Kingsmen ក្រុមហ៊ុនឌីហ្សាញលំដាប់ពិភពលោក ចូលមកកម្ពុជា – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / Kingsmen ក្រុមហ៊ុនឌីហ្សាញលំដាប់ពិភពលោក ចូលមកកម្ពុជា

Kingsmen ក្រុមហ៊ុនឌីហ្សាញលំដាប់ពិភពលោក ចូលមកកម្ពុជា

“មិនត្រឹមតែមករកផលចំណេញនោះទេ ប៉ុន្តែក៏មកចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការឌីហ្សាញនៅកម្ពុជាផងដែរ” នេះគឺជាគោលគំនិតរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Kingsmen ដែលបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជានៅឆ្នាំនេះ។

Kingsmen ជាឈ្មោះស្លាកយីហោក្រុមហ៊ុនឌីហ្សាញ សាងសង់ និងផលិតកម្មឈានមុខគេលំដាប់ពិភពលោកមួយ ដែលមានមូលដ្ឋានធំនៅប្រទេសសឹង្ហបុរី ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦។ សព្វថ្ងៃនេះ Kingsmen Group មានបណ្តាញយុទ្ធសាស្រ្ត និងសាខាចំនួន ២១​ការិយាល័យ សម្រាប់បម្រើអតិថិជននៅជុំវិញសកលលោក។

បន្ទាប់ពីមាន​កិត្តិសព្ទល្បីល្បាញនៅសឹង្ហបុរី និង ទូទាំងពិភពលោកជាង៥០ឆ្នាំមកហើយ Kingsmen បានសម្រេចចិត្តចូលមកក្នុងប្រទេស​កម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ហើយបានសម្ភោធក្រុមហ៊ុនជាផ្លូវការ នៅខែ ឧសភានេះ ដោយមានឈ្មោះថា Kingsmen C.M.I.T (CAmbodia) Co., Ltd ដែលជាការិយាល័យមួយតំណាងពីប្រទេសថៃ។

លោក វិស៊ូទ នូសុង (Visout Nousong) អ្នកគ្រប់គ្រងជាន់ខ្ពស់ ជនជាតិថៃ ដែលតំណាងការិយាល័យ Kingsmen នៅកម្ពុជា បានប្រាប់គេហទំព័រព័ត៍មាន KHB Media នៅក្នុងកិច្ចសម្ភាសន៍មួយថា ការចូលមកកាន់ទីផ្សារកម្ពុជា ដោយសារថ្នាក់ដឹកនាំធំៗ របស់ក្រុមហ៊ុន មើលឃើញនូវការអភិវឌ្ឍយ៉ាងគំហុកលើវិស័យសំណង់នៅកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ មួយវិញទៀត ជាយុត្តិសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ដែលមានគោលដៅរយៈពេល ២ឆ្នាំ ក្នុងការទទួលបានចំណាត់ថ្នាក់ល្អមួយ ដើម្បីឈរជើងក្នុងវិស័យសំណង់នៅកម្ពុជា។

លោកលើកឡើងថា៖ «​យើងមើលឃើញពីឳកាសដ៏ធំមួយនៅកម្ពុជា ជាពិសេសលើវិស័យសាងសង់ ដោយសារតែមានកំនើនការវិនិយោគបរទេសលើគម្រោងសាងសង់ជាច្រើន ដូចជា អគារការិយាល័យ ផ្សារទំនើប អគារពហុប្រើប្រាស់ វិស័យបដិសណ្ឋារកិច្ច ជាដើម។ ក្រៅពីវិស័យសាងសង់ យើងក៏មើលឃើញពីឳកាសលើវិស័យតាំងពិព័រណ៍ និង ការរៀបចំព្រឹតិ្តការណ៍ ផងដែរ»។

បន្ថែមលើសពីនេះទៅទៀត អ្នកគ្រប់គ្រងជាន់ខ្ពស់រូបនេះបានបន្តទៀតថា សម្រាប់សេវាកម្មដែលក្រុមហ៊ុន Kingsmen ផ្តល់ជូនអតិថិជននោះគឺជាកញ្ចប់តែម្តង។ មានន័យថាមានទាំងការប្រឹក្សាយោបល់ក្នុងការឌីហ្សាញដោយអ្នកជំនាញដែលមានការច្នៃប្រឌិតខ្ពស់ មានវិស្វករសម្រាប់ការសាងសង់ និងមានផលិតផលវត្ថុធាតុដើមយកពីរោងចក្រផ្ទាល់ខ្លួនផងដែរ។ អតិថិជនចំណាយតែម្តងប៉ុណ្ណោះ ប៉ុន្តែអាចសម្រេចគម្រោងមួយទាំងមូលបាន ដោយមិនចាំបាច់ស្វែងរកក្រុមហ៊ុនផ្សេងៗគ្នានោះទេ។

ចំពោះវិស័យរចនាម៉ូត ឌីហ្សាញនៅកម្ពុជា លោក វិស៊ូទ នូសុង លើកឡើងថា៖ ​«ការឌីហ្សាញនៅកម្ពុជានៅមានកម្រិតនៅ​ឡើយ ដោយមិនទាន់មានលក្ខណៈស្តង់ដារនោះទេ បើប្រៀបទៅប្រទេសផ្សេងៗដូចជាប្រទេសថៃ»។

លោកសូមផ្តល់ជាគំនិតមួយដល់អ្នកសិក្សា ឬមានអជីពជាអ្នកឌីហ្សាញ គួរសិក្សាឲ្យបានច្រើនថែមទៀតពី ប្រទេសដែលមានការអភិឌ្ឍដើម្បីទទួលបានការច្នៃប្រឌិតដែលថ្មីៗ និងត្រូវយកចិត្តទុកដាក់ក្នុងការរចនាប្លង់នីមួយៗ។

ដោយសារតែលោកធ្លាប់មានបទពិសោធន៍ជួបបញ្ហាក្រោយពេលសាងសង់ ជាដំណោះស្រាយក្រុមហ៊ុនបានប្រើវិធីសាស្រ្តមួយក្នុងការដោះស្រាយបញ្ហា គឺក្រុមហ៊ុនអញ្ជើញ ម្ចាស់គម្រោង អ្នករចនាប្លង់ និងវិស្វករសាងសង់មកប្រជុំរួមគ្នា ដើម្បីសិក្សារកដំណោះស្រាយ ទើបទទួលបានមតិចុងក្រោយមួយយកទៅអនុវត្តន៍ការងារឲ្យទទួលបានភាពជោគជ័យ។

គួរបញ្ជាក់ផងដែរថា នៅកម្ពុជា Kingsmen បាននាំមកជាមួយនូវសេវាកម្មប្រកបដោយការច្នៃប្រឌិតដូចជា៖

Design & Development

ជាមួយនឹងបទពិសោធន៍ខ្ពស់ រួមជាមួយគំនិតច្នៃប្រឌិតថ្មីៗ Kingsmen ផ្តល់សេវាកម្មប្រឹក្សាយោបល់ក្នុងការរៀបចំឌីហ្សាញ​គម្រោង​សាងសង់ តុបតែង សណ្ឋាគារ ភោជនីយដ្ឋាន និងលំនៅដ្ឋានជាដើម។ Kingsmen មានក្រុមអ្នកជំនាញស្ថាបត្យករពីប្រទេសថៃ និងបរទេស ដែលអាចធានាបានលើការឌីហ្សាញប្រកបដោយគុណភាព និង សោភ័ណភាព។

Event management

Kingsmen មានសេវាជាកញ្ចប់តែម្តង ដែលរួមបញ្ចូលទាំងការគ្រប់គ្រងលើកម្មវិធី ឬ ព្រឹត្តិការណ៍ធំៗដូចជា ការតាំងពិព៍រណ៍ រៀបចំសិក្ខាសិលា និងទទួលរៀបចំគ្រប់គ្រងវេទិកាទាំងមូលតែម្តង។ ដោយសម្ភារៈក្នុងការរៀបចំទាំងអស់ ជាសម្ភារៈដែលមានគុណភាព ជាពិសេសស្តង់ដាពីអន្តរជាតិ។

Production

ពេលដែលលោកអ្នកទទួលយកសេវាកម្មពីក្រុមហ៊ុន Kingsmen​ លោកអ្នកអាចកាត់បន្ថយការចំណាយមួយភាគធំទៅលើការ ទិញសម្ភារៈពីខាងក្រៅ ព្រោះក្រុមហ៊ុនក៏មានរោងចក្រផលិតសម្ភារៈសម្រាប់តម្រូវការក្នុងការតុបតែងផងដែរ។ រោងចក្រផលិតកម្ម ដែលមានទំហំ៨ម៉ឺនម៉ែត្រការេ នៅអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ា អាចផ្គត់ផ្គង់តាមតម្រូវការដែលលោកអ្នកចង់បាន។

ក្រៅពីនេះទៀត Kingsmen ក៏នៅមានក្រុមវិស្វករជំនាញសម្រាប់ដំណើរការគម្រោងសាងសង់ផងដែរ។​

ឆ្លើយតបនឹងវត្តមានរបស់ក្រុមហ៊ុនឌីហ្សាញបរទេសចូលមកកាន់ទីផ្សារក្នុងស្រុក លោក តាំង សុចិត្ត វិទូ អនុប្រធាន សមាគមស្ថាប័ត្យករកម្ពុជា (Cambodia Society of Architects) បានប្រាប់កាសែត ខ្មែរថាមស៍ថា Kingsmen អាចនាំមកទាំងឪកាស និង​ ការប្រឈមនៅក្នុងទីផ្សារ។

ខណៈលោកបារម្ភថា ក្រុមហ៊ុនក្នុងស្រុកអាចនឹងបាត់បង់អតិថិជនមូយចំនួនទៅក្រុមហ៊ុនមកពីបរទេសដែលមានជំនាញ និង ស្តង់ដារខ្ពស់ជាង ​លោកក៏ទទួលស្គាល់ថា ការប្រកួតប្រជែងខ្លាំងជាងមុន ក៏បង្កើតឲ្យមានការផ្លាស់ប្តូរចំណេះដឹង និង គំនិតប្រសើរជាងមុន ដែលអាចជួយលើកកម្ពស់សេវាកម្ម និង គុណភាពដែលផ្តល់ជូនដោយស្ថាប័ត្យករ និង​ អ្នកឌីហ្សាញខាងក្នុងផងដែរ។ «សំណាងល្អ យើងមានគោលនយោបាយនានា ដែលអាចការពារអ្នកជំនាញក្នុងស្រុកក្នុងការប្រឈមនឹងក្រុមហ៊ុនធំៗរបស់អន្តរជាតិផងដែរ»។

 

 

អំពី Admin

អតិថិជនរបស់យើង

ដៃគូរបស់យើង