នរានឹងពង្រីកខ្លួនចូលទីផ្សារភ្នំពេញនាចុងឆ្នាំនេះ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / រចនាផ្នែកខាងក្នុង / នរានឹងពង្រីកខ្លួនចូលទីផ្សារភ្នំពេញនាចុងឆ្នាំនេះ

នរានឹងពង្រីកខ្លួនចូលទីផ្សារភ្នំពេញនាចុងឆ្នាំនេះ

នរា​ ត្រូវបានគេស្គាល់ថាជាសិប្បកម្មមួយស្ថិតក្នុងខេត្តសៀមរាប ដែលផលិតនូវសម្ភារៈតាំង​លម្អសម្រាប់ គេហដ្ឋាន សណ្ឋាគារ ខុនដូរ ទាំងមូលដែលរួមមាន៖ ចង្កៀង វាំងនន សាឡុង គ្រឿងឈើ តុ ទូ គ្របសៀវភៅមុឺនុយ ពិសេសគឺចង្កៀង ដែលមិនផ្តល់​ផលប៉ះពាល់ដល់សុខភាពភ្នែករបស់អ្នកប្រើប្រាស់ ហើយសម្ភារៈទាំងនេះសុទ្ធសឹងតែធ្វើឡើងដោយដៃ និង ពីសូត្រខ្មែរដែលជាអត្តសញ្ញាណរបស់ជាតិ។

ចាប់ផ្តើមដំណើរការសិប្បកម្មដោយភាពតស៊ូ អត់ធ្មត់ ជម្នះឧបសគ្គតាំងពីឆ្នាំ ២០១១មក បច្ចុប្បន្ន នរា ត្រូវបានបងប្អូនខ្មែរជាច្រើនឱ្យតម្លៃ គាំទ្រ និង ប្រើប្រាស់ផលិតផលជាច្រើន ដែលសិប្បកម្មនរាបានផលិតចេញមក ដែលសបញ្ជាក់ឱ្យឃើញថា នេះជាភាពជោគជ័យមួយដែលនរាទទួលបាន ក្នុងរយៈពេលជាង ៧ឆ្នាំមកនេះ។

ទន្ទឹមនឹងភាពជោគជ័យលើទីផ្សារខេត្តសៀមរាប សិប្បកម្មនរា កំពុងតែពង្រីកទីផ្សាររបស់ខ្លួនមកកាន់រាជធានីភ្នំពេញ ដែលជាបណ្តុំនៃការអភិវឌ្ឍសំណង់លំនៅដ្ឋាន អគារខុនដូរប្រណិត ដែលមានតម្រូវការចាំបាច់ ក្នុងការរចនាផ្នែកខាងក្នុងនៃសំណង់អគារទាំងមូល។

អ្នកស្រី រី ថានី ដែលជាអ្នកគ្រប់គ្រងទូទៅ នឹងជាម្ចាស់សិប្បកម្មខាងលើ បានថ្លែងប្រាប់ KHB Media តាមទូរស័ព្ទថា សិប្បកម្មរបស់អ្នកស្រីកំពុងតែពង្រីកខ្លួនមកកាន់រាជធានីភ្នំពេញ ហើយគ្រោងនឹងបើកដំណើរការជំហានដំបូងនៃសិប្បកម្មរបស់ខ្លួននាចុងឆ្នាំនេះ។ ដោយត្រូវការទីតាំងផលិត និង ទីតាំងបង្ហាញផលិតផលផង សិប្បកម្មនរានៅក្រុងភ្នំពេញ អាចចំណាយពេល​សាងសង់យូរបន្តិច តែអ្នកស្រីបញ្ជាក់ថា មិនឱ្យហួសឆ្នាំ ២០១៨នេះឡើយ។

មិនត្រឹមតែសម្លឹងឃើញទីផ្សារនៅខេត្តសៀមរាប និង ក្រុងភ្នំពេញតែប៉ុណ្ណោះទេ នៅពេលសាខាក្នុងក្រុងភ្នំពេញបានរៀបចំរួច នរានឹងសិក្សាវាយលុកលើទីផ្សារគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ពិសេសព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មាត់សមុទ្រដ៏ទាក់ទាញ។

នរា មិនត្រឹមតែផ្គត់ផ្គង់ផលិតផលរបស់ខ្លួន សម្រាប់តែសណ្ឋាគារ និង ខុនដូរប៉ុណ្ណោះទេ តាមពិតខ្លួនក៏បានចែកចាយទៅកាន់អ្នកលក់ដុំ លក់រាយ ភោជនីយដ្ឋាន និង កន្លែងស្ប៉ាផងដែរ ដើម្បីឱ្យប្រជាជនបានប្រើប្រាស់ផលិតផលដែលជារបស់កូនខ្មែរពិតៗ។

ចំពោះការផលិតនូវផលិតផលចង្កៀងបំភ្លឺ អ្នកស្រី ថានី បញ្ជាក់ថា ក្នុងមួយខែសិប្បកម្មអ្នកស្រីអាចផលិតបានពី ៣០០ ទៅ ៥០០ចង្កៀង ឬ អាចលើសពីនេះប្រសិនបើមានការបញ្ជាទិញច្រើន។

ក្នុងសិប្បកម្មនរា ត្រូវបានបែងចែកជា ២ផ្នែក គឺផ្នែកផលិត និង ផ្នែកធ្វើគម្រោង។ ផ្នែកធ្វើគម្រោង នឹងផ្តល់ជាសេវាកម្មតម្លើង ថែទាំ ព្រមទាំងពិគ្រោះយោបល់ដោយឥតគិតថ្លៃ មុនពេលភ្ញៀវសម្រេចជ្រើសរើសផលិតផលណាមួយ យកទៅតុបតែផ្ទះរបស់គាត់។

មិនចម្លែកទេ ដែលថ្មីៗនេះ នរាបានចូលរួមការតាំងពិព័រណ៍ផលិតផលរបស់ខ្លួនជាច្រើនលើកច្រើនសារនៅទីក្រុងភ្នំពេញ ដោយហេតុថាដើម្បីជាការអបអរមួយដល់ភាពជោគជ័យលើសិប្បកម្មរបស់ខ្លួន ដែលប្រជាជនខ្មែរបានងាកមកប្រើប្រាស់ផលិតផលដែលបានផលិតដោយកូនខ្មែរ។

សូមរំលឹកថា ន​រានឹងមានការតាំងបង្ហាញផលិតផលរបស់ខ្លួនសារជាថ្មីម្តងទៀតនៅឯផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នាដើមខែកញ្ញានេះ។ ដូច្នេះកុំភ្លេចទៅចូលរួមទាំងអស់គ្នា ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុកយើង៕

រូបភាព៖ Norea Decor Products

អំពី ម៉ី ស្រីលុច្ស