Starbucks រចនាប្លង់ហាងកាហ្វេ​​​កុងតឺន័រដំបូងរបស់ខ្លួននៅតៃវ៉ាន់ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / ឌីហ្សាញ / Starbucks រចនាប្លង់ហាងកាហ្វេ​​​កុងតឺន័រដំបូងរបស់ខ្លួននៅតៃវ៉ាន់

Starbucks រចនាប្លង់ហាងកាហ្វេ​​​កុងតឺន័រដំបូងរបស់ខ្លួននៅតៃវ៉ាន់

ស្ថាបត្យករ​ជប៉ុន លោក Kengo Kuma បាន​បង្កើត​ហាង​កាហ្វេ​មួយ​នៅ​​តៃវ៉ាន់​ មាន​ឈ្មោះ​ថា ហាង​កាហ្វេ Starbucks ដែល​បាន​បង្កើត​ឡើង​​ពី​​កុងតឺន័រ​ពណ៌សចំនួន២៩ធុង បាន​កំពុង​ក្លាយ​ជា​​​​​​ហាង​​កាហ្វេ​ដ៏​ទាក់ទាញ​ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​មួយ។ 

យោង​តាម​គេហទំព័រ Global Construction Review សំណង់​នេះ​មាន​កម្ពស់​ពីរ​ជាន់ ទំហំ៣២០ម៉ែត្រ​ការ៉េ ដែល​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ នៃ​​ផ្សារ Hualien Bay Mall នាពេល​ខាង​មុខ នៅ​លើ​ឆ្នេរ​កោះ​ភាគ​ខាង​លិច​តៃវ៉ាន់។ រចនាសម្ព័ន្ធ​នៃ​ហាង​កាហ្វេ​​មួយ​នេះ ត្រូវ​បាន​​ផុស​គំនិត​ចេញពី​​ដើម​​កាហ្វេ រួម​បញ្ចូល​​គ្នា​ជាមួយ​នឹង​​ប៉ម​ប្រសាទ ” Duo Gong” ដែល​​ជា​ទម្រង់​​ស្ថាបត្យកម្ម​ប្រពៃណី​ចិន​ម្យ៉ាង។ ផ្ទៃ​ខាង​ក្នុង​​របស់​​ហាង​​មាន​ពណ៌​ស​ភ្លឺ​ចាំង ជាមួយ​នឹង​​គំនូរ​លើ​ជញ្ជាំង និង​​មាន​បង្អួច​ទោល​មួយ​ដែល​អាច​ឲ្យ​មាន​ពន្លឺ​ធម្មជាតិ​​ចេញចូល​អគារ​​ផ្ដល់​នូវ​បរិយាកាស​ដ៏​​ផាសុក​​​សម្រាប់​ភ្ញៀវ។

ហាង​​កាហ្វេ​មួយ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ជាមួយ​​​​ហាង​កាហ្វេ​​ចំនួន៤៥កន្លែង​ផ្សេងទៀត ដែល​ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រុមហ៊ុន Starbucks ហើយ​វា​ជា​​ទីកន្លែង​ដំបូង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ​ដែល​​បង្កើត​ឡើង​ពី​ធុង​កុងតឺន័រ​បែប​នេះ​​។ ការ​ប្រើប្រាស់​ធុង​កុងតឺន័រ​​បាន​កំពុង​ក្លាយ​ជា​និន្នាការ​ស្ថាបត្យកម្ម​ដ៏​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន ជាពិសេស​នៅ​អាស៊ី ដែល​គូស​បញ្ជាក់​អំពី​សារសំខាន់ នៃ​ការ​កាត់បន្ថយ និង​ការកែច្នៃ​ឡើងវិញ​នូវ​កាក​សំណល់ និង​សម្ភារៈ​។

ជាក់ស្ដែង​​​នៅ​​កម្ពុជា​​បាន​កំពុង​​​កើន​ឡើង​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​​ផ្សារ​រាត្រី​កុងតឺន័រ​ដំបូង​​ដែលមាន​ទីតាំង​នៅ​ចន្លោះ​អគារ​ប៊ូឌីញ ​ទល់មុខ​អគារ​រដ្ឋសភា​ជាតិ ខាងក្រោយ​ភោជនីយដ្ឋាន Jet Plus ក៏​ឃើញ​​មាន​ផ្សារ​កុងតឺន័រ​២០៤០ ជា​ផ្សារ​កុងតឺន័រ​ធំ​ជាង​គេ​បំផុត​ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​​កែង​រវាង​សុធារស​ និង​ផ្លូវ​ចាក់​ទៅ​ស្ពាន​ឥន្ទធនូ​កោះ​ពេជ្រ ក្រោយ​អាគារ Rose Condo និង​ផ្សារ​រាត្រី​កុងតឺន័រ ផាម ណាយ ម៉ាឃីត និង​ផ្សារ​កុងតឺន័រ Box Ville ដែល​ស្ថិត​នៅ​ខេត្ត​សៀមរាប។

 

អំពី Dara Hon