ៊ីតាលី កាណាដា និង​បារាំង ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​​​ និង​​​​កំពុង​សម្លឹង​មើល​រថភ្លើង​អ៊ីដ្រូហ្សែន​នេះ​ផង​ដែរ។

រថភ្លើង​ប្រើ​អ៊ីដ្រូហ្សែន​ទាំងនេះ​ត្រូវ​បាន​បំពាក់​ដោយ​កោសិកា​ឥន្ធនៈ ដែល​ផលិត​ថាមពល​អគ្គិសនី តាមរយៈ​ការ​បញ្ចូល​គ្នា រវាង​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ​ជា​ដំណើរការ​មួយ​​ប្រើប្រាស់​ចំហាយ​ទឹក។ ថាមពល​​​ ត្រូវ​​បាន​​ស្តុក​ទុក​នៅ​ក្នុង​អាគុយ​​នៅ​លើ​រថភ្លើង។ បច្ចេកវិទ្យា​នេះ​​ត្រូវ​បាន​គេ​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​រថយន្ត ជំនួស​ឱ្យ​បច្ចេកវិទ្យា​ប្រេង​សាំង​​ធម្មតា​មួយ។

គំនិត​ផ្ដួចផ្ដើម​នេះ​​​បាន​ទទួល​ការ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ពី​​គណៈកម្មការ​អឺុរ៉ុប ដែល​បាន​ពណ៌នា​អ៊ីដ្រូហ្សែន​​ថា ជា​ប្រភេទ​ថាមពល​មួយ​​មាន​សក្ដានុពល​ដ៏​អស្ចារ្យ សម្រាប់​ថាមពល​ស្អាត និង​មាន​ប្រសិទ្ធភាព ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​​សាធារណៈ។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង